៩
អើរ៉ុន និងកូនៗថ្វាយយញ្ញបូជាលើកដំបូង
១ លុះដល់ថ្ងៃទី៨ ម៉ូសេក៏ហៅអើរ៉ុន និងពួកកូនលោកមក ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង ២ រួចបង្គាប់ដល់អើរ៉ុនថា ចូរយកកូនគោ១ ពីហ្វូងសត្វ សំរាប់ជាដង្វាយលោះបាប និងចៀមឈ្មោល១ឥតខ្ចោះសំរាប់ជាដង្វាយដុត មកថ្វាយនៅចំពោះព្រះយេហូវ៉ា ៣ ហើយត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកពពែឈ្មោល១សំរាប់ជាដង្វាយលោះបាប និងកូនគោ១ ហើយកូនចៀម១ ដែលទាំង២មានអាយុ១ខួបៗ ហើយឥតខ្ចោះសំរាប់ជាដង្វាយដុត ៤ ព្រមទាំងគោឈ្មោល១ និងចៀមឈ្មោល១ សំរាប់ជាដង្វាយមេត្រី ដើម្បីនឹងថ្វាយ ជាយញ្ញបូជា នៅចំពោះព្រះយេហូវ៉ា ហើយនឹងដង្វាយម្សៅលាយដោយប្រេងផង ដ្បិតនៅថ្ងៃនេះព្រះយេហូវ៉ានឹងលេចមកឯអ្នករាល់គ្នា ៥ គេក៏នាំយកដង្វាយដែលម៉ូសេបានបង្គាប់ទាំងប៉ុន្មាននោះ មកនៅមុខត្រសាលជំនុំ រួចពួកជំនុំទាំងអស់គ្នាក៏ចូលមកជិត ឈរនៅចំពោះព្រះយេហូវ៉ា ៦ នោះម៉ូសេប្រកាសថា នេះហើយជាសេចក្តីដែលព្រះយេហូវ៉ាបានបង្គាប់មកឲ្យអ្នករាល់គ្នាធ្វើតាម យ៉ាងនោះសិរីល្អនៃព្រះយេហូវ៉ានឹងលេចមកឲ្យអ្នករាល់គ្នាឃើញ។
៧ ម៉ូសេបង្គាប់ដល់អើរ៉ុនថា ចូរទៅឯអាសនា ហើយថ្វាយដង្វាយលោះបាប និងដង្វាយដុតរបស់បង សំរាប់ឲ្យធួននឹងខ្លួន ហើយនឹងពួកជនផង រួចថ្វាយដង្វាយរបស់ពួកជនឲ្យធួននឹងគេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ៨ អើរ៉ុនក៏ចូលទៅឯអាសនា សំឡាប់កូនគោទុកជាដង្វាយលោះបាបដែលសំរាប់ខ្លួន ៩ ហើយពួកកូនលោកក៏យកឈាមមកជូន នោះលោកជ្រលក់ម្រាមដៃទៅក្នុងឈាម យកទៅប្រឡាក់នៅស្នែងអាសនា រួចចាក់ឈាមទាំងប៉ុន្មាននៅត្រង់ជើងអាសនា ១០ ឯខ្លាញ់ និងអង្គញ់ទាំង២ ហើយនឹងស្រទាប់ដែលយកពីថ្លើមរបស់សត្វ ដែលសំរាប់ជាដង្វាយលោះបាបនោះ លោកក៏ដុតនៅលើអាសនា ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ១១ តែឯសាច់ និងស្បែក នោះបានដុតនឹងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ ១២ លោកក៏សំឡាប់ដង្វាយដុត ហើយពួកកូនលោកក៏យកឈាមមកជូន រួចលោកប្រោះឈាមនោះនៅជុំវិញលើអាសនា ១៣ ពួកកូនក៏យកដង្វាយដុតមកជូនលោកទាំងដុំៗ ព្រមទាំងក្បាលផង ហើយលោកដុតទាំងអស់នៅលើអាសនា ១៤ ឯអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន នោះលោកលាងនឹងទឹក រួចដុតនៅលើដង្វាយដែលនៅលើអាសនាផង។
១៥ បន្ទាប់មក លោកថ្វាយដង្វាយរបស់ពួកជន លោកយកពពែជាដង្វាយលោះបាប ដែលសំរាប់ពួកជនមកសំឡាប់ថ្វាយដោយព្រោះបាប ដូចជារបៀបនៃសត្វមុនដែរ ១៦ រួចក៏យកដង្វាយដុត មកថ្វាយតាមរបៀប ១៧ ហើយលោកក៏ថ្វាយដង្វាយម្សៅដែរ លោកយក១ក្តាប់ទៅដុតលើអាសនា ជាក្តាប់ផ្សេងពីដង្វាយដុតពេលព្រឹក ១៨ រួចមកលោកសំឡាប់គោឈ្មោល និងចៀមឈ្មោលទុកជាយញ្ញបូជានៃដង្វាយមេត្រីដែលសំរាប់ពួកជន ឯពួកកូនលោកក៏យកឈាមមកជូន នោះលោកប្រោះនៅជុំវិញលើអាសនា ១៩ ពួកកូនក៏ជូនខ្លាញ់គោឈ្មោល និងចៀមឈ្មោល កន្ទុយ និងខ្លាញ់ដែលជាប់អាការៈខាងក្នុង ព្រមទាំងអង្គញ់ទាំង២ និងស្រទាប់ថ្លើមផង ២០ គេដាក់ខ្លាញ់ពីលើទ្រូង រួចអើរ៉ុនក៏ដុតខ្លាញ់ទាំងនោះ នៅលើអាសនា ២១ ហើយគ្រវីទ្រូង និងស្មាខាងស្តាំ ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា ដូចជាម៉ូសេបានបង្គាប់មក។
២២ នោះអើរ៉ុនក៏លើកដៃឲ្យពរដល់ពួកបណ្តាជន រួចចុះមកពីការថ្វាយដង្វាយលោះបាប ដង្វាយដុត និងដង្វាយមេត្រី ២៣ ម៉ូសេ និងអើរ៉ុនក៏នាំគ្នាចូលទៅក្នុងត្រសាលជំនុំ រួចចេញមកវិញឲ្យពរដល់បណ្តាជន នោះសិរីល្អនៃព្រះយេហូវ៉ាក៏លេចមកឲ្យគេឃើញទាំងអស់គ្នា ២៤ ក៏មានភ្លើងចេញពីចំពោះព្រះយេហូវ៉ា មកបញ្ឆេះដង្វាយដុត និងខ្លាញ់នៅលើអាសនា កាលបណ្តាជនឃើញដូច្នោះ នោះគេស្រែកឡើងដោយអំណរ រួចក្រាបផ្កាប់មុខចុះ។