៣
កូនចៅអ៊ីស្រាអែលឆ្លងកាត់ទន្លេយ័រដាន់
១ ឯយ៉ូស្វេលោកក្រោកពីព្រលឹម ហើយពួកកូនចៅអ៊ីស្រាអែលទាំងអស់ ក៏នាំគ្នាចេញពីស៊ីទីម ទៅដល់ទន្លេយ័រដាន់ ក៏ស្នាក់នៅទីនោះសិនមុនដែលឆ្លងទៅ ២ រួចក្រោយ៣ថ្ងៃមក ពួកនាយកក៏ដើរកាត់កណ្តាលទីដំឡើងត្រសាល បង្គាប់ដល់បណ្តាជនថា ៣ កាលណាឯងរាល់គ្នាឃើញហិប នៃសេចក្តីសញ្ញា ផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលពួកលេវីដ៏ជាសង្ឃសែងទៅ នោះត្រូវឲ្យឯងរាល់គ្នាចេញ ពីទីកន្លែងរបស់ឯង ដើរទៅតាម ៤ តែត្រូវដើរឃ្លាតពីហិបនោះ ចំនួនប្រហែលជា២ពាន់ហត្ថ កុំឲ្យចូលទៅជិតឡើយ ដើម្បីឲ្យឯងបានស្គាល់ផ្លូវ ដែលត្រូវដើរ ដ្បិតតាំងតែពីមុនមក ឯងរាល់គ្នាមិនដែលដើរតាមផ្លូវនេះទេ ៥ យ៉ូស្វេក៏ប្រាប់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធចុះ ពីព្រោះថ្ងៃស្អែក ព្រះយេហូវ៉ាទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងពួកឯង ៦ រួចលោកប្រាប់ដល់ពួកសង្ឃថា ចូរលើកយកហិបនៃសេចក្តីសញ្ញានាំទៅឯមុខបណ្តាជនទៅ នោះគេក៏លើកយកហិបនៃសេចក្តីសញ្ញាសែងនាំមុខបណ្តាជនទៅ។
៧ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា នៅថ្ងៃនេះ អញនឹងចាប់តាំងលើកដំកើងឯង នៅមុខពួកអ៊ីស្រាអែលទាំងអស់គ្នា ដើម្បីឲ្យគេដឹងថា អញនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ ៨ ត្រូវឲ្យឯងបង្គាប់ដល់ពួកសង្ឃ ដែលសែងហិបនៃសេចក្តីសញ្ញា ថាកាលណាទៅដល់មាត់ទឹកទន្លេយ័រដាន់ហើយ នោះត្រូវចុះទៅឈរនៅក្នុងទឹកនោះទៅ។
៩ យ៉ូស្វេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ចូរឯងរាល់គ្នាមកឯនេះ ដើម្បីនឹងស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ១០ រួចលោកប្រាប់ថា ឯងរាល់គ្នានឹងដឹងដោយសារសេចក្តីនេះថា ព្រះដ៏មានព្រះជន្មរស់ ទ្រង់គង់នៅក្នុងពួកឯង ហើយថា ទ្រង់នឹងបណ្តេញសាសន៍កាណាន សាសន៍ហេត សាសន៍ហេវី សាសន៍ពេរិស៊ីត សាសន៍គើកាស៊ី សាសន៍អាម៉ូរី និងសាសន៍យេប៊ូសចេញពីមុខឯងរាល់គ្នាទៅជាមិនខាន ១១ គឺដោយហិបនៃសេចក្តីសញ្ញាផងព្រះអម្ចាស់ នៃផែនដីទាំងមូល នឹងនាំមុខឯងរាល់គ្នាទៅក្នុងទន្លេយ័រដាន់ ១២ ដូច្នេះ ចូររើសយកមនុស្ស១២នាក់ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានទៅ គឺម្នាក់ពីពូជអំបូរមួយៗ ១៣ រួចកាលណាបាតជើងរបស់ពួកសង្ឃ ដែលសែងហិបផងព្រះយេហូវ៉ា ដ៏ជាព្រះអម្ចាស់នៃផែនដីទាំងមូល បានដាក់ចុះទៅក្នុងទឹកទន្លេយ័រដាន់ហើយ នោះទឹកទន្លេនឹងត្រូវកាត់ផ្តាច់ គឺជាទឹកដែលហូរចុះពីលើនឹងកល់នៅនឹងជាគំនរ។
១៤ ដូច្នេះ កាលពួកបណ្តាជនបានចេញពីត្រសាល គេដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហិបនៃសេចក្តីសញ្ញា ទៅខាងមុខផង ១៥ ហើយពួកសង្ឃ ដែលសែងហិប បានមកដល់ទន្លេយ័រដាន់ ក៏ដាក់ជើងចុះទៅក្នុងទឹកនៅមាត់ទន្លេ (ដ្បិតទន្លេយ័រដាន់ឡើងលិចមាត់ច្រាំងទាំងអស់ នៅពេញរដូវចំរូត) ១៦ នោះទឹកដែលហូរចុះពីលើមក ក៏ឈប់នៅនឹង ឡើងជាគំនរពីទីចំងាយត្រង់ក្រុងអាដាំ ដែលនៅជិតសារថាន ហើយផ្នែកទឹកដែលហូរចុះទៅខាងសមុទ្រស្រុកវាល គឺជាសមុទ្រអំបិល នោះក៏ហូររីងអស់ទៅ រួចពួកបណ្តាជនគេឆ្លងដំរង់ចំទៅឯក្រុងយេរីខូរ ១៧ ឯពួកសង្ឃ ដែលសែងហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា គេក៏ឈរនឹង នៅដីស្ងួតនាបាតទន្លេយ័រដាន់ ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ក៏ឆ្លងទៅនៅដីស្ងួតដែរ ទាល់តែពួកគេទាំងអស់បានឆ្លងផុតពីទន្លេទៅ។