២៣
បណ្តាំរបស់យ៉ូស្វេ
១ លុះពេលក្រោយជាយូរមក កាលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យពួកអ៊ីស្រាអែល មានសេចក្តីស្រាកស្រាន្តពីខ្មាំងសត្រូវទាំងអស់នៅជុំវិញ ឯយ៉ូស្វេលោកក៏ចាស់ មានវ័យចំរើនច្រើនណាស់ហើយ ២ នោះលោកហៅពួកអ៊ីស្រាអែលទាំងអស់គ្នា ព្រមទាំងពួកចាស់ទុំ ពួកមេ និងពួកចៅក្រម ហើយពួកនាយករបស់គេមកប្រាប់ថា អញចាស់ហើយ ក៏មានវ័យចំរើនច្រើនណាស់ផង ៣ ឯឯងរាល់គ្នាបានឃើញគ្រប់ទាំងការ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានធ្វើដល់សាសន៍ទាំងប៉ុន្មាននេះ ដោយព្រោះឯងរាល់គ្នាហើយ ដ្បិតគឺជាព្រះយេហូវ៉ាជាព្រះនៃឯង ដែលបានច្បាំងជំនួសឯង ៤ មើល អញបានចែកអស់ទាំងនគរដែលសល់ទាំងនេះដល់ឯង ទុកជាមរដកដល់ពូជអំបូរឯងទាំងប៉ុន្មាន ចាប់តាំងពីទន្លេយ័រដាន់ និងអស់ទាំងនគរដែលអញបានវាយបំផ្លាញចេញហើយ រហូតដល់សមុទ្រធំដែលនៅទិសខាងលិច ៥ ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងច្រានគេពីមុខឯងចេញ ហើយនឹងបណ្តេញគេពីចំពោះភ្នែកឯងទៅ នោះឯងរាល់គ្នានឹងចាប់យកស្រុកគេ ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯងបានសន្យាហើយ ៦ ដូច្នេះចូរសំរេចចិត្តនឹងកាន់ ហើយប្រព្រឹត្តតាមគ្រប់ទាំងសេចក្តីដែលបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យ របស់លោកម៉ូសេចុះ ដើម្បីកុំឲ្យឯងបែរចេញ ពីសេចក្តីទាំងនោះ ទៅខាងស្តាំ ឬខាងឆ្វេងឡើយ ៧ ប្រយោជន៍កុំឲ្យលាយឡំនឹងសាសន៍ទាំងនេះ ដែលសល់នៅក្នុងស្រុកឯង ហើយកុំឲ្យឯងដំណាលពីឈ្មោះព្រះរបស់គេ ឬឲ្យអ្នកណាស្បថដោយនូវឈ្មោះព្រះទាំងនោះ ហើយកុំឲ្យឯងរាល់គ្នាគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះគេឡើយ ៨ គឺត្រូវឲ្យតោងជាប់នឹងព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាវិញ ដូចជាបានធ្វើដរាបដល់សព្វថ្ងៃនេះ ៩ ដ្បិតព្រះយេហូវ៉ាបានបណ្តេញសាសន៍ធំ ហើយពូកែពីមុខឯងរាល់គ្នាចេញ ហើយគ្មានអ្នកណាបានអាចនឹងឈរនៅមុខឯងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ ១០ ពួកឯងរាល់គ្នាតែ១នាក់បានដេញតាម១ពាន់នាក់ ដ្បិតគឺជាព្រះយេហូវ៉ា ជាព្រះនៃឯង ដែលច្បាំងជំនួសឯង ដូចជាទ្រង់បានមានព្រះបន្ទូលនឹងឯងហើយ ១១ ដូច្នេះចូរប្រយ័ត្នខ្លួនឲ្យអស់ពីចិត្ត ដើម្បីនឹងស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ១២ តែបើសិនជាឯងវិលទៅវិញ ទៅភ្ជាប់ញាតិពន្ធ នឹងសំណល់នៃសាសន៍ទាំងនេះដែលនៅជាមួយនឹងឯងរាល់គ្នានៅឡើយ ព្រមទាំងយកគ្នាជាប្តីប្រពន្ធ ក៏ចូលទៅឯគេ ហើយគេមកឯឯងដែរ ១៣ នោះត្រូវដឹងជាប្រាកដថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងមិនបណ្តេញសាសន៍ទាំងនេះពីមុខឯងទៀតទេ គឺគេនឹងនៅជាអង្គប់ ហើយជាអន្ទាក់ដល់ឯងរាល់គ្នា ហើយជារំពាត់នៅចង្កេះ និងជាបន្លានៅក្នុងភ្នែកឯងវិញ ទាល់តែឯងរាល់គ្នាវិនាសបាត់ពីស្រុកល្អនេះទៅ ជាស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានមក។
១៤ មើល នៅថ្ងៃនេះអញនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងអស់ ឯនៅក្នុងចិត្ត ហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្តីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានព្រះបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ ១៥ ប៉ុន្តែដែលគ្រប់ទាំងសេចក្តីល្អបានសំរេចដល់ឯងរាល់គ្នា ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង បានសន្យាយ៉ាងណា នោះទ្រង់នឹងនាំអស់ទាំងសេចក្តីអាក្រក់ មកលើឯងរាល់គ្នា យ៉ាងនោះដែរ ទាល់តែទ្រង់បានបំផ្លាញពួកឯងពីស្រុកល្អនេះ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានមកនោះចេញទៅ ១៦ គឺបើឯងរាល់គ្នារំលងសេចក្តីសញ្ញាផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់បានបង្គាប់មក ហើយទៅគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះដទៃ នោះសេចក្តីខ្ញាល់នៃព្រះយេហូវ៉ានឹងកាត់ឡើងទាស់នឹងឯង ហើយឯងរាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកល្អ ដែលទ្រង់បានប្រទានមកឯង។