២
១ ព្រះអម្ចាស់ទ្រង់បានគ្របបាំងកូនស្រីនៃក្រុងស៊ីយ៉ូនដោយពពក ក្នុងកាលដែលទ្រង់ខ្ញាល់ យ៉ាងណាហ្ន៎ ទ្រង់បានទំលាក់សេចក្តីលំអរបស់អ៊ីស្រាអែល ចុះពីស្ថានសួគ៌មកដល់ដី ក៏មិនបាននឹកចាំពីកំណល់កល់ព្រះបាទទ្រង់នៅថ្ងៃដែលទ្រង់ខ្ញាល់នោះទេ ២ ព្រះអម្ចាស់ទ្រង់បានលេបអស់ទាំងទីលំនៅរបស់យ៉ាកុបបាត់ទៅ ឥតមានប្រណីឡើយ ក្នុងគ្រាដែលទ្រង់មានសេចក្តីក្រោធ នោះទ្រង់បានរំលំអស់ទាំងទីមាំមួនរបស់កូនស្រីយូដា ទ្រង់បានពង្រាប ទីទាំងនោះដល់ដី ហើយទាំងបន្ទាបបន្ថោកទាំងនគរ និងពួកចៅហ្វាយផង ៣ ក្នុងគ្រាដែលទ្រង់មានសេចក្តីខ្ញាល់ ដ៏សហ័ស នោះទ្រង់បានកាត់ស្នែងរបស់អ៊ីស្រាអែលចេញ ក៏បានដកព្រះហស្តស្តាំទ្រង់ចេញពីមុខខ្មាំងសត្រូវ ហើយបានបញ្ឆេះយ៉ាកុប ដូចជាភ្លើងឆេះថ្កោលឡើងបន្សុសគ្រប់ជុំវិញ ៤ ទ្រង់បានយឹតធ្នូ ដូចជាខ្មាំងសត្រូវ ទ្រង់បានលើកព្រះហស្ត ដូចជាអ្នកតតាំង ក៏បានប្រហារជីវិតនៃគ្រប់ទាំងអស់ដែលគាប់ភ្នែក ឯនៅក្នុងត្រសាលនៃកូនស្រីស៊ីយ៉ូន នោះទ្រង់បានចាក់សេចក្តីក្រោធរបស់ទ្រង់ចេញដូចជាភ្លើង ៥ ព្រះអម្ចាស់ទ្រង់បានត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ទ្រង់បានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចំរើនការសោកសៅ និងការយំទួញ ក្នុងកូនស្រីយូដាជាច្រើនឡើង ៦ ទ្រង់បានកន្ត្រាក់យកព្រះពន្លារបស់ទ្រង់ចេញដោយកំឡាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញទីប្រជុំរបស់ទ្រង់ចោល ព្រះយេហូវ៉ាទ្រង់បានបំភ្លេចជំនុំមុតមាំនឹងថ្ងៃឈប់សំរាក ឲ្យសូនបាត់ពីក្រុងស៊ីយ៉ូនទៅ ហើយក្នុងសេចក្តីគ្នាន់ក្នាញ់របស់សេចក្តីខ្ញាល់ទ្រង់ នោះទ្រង់បានស្អប់ខ្ពើមដល់ទាំងស្តេច និងសង្ឃផង ៧ ព្រះអម្ចាស់ទ្រង់បានបោះបង់ចោលអាសនារបស់ទ្រង់ ហើយបានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ទ្រង់ដែរ ទ្រង់បានប្រគល់អស់ទាំងកំផែងនៃព្រះរាជវាំង ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាដូចនៅថ្ងៃបុណ្យហ៊ឹកហ៊ាក់ ៨ ព្រះយេហូវ៉ាទ្រង់បានសំរេចនឹងបំផ្លាញកំផែងនៃកូនស្រីស៊ីយ៉ូនបង់ ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ទ្រង់បានបណ្តាលឲ្យទាំងរបងសីមា និងកំផែងទួញទំនួញហើយរោយរៀវទៅជាមួយគ្នា ៩ ទ្វារទីក្រុងទាំងប៉ុន្មានបានស្រុតចុះទៅក្នុងដី ទ្រង់បានបំបាក់បំផ្លាញរនុកផង ឯស្តេច និងពួកចៅហ្វាយ គេនៅកណ្តាលពួកសាសន៍ដទៃទាំងប៉ុន្មាន ឃ្លាតផុតពីក្រឹត្យវិន័យ អើ ទាំងពួកហោរាក៏លែងឃើញការជាក់ស្តែងពីព្រះយេហូវ៉ាទៀតដែរ ១០ ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូន គេអង្គុយនៅដី ឥតមានមាត់កអ្វីឡើយ គេបានបាចធូលីដីទៅលើក្បាល ហើយស្លៀកសំពត់ធ្មៃពួកក្រមុំៗ នៃក្រុងយេរូសាឡិមក៏សំយុងក្បាលដល់ដី។ ១១ ភ្នែកខ្ញុំរលាយទៅដោយហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះកូនតូចនឹងកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះ កូនតូចនឹងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង ១២ វាសួរដល់ម្តាយថា