១០
ជ័យជំនះលើស្តេចរបស់សាសន៍អាម៉ូរី
១ រីឯអ័ដូនី-សេដិក ជាស្តេចក្រុងយេរូសាឡិម កាលឮថា យ៉ូស្វេបានវាយយកក្រុងអៃយ ព្រមទាំងបំផ្លាញអស់រលីង គឺបានប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចគេ ដូចជាបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចគេដែរ ហើយថា ពួកក្រុងគីបៀនបានចងស្ពានមេត្រីនឹងពួកសាសន៍អ៊ីស្រាអែល ក៏នៅជាមួយគ្នាផង ២ នោះគេកើតមានសេចក្តីភ័យខ្លាចជាខ្លាំង ដ្បិតក្រុងគីបៀននោះជាក្រុងធំ ដូចជាក្រុងរបស់ស្តេចណាមួយដែរ ក៏ធំជាងក្រុងអៃយទៅទៀត ហើយពួកមនុស្សនៅក្រុងនោះ សុទ្ធតែខ្លាំងពូកែផង ៣ ដូច្នេះ អ័ដូនី-សេដិក ជាស្តេចក្រុងយេរូសាឡិម ក៏ចាត់សារឲ្យទៅឯហូហាំ ជាស្តេចនៃក្រុងហេប្រុន និងពារ៉ាម ជាស្តេចក្រុងយ៉ារមុត យ៉ាភា ជាស្តេចក្រុងឡាគីស ហើយដេបៀរ ជាស្តេចក្រុងអេក្លុនថា ៤ សូមឡើងមកជួយខ្ញុំផង យើងរាល់គ្នានឹងវាយគីបៀន ដ្បិតគេបានចងស្ពានមេត្រីនឹងយ៉ូស្វេ ហើយនឹងពួកកូនចៅអ៊ីស្រាអែលហើយ ៥ ដូច្នេះស្តេចសាសន៍អាម៉ូរីទាំង៥អង្គ គឺស្តេចក្រុងយេរូសាឡិម១ ស្តេចក្រុងហេប្រុន១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ និងស្តេចក្រុងអេក្លុន១ ក៏ប្រមូលគ្នានាំទាំងពួកពលទ័ពគេទាំងអស់ ឡើងទៅបោះទ័ពច្បាំងនឹងក្រុងគីបៀន។
៦ នោះពួកក្រុងគីបៀនក៏ចាត់គេមកឯយ៉ូស្វេ នៅទីដំឡើងត្រសាលត្រង់គីលកាល ជំរាបថា សូមកុំបង្អង់ដល់ពួកអ្នកបំរើរបស់លោកឡើយ សូមឡើងមកជាប្រញាប់ ដើម្បីនឹងជួយសង្គ្រោះយើងខ្ញុំផង ដ្បិតពួកសាសន៍អាម៉ូរីទាំងអស់ ដែលនៅស្រុកភ្នំ គេបានប្រមូលគ្នាមកទាស់នឹងយើងខ្ញុំហើយ ៧ ដូច្នេះ យ៉ូស្វេក៏ចេញពីគីលកាលឡើងទៅ មានទាំងពួកអ្នកថ្នឹកច្បាំង និងពួកខ្លាំងពូកែស្ទាត់ជំនាញ ទៅជាមួយផង ៨ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់មកក្នុងកណ្តាប់ដៃឯងហើយ នឹងគ្មានអ្នកណាមួយក្នុងពួកគេ អាចឈរនៅមុខឯងបានឡើយ ៩ យ៉ូស្វេក៏ឡើងពីគីលកាលទៅអស់១យប់ ស្រាប់តែមកដល់ភ្លាមក្នុងពេលដែលគេមិនដឹងខ្លួន ១០ ព្រះយេហូវ៉ាទ្រង់បំបាក់ទ័ពគេនៅមុខពួកកូនចៅអ៊ីស្រាអែល ហើយលោកបានសំឡាប់គេនៅជិតក្រុងគីបៀន ដោយការប្រហារជីវិតយ៉ាងសំបើម ក៏ដេញតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា ហើយដល់ម៉ាកេដាផង ១១ កំពុងដែលគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ នោះព្រះយេហូវ៉ាទ្រង់ក៏ទំលាក់ព្រិលជាដុំយ៉ាងធំៗ ពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់ ឯពួកអ្នកដែលស្លាប់នឹងព្រិល នោះមានគ្នាច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសំឡាប់ដោយដាវទៅទៀត។
១២ រីឯនៅថ្ងៃដែលព្រះយេហូវ៉ា ទ្រង់បានប្រគល់ពួកសាសន៍អាម៉ូរីនោះ មកក្នុងកណ្តាប់ដៃនៃពួកកូនចៅអ៊ីស្រាអែល នោះយ៉ូស្វេលោកទូលទៅព្រះយេហូវ៉ា នៅមុខពួកកូនចៅអ៊ីស្រាអែលថា ថ្ងៃអើយ ចូរឈប់ទ្រឹងនៅពីលើក្រុងគីបៀនចុះ ហើយខែក៏ដែរ ចូរទ្រឹងនៅត្រង់ច្រកភ្នំអាយ៉ាឡូនចុះ ១៣ នោះថ្ងៃក៏ឈប់ទ្រឹង ហើយខែក៏នឹងនៅទាល់តែពួកគេបានសងសឹកនឹងពួកខ្មាំងសត្រូវហើយ ការនោះបានកត់ទុកក្នុងសៀវភៅរបស់យ៉ាស៊ើរហើយ ថ្ងៃក៏ឈប់នឹងនៅកណ្តាលមេឃ ហើយមិនបានចុះ ដោយឆាប់រហ័សអស់ពេញ១ថ្ងៃ ១៤ មិនដែលមានថ្ងៃណាដូចថ្ងៃនោះ ទោះមុខឬក្រោយ ដែលព្រះយេហូវ៉ាទ្រង់បានស្តាប់តាមមនុស្សដូច្នេះឡើយ ដ្បិតព្រះយេហូវ៉ាច្បាំងជំនួសសាសន៍អ៊ីស្រាអែល ១៥ រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកឯទីដំឡើងត្រសាលនៅគីលកាលវិញ។
