ក្រឹត្យវិន័យស្តីអំពីភាពបរិសុទ្ធ និងភាពមិនបរិសុទ្ធ
១១
ក្រឹត្យវិន័យស្តីអំពីសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ
១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា ២ ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ក្នុងបណ្តាសត្វទាំងប៉ុន្មានដែលនៅលើផែនដី នោះឯងរាល់គ្នាត្រូវបរិភោគសត្វយ៉ាងនេះបាន ៣ គឺសត្វណាដែលមានក្រចកឆែកជា២ ហើយដែលទំពាអៀងផង នោះត្រូវបរិភោគបាន ៤ ប៉ុន្តែក្នុងបណ្តាពួកសត្វដែលទំពាអៀង និងពួកសត្វដែលមានក្រចកឆែក នោះមិនត្រូវឲ្យឯងរាល់គ្នាបរិភោគសត្វទាំងនេះឡើយ គឺសត្វអូដ្ឋ១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា ៥ ទន្សាយថ្ម១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា ៦ ទន្សាយគល់១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា ៧ ហើយជ្រូក១ ដ្បិតវាក៏មានក្រចកឆែក២ តែមិនទំពាអៀងទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា ៨ មិនត្រូវឲ្យបរិភោគសាច់នៃសត្វទាំងនោះឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង ដ្បិតជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នាហើយ។
៩ ឯបណ្តាត្រីទាំងប៉ុន្មាននៅក្នុងទឹក ដែលឯងរាល់គ្នាបរិភោគបាន នោះគឺអស់ទាំងត្រីណាមានព្រុយ ហើយនឹងស្រកាដែលអាស្រ័យនៅក្នុងទឹក ទោះក្នុងសមុទ្រ ឬក្នុងទន្លេក្តី ត្រីទាំងនោះត្រូវបរិភោគបាន ១០ តែក្នុងបណ្តាត្រីដែលកំរើកក្នុងទឹក និងអស់ទាំងសត្វដែលអាស្រ័យនៅក្នុងទឹក នោះសត្វណាដែលឥតមានព្រុយ និងស្រកា សត្វនោះត្រូវរាប់ជារបស់គួរខ្ពើមដល់ឯងរាល់គ្នាវិញ ១១ ត្រូវឲ្យខ្ពើមឆ្អើមចំពោះសត្វទាំងនោះ ហើយមិនត្រូវបរិភោគសាច់វាឡើយ ក៏ត្រូវរាប់ខ្មោចវាទុកជារបស់គួរខ្ពើមដែរ ១២ សត្វណានៅក្នុងទឹកដែលគ្មានព្រុយ ហើយនឹងស្រកា នោះជាសត្វគួរខ្ពើមឆ្អើមដល់ឯងរាល់គ្នាហើយ។
១៣ ឯក្នុងបណ្តាសត្វហើរទាំងប៉ុន្មានក៏ដែរ ត្រូវឲ្យឯងរាល់គ្នារាប់សត្វទាំងនេះ ជាសត្វគួរខ្ពើមឆ្អើម មិនត្រូវបរិភោគឡើយ ដ្បិតជាសត្វគួរខ្ពើមហើយ គឺខ្លែង១ ស្ទាំង១ ប្រមង់១ ១៤ ត្មាត១ ហើយរអាតតាមពូជវា ១៥ គ្រប់ទាំងក្អែកតាមពូជវា ១៦ អូសទ្រីច១ ខ្លែងស្រាក១ រំពេ១ ហើយនឹងអកតាមពូជវា ១៧ មៀម១ ស្មោញ១ គូក១ ១៨ ទីទុយ១ ទុង១ ក្រៀល១ ១៩ កុក១ ក្រសារតាមពូជវា១ កំប៉ោយ១ ហើយជ្រឹង១។