តើអង្ករនឹងស្រាទំពាំងបាយជូរនៅឯណាក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ ១៣ ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ តើត្រូវឲ្យខ្ញុំធ្វើបន្ទាល់ដល់នាងយ៉ាងណា តើនឹងធៀបនាងដូចជាអ្វី ឱកូនស្រីក្រមុំនៃស៊ីយ៉ូនអើយ តើខ្ញុំនឹងផ្ទឹមនាងនឹងអ្វី ដើម្បីនឹងកំសាន្តចិត្តនាងបាន ដ្បិតការអន្តរាយរបស់នាងធំដូចជាសមុទ្រហើយ តើអ្នកណានឹងមើលឲ្យជាបាន ១៤ ពួកហោរារបស់នាងបានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញសេចក្តីទុច្ចរិតរបស់នាង ប្រយោជន៍នឹងនាំពួកនាង ដែលនៅជាឈ្លើយឲ្យបានមកវិញទេ គឺគេបានឃើញតែសេចក្តីកំភូត និងសេចក្តីដែលបណ្តាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ ១៥ អស់អ្នកណាដែលដើរបង្ហួស គេទះដៃឡកឲ្យនាង គេធ្វើស៊ីសស៊ូស ហើយគ្រវីក្បាលដល់កូនស្រីក្រុងយេរូសាឡិម ដោយពាក្យថា ទីក្រុងនេះឬ ដែលមនុស្សបានហៅថាជាទីល្អបំផុត ហើយជាទីរីករាយដល់ផែនដីទាំងដុំមូលនោះ ១៦ ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់នាងបានហាមាត់ធំដាក់នាង គេធ្វើស៊ីសស៊ូស ហើយសង្កៀតធ្មេញ ដោយពាក្យថា យើងបានលេបវាបាត់ហើយ ពិតប្រាកដជាថ្ងៃនេះហើយ ជាថ្ងៃដែលយើងសង្ឃឹមចង់បាននោះ ឥឡូវបានប្រទះ បានឃើញហើយ ១៧ ព្រះយេហូវ៉ាទ្រង់បានធ្វើការដែលទ្រង់គិតធ្វើ ទ្រង់បានសំរេចតាមព្រះបន្ទូលដែលទ្រង់បានបង្គាប់ពីចាស់បុរាណ គឺទ្រង់បានរំលំ ឥតប្រណី ហើយបានធ្វើឲ្យខ្មាំងសត្រូវមានសេចក្តីអំណរពីដំណើរនាង ទ្រង់បានលើកដំកើងស្នែងរបស់ពួកដែលតតាំងនឹងនាង។ ១៨ ចិត្តរបស់គេបានអំពាវនាវដល់ព្រះអម្ចាស់… ឱកំផែងនៃកូនស្រីស៊ីយ៉ូនអើយ ចូរឲ្យមានទឹកភ្នែកហូរសស្រាក់ ដូចជាទន្លេទាំងយប់ទាំងថ្ងៃចុះ កុំឲ្យឈប់សំរាកឡើយ កុំឲ្យប្រស្រីភ្នែករបស់នាងឈប់ផ្អាកឲ្យសោះ ១៩ ចូរក្រោកឡើងទាំងយប់ ហើយស្រែកនៅពេលដើមយាមចុះ ត្រូវឲ្យចាក់ចិត្តនាងចេញ ដូចជាទឹកនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ចូរប្រទូលដៃឡើងទៅឯទ្រង់ ដើម្បីអង្វរឲ្យបានជីវិតនៃក្មេងតូចៗរបស់នាង ដែលសន្លប់ទៅដោយឃ្លាន ត្រង់គ្រប់ទាំងក្បាលផ្លូវ ឲ្យបានគង់នៅវិញ។ ២០ ឱព្រះយេហូវ៉ាអើយ សូមទតពិចារណាមើល ដែលទ្រង់បានធ្វើការនេះដល់អ្នកណា តើត្រូវឲ្យពួកស្រីៗស៊ីកូនខ្លួន គឺជាកូនដែលម្តាយបីក្រសោបនៅដៃឬអី តើពួកសង្ឃនឹងពួកហោរានឹងត្រូវគេសំឡាប់ នៅក្នុងទីបរិសុទ្ធនៃព្រះអម្ចាស់ឬ ២១ ទាំងពួកជំទង់ និងពួកចាស់ៗសុទ្ធតែដេកនៅតាមផ្លូវ ឯពួកក្រមុំ និងពួកចាស់ៗសុទ្ធតែដេកនៅដីតាមផ្លូវ ឯពួកក្រមុំ និងពួកកំឡោះៗរបស់ខ្ញុំម្ចាស់ គេបានដួលស្លាប់ដោយដាវ ទ្រង់បានប្រហារជីវិតគេ ក្នុងថ្ងៃដែលទ្រង់ខ្ញាល់ ទ្រង់បានកាប់សំឡាប់គេ ឥតប្រណីឡើយ ២២ ទ្រង់បានហៅប្រមូល ដូចជានៅថ្ងៃបុណ្យមុតមាំ ឲ្យសេចក្តីស្ញែងខ្លាចមកលើខ្ញុំម្ចាស់នៅគ្រប់ជុំវិញ គ្មានអ្នកណារត់រួច ឬសល់នៅ ក្នុងថ្ងៃនៃសេចក្តីខ្ញាល់របស់ព្រះយេហូវ៉ាឡើយ ពួកកូនដែលខ្ញុំម្ចាស់បានបីក្រសោបនៅដៃ ហើយបានបីបាច់ចិញ្ចឹមមក នោះខ្មាំងសត្រូវរបស់ខ្ញុំម្ចាស់បានសំឡាប់អស់ហើយ។