យ៉ូស្វេចាប់បានស្តេចសាសន៍អាម៉ូរីទាំងប្រាំអង្គ
១៦ ឯស្តេចទាំង៥នោះ ក៏រត់ទៅពួនក្នុងរអាងថ្មនៅម៉ាកេដា ១៧ ហើយមានគេមកជំរាបយ៉ូស្វេថា បានឃើញស្តេចទាំង៥នោះ ពួននៅក្នុងរអាងថ្មត្រង់ម៉ាកេដា ១៨ រួចយ៉ូស្វេបង្គាប់ថា ចូរប្រមៀលថ្មយ៉ាងធំទៅសន្ធប់មាត់រអាងទៅ ហើយដាក់មនុស្សឲ្យចាំយាមទៅទីនោះចុះ ១៩ តែកុំឲ្យឯងរាល់គ្នាបង្អង់ឈប់ឡើយ ឲ្យចេះតែដេញតាមខ្មាំងសត្រូវទៅ ត្រូវឲ្យវាយពួកគេដែលនៅខាងក្រោយ កុំឲ្យគេចូលទៅក្នុងក្រុងគេបានឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ ២០ លុះយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែល បានសំឡាប់គេ ដោយការប្រហារជីវិតយ៉ាងសំបើម ទាល់តែគេបានវិនាសអស់រលីងទៅ ហើយពួកគេដែលសល់នៅ បានចូលទៅក្នុងទីក្រុងមានកំផែងរួចហើយ ២១ នោះពួកជនទាំងអស់គ្នាក៏ត្រឡប់វិលមកឯយ៉ូស្វេវិញ នៅទីដំឡើងត្រសាលត្រង់ម៉ាកេដា ដោយសុខសាន្ត ឥតមានអ្នកណាបានហើបមាត់ ទាស់នឹងពួកកូនចៅអ៊ីស្រាអែលណាមួយសោះ។
២២ រួចយ៉ូស្វេបង្គាប់ថា ចូរបើកមាត់រអាងចុះ ហើយនាំស្តេចទាំង៥នោះចេញមកឯអញ ២៣ គេក៏នាំស្តេចទាំង៥នោះ ចេញពីរអាងមកឯលោក គឺជាស្តេចក្រុងយេរូសាឡិម១ ស្តេចក្រុងហេប្រុន១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ និងស្តេចក្រុងអេក្លុន១ ២៤ កាលគេបាននាំស្តេចទាំងនោះចេញមកដល់យ៉ូស្វេហើយ នោះយ៉ូស្វេក៏ហៅប្រជុំពួកអ៊ីស្រាអែលទាំងអស់គ្នាមក រួចបង្គាប់ដល់ពួកមេទ័ព ដែលបានទៅជាមួយ និងលោកថា ចូរអ្នករាល់គ្នាមកជាន់កស្តេចទាំងនេះទៅ ដូច្នេះគេក៏មកជាន់កស្តេចទាំងនោះ ២៥ ហើយយ៉ូស្វេប្រាប់គេថា កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ត្រូវឲ្យមានកំឡាំង និងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ាទ្រង់នឹងធ្វើយ៉ាងនេះ ដល់ខ្មាំងសត្រូវទាំងអស់ ដែលឯងត្រូវតតាំងនឹងគេដែរ ២៦ ក្រោយមកយ៉ូស្វេក៏វាយសំឡាប់ស្តេចទាំងនោះ រួចព្យួរនៅដើមឈើ៥ដើម ទាល់តែដល់ថ្ងៃល្ងាច ២៧ លុះដល់ពេលថ្ងៃហៀបលិចហើយ នោះយ៉ូស្វេក៏បង្គាប់ឲ្យគេដាក់ខ្មោចទាំងនោះ ចុះពីដើមឈើមក យកទៅបោះចោលក្នុងរអាងដែលបានពួននោះ រួចគេដាក់ថ្មយ៉ាងធំសន្ធប់នៅមាត់រអាង នៅរហូតមកដល់ថ្ងៃនេះ។
យ៉ូស្វេដណ្តើមយកក្រុងនានានៅទិសខាងត្បូង
២៨ នៅថ្ងៃនោះឯង យ៉ូស្វេក៏ចាប់យកក្រុងម៉ាកេដា ហើយកាប់សំឡាប់គេដោយមុខដាវ ព្រមទាំងស្តេចគេផង លោកបានបំផ្លាញគេ និងអស់អ្នក ដែលនៅក្នុងក្រុងនោះអស់រលីង ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងម៉ាកេដានោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូរដែរ។
២៩ រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងម៉ាកេដាទៅដល់លិបណា ច្បាំងនឹងក្រុងនោះ ៣០ ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងនោះ និងស្តេចគេ មកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកកាប់គេដោយមុខដាវ គឺពួកអ្នកដែលនៅក្នុងក្រុងនោះទាំងអស់ ឥតមានឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងស្តេចក្រុងនោះ ដូចជាបានប្រព្រឹត្តនឹងស្តេចក្រុងយេរីខូរដែរ។
៣១ លំដាប់នោះ យ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីលិបណាទៅដល់ឡាគីស បោះទ័ពទាស់នឹងក្រុងនោះ ហើយច្បាំងនឹងគេ ៣២ ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់ក្រុងឡាគីស មកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែលដែរ ហើយលោកចាប់យកបាននៅថ្ងៃទី២ រួចកាប់គេដោយមុខដាវ គឺអស់អ្នកដែលនៅក្នុងក្រុងនោះទាំងប៉ុន្មាន តាមគ្រប់ទាំងការ ដែលបានធ្វើដល់ក្រុងលិបណា ៣៣ នោះហោរាម ជាស្តេចក្រុងកេស៊ើរ ក៏ឡើងមកជួយក្រុងឡាគីសតែយ៉ូស្វេលោកវាយស្តេចនោះ និងពួករាស្ត្រទ្រង់អស់ទៅ ទាល់តែគ្មានអ្នកណាមួយនៅសល់ឡើយ។
៣៤ រួចមក យ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងឡាគីសទៅដល់អេក្លុន បោះទ័ពទាស់នឹងក្រុងនោះ ហើយច្បាំងនឹងគេ ៣៥ ក៏ចាប់យកបាននៅថ្ងៃនោះឯង រួចកាប់គេដោយមុខដាវ ព្រមទាំងបំផ្លាញពួកអ្នកដែលនៅក្រុងនោះអស់រលីងក្នុងថ្ងៃនោះ ដូចជាបានធ្វើដល់ក្រុងឡាគីសដែរ។
៣៦ តមក យ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងអេក្លុនឡើងទៅដល់ហេប្រុន ច្បាំងនឹងគេទៀត ៣៧ ហើយចាប់យកក្រុងនោះបាន រួចកាប់គេដោយមុខដាវ ព្រមទាំងស្តេច និងអស់ទាំងដំបន់គេ ហើយអស់អ្នកដែលនៅក្រុងនោះផង ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ តាមគ្រប់ទាំងការ ដែលលោកបានធ្វើដល់ក្រុងអេក្លុនដែរ លោកបានបំផ្លាញក្រុងនោះ និងពួកអ្នកទាំងប៉ុន្មាន ដែលនៅក្នុងក្រុងអស់រលីង។
៣៨ រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏បត់ទៅឯក្រុងដេបៀរ ច្បាំងនឹងគេទៀត ៣៩ លោកចាប់យកក្រុងនោះ ព្រមទាំងស្តេចគេ និងដំបន់គេទាំងប៉ុន្មានបាន រួចក៏កាប់គេដោយមុខដាវ ហើយបំផ្លាញពួកអ្នកនៅក្នុងក្រុងនោះអស់រលីង ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងក្រុងដេបៀរ ហើយនឹងស្តេចគេ ដូចជាបានប្រព្រឹត្តដល់ក្រុងហេប្រុន ហើយដូចជាបានប្រព្រឹត្តនឹងក្រុងលិបណា ព្រមទាំងស្តេចគេដែរ។
៤០ ដូច្នេះយ៉ូស្វេវាយស្រុកនោះទាំងអស់បាន គឺស្រុកភ្នំ ស្រុកត្បូង ស្រុកទំនាប ស្រុកជំរាល ព្រមទាំងស្តេចគេទាំងប៉ុន្មាន ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង និងគ្រប់ទាំងអស់ដែលមានដង្ហើមឲ្យអស់រលីង ដូចជាព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានបង្គាប់មក ៤១ យ៉ូស្វេបានវាយគេ ចាប់តាំងពីកាដេស-បារនា រហូតដល់ក្រុងកាសា ព្រមទាំងស្រុកកូសែនទាំងអស់ រហូតដល់គីបៀនដែរ ៤២ លោកបានចាប់យកស្តេចទាំងប៉ុន្មាន និងស្រុករបស់គេក្នុង១គ្រាចំបាំងនោះ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានច្បាំងជំនួសអ៊ីស្រាអែល ៤៣ រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកដល់ទីដំឡើងត្រសាល នៅគីលកាលវិញ។