អន្តរាគមន៍​របស់​លោក​អេលីហ៊ូវៈ
៣២
ប្រសាសន៍​របស់​លោក​អេលីហ៊ូវ
១ ដូច្នេះ អ្នក​ទាំង​៣​នោះ​ក៏​លែង​ឆ្លើយ​នឹង​យ៉ូប ពី​ព្រោះ​លោក​រាប់​ខ្លួន​ថា​ជា​សុចរិត​ហើយ ២ នៅ​ខណៈ​នោះ អេលីហ៊ូវ ជា​កូន​បារ៉ាគាល សាសន៍​ប៊ូស ក្នុង​ពូជ​ពង្ស​រ៉ាម​ក៏​កើត​មាន​សេចក្តី​កំហឹង​ឡើង គឺ​គាត់​ខឹង​នឹង​យ៉ូប ដោយ​ព្រោះ​លោក​រាប់​ខ្លួន​ជា​សុចរិត​នៅ​ចំពោះ​ព្រះ ៣ គាត់​ក៏​ខឹង​នឹង​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់​នោះ​ដែរ ពី​ព្រោះ​គេ​បាន​កាត់​ទោស​ដល់​យ៉ូប តែ​រក​ឆ្លើយ​តប​នឹង​លោក​មិន​បាន ៤ រីឯ​អេលីហ៊ូវ គាត់​បាន​រង់ចាំ​ឱកាស​នឹង​និយាយ​ជា​មួយ​នឹង​យ៉ូប ពី​ព្រោះ​គេ​សុទ្ធ​តែ​ចាស់ៗ​ជាង​ខ្លួន ៥ ដូច្នេះ កាល​អេលីហ៊ូវ​ឃើញ​ថា អ្នក​ទាំង​៣​នោះ​រក​ឆ្លើយ​មិន​បាន នោះ​គាត់​ក៏​កើត​មាន​សេចក្តី​កំហឹង​ឡើង។
៦ នោះ​អេលីហ៊ូវ ជា​កូន​បារ៉ាគាល សាសន៍​ប៊ូស គាត់​ឆ្លើយ​ឡើង​ថា ខ្ញុំ​នៅ​ក្មេង ហើយ​អ្នក​រាល់​គ្នា​មាន​អាយុ​ច្រើន ហេតុ​នោះ​បាន​ជា​ខ្ញុំ​ខ្លាច​មិន​ហ៊ាន​សំដែង​គំនិត​ខ្ញុំ
៧ ខ្ញុំ​បាន​នឹក​ថា គប្បី​ឲ្យ​ចាស់ៗ​និយាយ ហើយ​គួរ​ឲ្យ​អ្នក​ដែល​មាន​អាយុ​ច្រើន​បង្រៀន​ពី​ប្រាជ្ញា ៨ ប៉ុន្តែ មនុស្ស​លោក​សុទ្ធ​តែ​មាន​វិញ្ញាណ​សណ្ឋិត​នៅ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្តា​ក៏​ឲ្យ​មាន​យោបល់ ៩ មិន​មែន​សុទ្ធ​តែ​ជា​អ្នក​សំខាន់ៗ​ដែល​មាន​ប្រាជ្ញា ឬ​ជា​ពួក​ចាស់ៗ​ប៉ុណ្ណោះ​ដែល​យល់​សេចក្តី​យុត្តិធម៌​នោះ​ទេ ១០ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ថា សូម​ស្តាប់​ខ្ញុំ​សិន ខ្ញុំ​នឹង​សំដែង​គំនិត​របស់​ខ្ញុំ​ដែរ។
១១ មើល ខ្ញុំ​បាន​រង់ចាំ​ពាក្យ​អ្នក​រាល់​គ្នា ខ្ញុំ​បាន​ប្រុង​ស្តាប់​ហេតុ​ផល​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា កំពុង​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក​សេចក្តី​ដែល​ត្រូវ​និយាយ ១២ អើ ខ្ញុំ​បាន​ប្រុង​ស្តាប់​អ្នក​រាល់​គ្នា​ឲ្យ​យល់​ដែរ ហើយ​មើល គ្មាន​អ្នក​ណា​មួយ​ក្នុង​ពួក​អ្នក​រាល់​គ្នា​បាន​អធិប្បាយ​ផ្ចាញ់​យ៉ូប ឬ​ឆ្លើយ​តប​នឹង​សំដី​លោក​ទេ ១៣ ប៉ុន្តែ កុំ​ឲ្យ​ថា យើង​បាន​រក​ប្រាជ្ញា​ឃើញ​ហើយ​នោះ​ឡើយ ដ្បិត​ព្រះ​ទ្រង់​នឹង​ឈ្នះ​លោក​បាន ឯ​មនុស្ស​ឈ្នះ​មិន​បាន​ទេ ១៤ លោក​មិន​បាន​ពោល​ពាក្យ​មក​ចំ​លើ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ឆ្លើយ​តប​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ ១៥ ដូច្នេះ អ្នក​ទាំង​៣​នោះ​ក៏​គាំង​នៅ ឥត​មាន​ឆ្លើយ​ទៀត​ឡើយ គេ​រក​ផ្លូវ​នឹង​និយាយ​មិន​បាន​ផង។
១៦ តើ​គួរ​ឲ្យ​ខ្ញុំ​រង់ចាំ​ទៀត ដោយ​ព្រោះ​តែ​គេ​មិន​ពោល​ទៀត ហើយ​ស្ងៀម​នៅ ឥត​ឆ្លើយ​ត​ទៅ​ទៀត​ឬ​អី ១៧ ទេ ចំណែក​ខាង​ខ្ញុំ ចង់​ឆ្លើយ​ដែរ ខ្ញុំ​នឹង​សំដែង​គំនិត​របស់​ខ្ញុំ ១៨ ដ្បិត​ខ្ញុំ​មាន​ពេញ​ហើយ ដោយ​ខ​សេចក្តី ឯ​វិញ្ញាណ​ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ ក៏​បណ្តាល​ខ្ញុំ​ផង ១៩ មើល ចិត្ត​ខ្ញុំ​ប្រៀប​ដូច​ជា​ស្រា​ទំពាំងបាយជូរ ដែល​ឥត​មាន​ផ្លូវ​ឲ្យ​ខ្យល់​ចេញ ដូច​ជា​ថង់​ស្បែក​ថ្មី​ដែល​រៀប​នឹង​ធ្លាយ​ហើយ ២០ ខ្ញុំ​នឹង​និយាយ​ចេញ ដើម្បី​ឲ្យ​បាន​ធូរ​ចិត្ត ខ្ញុំ​នឹង​បើក​បបូរ​មាត់​ឆ្លើយ​តប​ទៅ ២១ សូម​កុំ​ឲ្យ​ខ្ញុំ​យល់​ដល់​មុខ​អ្នក​ណា ឬ​លើក​មុខ​អ្នក​ណា​ដោយ​ពាក្យ​បញ្ចើច​ឡើយ ២២ ដ្បិត​ខ្ញុំ​មិន​ចេះ​បញ្ចើចបញ្ចើ​ទេ បើ​យ៉ាង​នោះ ព្រះ​ដែល​បង្កើត​ខ្ញុំ ទ្រង់​នឹង​ដក​យក​ខ្ញុំ​ចេញ​ទៅ​ភ្លាម។