២០ អស់ទាំងសត្វស្លាបមានជើង ដែលវារតោងបាន នោះត្រូវរាប់ជាទីខ្ពើមឆ្អើមដល់ឯងរាល់គ្នា ២១ ប៉ុន្តែ ក្នុងពួកសត្វមានស្លាបដែលវារតោង ឬដើរដោយជើង នោះឯងរាល់គ្នាត្រូវបរិភោគបានតែសត្វណា ដែលមានជើងសំរាប់ផ្ទាត់នៅដី ២២ ក្នុងពូជនោះត្រូវបរិភោគសត្វទាំងនេះបាន គឺកណ្តូបតាមពូជវា កន្ទ្រលតាមពូជវា ចង្រិតដែកតាមពូជវា និងចង្រិតដូងតាមពូជវា ២៣ តែអស់ទាំងសត្វស្លាបមានជើង៤ដែលវាតោងបាន នោះឯងរាល់គ្នាត្រូវខ្ពើមឆ្អើមវិញ ២៤ ដ្បិតសត្វទាំងនោះនឹងនាំឲ្យឯងរាល់គ្នាត្រឡប់ទៅជាមិនស្អាតបាន អ្នកណាដែលប៉ះពាល់នឹងខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច ២៥ ហើយអ្នកណាដែលចាប់កាន់ខ្មោចវា យកទៅឯណា អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច ២៦ គ្រប់ទាំងសត្វណាដែលមានក្រចក តែមិនឆែកជា២ ក៏មិនទំពាអៀងផង នោះត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នា អស់អ្នកណាដែលប៉ះពាល់នឹងវា នោះក៏មិនស្អាតដែរ ២៧ ហើយសត្វណាដែលមានបាតជើងទន់ ក្នុងពួកសត្វដែលដើរជើង៤ នោះត្រូវរាប់ទាំងអស់ជាមិនស្អាតដល់ឯងរាល់គ្នា អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច ២៨ អ្នកណាដែលចាប់កាន់ខ្មោចវាយកទៅឯណា នោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច ដ្បិតសត្វទាំងនោះត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នា។
២៩ ឯក្នុងបណ្តាពួកសត្វទាំងប៉ុន្មានដែលលូនវារនៅដី សត្វទាំងនេះក៏ត្រូវរាប់ជាមិនស្អាត ដល់ឯងរាល់គ្នាដែរ គឺស្កា១ កណ្តុរ១ ថ្លែន១ តាមពូជវា ៣០ តុកកែ១ ទន្សង១ ជីងចក់១ បង្កួយ១ ជាស១ ៣១ ក្នុងបណ្តាសត្វលូនវារទាំងប៉ុន្មាន ត្រូវរាប់សត្វទាំងនោះជាសត្វមិនស្អាតដល់ឯងរាល់គ្នា កាលណាវាស្លាប់ហើយ បើអ្នកណាបានប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច ៣២ បើសត្វណាមួយនោះស្លាប់ហើយ ធ្លាក់ទៅប៉ះលើរបស់អ្វី របស់នោះក៏ទៅជាមិនស្អាតហើយ ទោះបើជាប្រដាប់ដែលធ្វើពីឈើឬសំលៀកបំពាក់ ឬស្បែក ឬការុងក្តី គឺប្រដាប់ណាក៏ដោយដែលសំរាប់ប្រើ នោះត្រូវតែត្រាំចុះក្នុងទឹក ប្រដាប់នោះត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច រួចទើបបានស្អាតវិញ ៣៣ ឯគ្រប់ទាំងប្រដាប់ធ្វើពីដីដែលសត្វណាមួយនោះធ្លាក់ចូលទៅក្នុង នោះរបស់អ្វីដែលនៅក្នុងប្រដាប់នោះក៏ទៅជាមិនស្អាតហើយ ត្រូវបំបែកប្រដាប់នោះចោលចេញ ៣៤ ឯអាហារណាសំរាប់បរិភោគដែលមានទឹកចាក់មកលើ នោះទៅជាមិនស្អាតហើយ ឬទឹកណាសំរាប់ផឹកដែលនៅក្នុងប្រដាប់ណាមួយ នោះក៏ទៅជាមិនស្អាតដែរ ៣៥ ហើយរបស់អ្វីក៏ដោយ ដែលកំទេចខ្មោចនៃសត្វទាំងនោះ ធ្លាក់មកលើ នោះក៏ទៅជាមិនស្អាត ទោះបើជាគុកភ្លើង ឬជើងក្រាន នោះត្រូវបំបែកចោលចេញ ព្រោះបានទៅជាមិនស្អាតហើយ ក៏ត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នាផង ៣៦ បើជារន្ធទឹក ឬអណ្តូងដែលមានទឹកដក់នៅនោះជាស្អាតទេ តែទឹកដែលនៅជុំវិញខ្មោចនោះ នឹងត្រូវរាប់ជាមិនស្អាតវិញ ៣៧ បើមានអ្វីរបស់ខ្មោចនៃសត្វទាំងនោះធ្លាក់មកលើពូជអ្វីដែលសំរាប់ដាំព្រោះ ពូជនោះនៅជាស្អាតទេ ៣៨ តែបើគេបានត្រាំក្នុងទឹកហើយ ស្រាប់តែមានអ្វីរបស់ខ្មោចនោះធ្លាក់មកលើ ពូជនោះត្រូវរាប់ជាស្មោកគ្រោកដល់ឯងរាល់គ្នាវិញ។
៣៩ បើសត្វណា ដែលសំរាប់ជាអាហារ ដល់ឯងរាល់គ្នាបានស្លាប់ទៅ ហើយមានអ្នកណាប៉ះពាល់នឹងខ្មោចវា អ្នកនោះត្រូវនៅមិនស្អាតរហូតដល់ល្ងាច ៤០ ឯអ្នកណាដែលបរិភោគសាច់នៃខ្មោចវា នោះត្រូវបោកសំលៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលលើកខ្មោចនោះយកទៅឯណា នោះក៏ត្រូវបោកសំលៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាចដែរ។
៤១ ឯសត្វទាំងប៉ុន្មានដែលលូនវារនៅដី នោះជាសត្វគួរខ្ពើមឆ្អើម មិនត្រូវឲ្យបរិភោគឡើយ ៤២ គឺសត្វណាដែលលូននឹងពោះ ឬវារនឹងជើង៤ ឬដែលមានជើងច្រើនជាពួកសត្វដែលលូនវារនៅដី នោះមិនត្រូវបរិភោគឡើយ ដ្បិតសត្វទាំងនោះជាទីគួរខ្ពើមឆ្អើមហើយ ៤៣ មិនត្រូវឲ្យឯងរាល់គ្នានាំខ្លួនឲ្យទៅជាគួរខ្ពើមឆ្អើម ដោយសារសត្វលូនវារណាមួយឡើយ ក៏មិនត្រូវឲ្យប្រឡាក់នឹងវាដែរ ដើម្បីកុំឲ្យទៅជាមិនស្អាតដោយសារវា ៤៤ ដ្បិតអញនេះ គឺព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដូច្នេះ ចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញ ហើយឲ្យទៅជាបរិសុទ្ធចុះ ដ្បិតអញជាបរិសុទ្ធមិនត្រូវឲ្យឯងរាល់គ្នានាំខ្លួនឲ្យទៅជាមិនស្អាត ដោយសារសត្វណាដែលលូនវារនៅដីឡើយ ៤៥ ដ្បិតអញជាព្រះយេហូវ៉ាដែលបាននាំឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងធ្វើជាព្រះនៃឯងរាល់គ្នា ដូច្នេះ ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធចុះ ដ្បិតអញបរិសុទ្ធ។
៤៦ នេះហើយជាច្បាប់ខាងឯសត្វជើង៤ សត្វហើរ និងគ្រប់ទាំងសត្វដែលរស់នៅក្នុងទឹក ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី ៤៧ ដើម្បីឲ្យចេះសំគាល់សត្វដែលមិនស្អាត និងសត្វដែលស្អាត ហើយសត្វដែលបរិភោគបាន និងសត្វដែលមិនត្រូវបរិភោគឡើយ។