១៥
ក្រឹត្យវិន័យស្តីអំពីភាពមិនស្អាតផ្នែកភេទរបស់បុរស
១ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ និងអើរ៉ុន ២ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើមនុស្សណាមានខ្ទុះហូរចេញពីសាច់ នោះរាប់ជាស្មោកគ្រោកហើយ ដោយព្រោះហូរខ្ទុះនោះ ៣ នេះឯងជាសេចក្តីស្មោកគ្រោករបស់អ្នកនោះ ក្នុងកាលដែលហូរខ្ទុះ ទោះបើកំពុងតែហូរនៅឡើយ ឬបាត់ទៅក្តី នោះគង់តែរាប់ជាស្មោកគ្រោកដែរ ៤ គ្រប់ទាំងដំណេកណាដែលមនុស្សនោះបានដេកនៅ នោះត្រូវស្មោកគ្រោក ហើយរបស់អ្វីដែលអ្នកនោះអង្គុយចុះ ក៏ត្រូវស្មោកគ្រោកដែរ ៥ បើអ្នកណាពាល់គ្រែរបស់អ្នកនោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោក រហូតដល់ល្ងាច ៦ ហើយបើអ្នកណាអង្គុយលើរបស់អ្វី ដែលមនុស្សហូរខ្ទុះនោះបានអង្គុយនៅ នោះត្រូវបោកសំលៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច ៧ បើអ្នកណាពាល់សាច់មនុស្សនោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចទៅជាស្មោកគ្រោករហូតដល់ល្ងាច ៨ បើមនុស្សដែលហូរខ្ទុះនោះស្តោះទៅលើមនុស្សដែលស្អាត អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច ៩ គ្រប់ទាំងកែបណាដែលមនុស្សហូរខ្ទុះនោះនឹងជិះ នោះត្រូវស្មោកគ្រោកដែរ ១០ បើអ្នកណាពាល់របស់អ្វីដែលបាននៅក្រោមអ្នកនោះ នោះត្រូវនៅជាស្មោកគ្រោករហូតដល់ល្ងាច ហើយអ្នកណាដែលចាប់លើករបស់ណាមួយនោះ ក៏ត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច ១១ បើមនុស្សហូរខ្ទុះនោះពាល់អ្នកណាឥតលាងដៃ អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច ១២ ឯប្រដាប់ណាធ្វើពីដីដែលមនុស្សហូរខ្ទុះនឹងចាប់ពាល់ នោះត្រូវបំបែកចោលចេញ ហើយគ្រប់ទាំងប្រដាប់ធ្វើពីឈើ នោះត្រូវលាងនឹងទឹកចេញដែរ។
១៣ បើកាលណាមនុស្ស ដែលហូរខ្ទុះនោះ បានជាស្អាតហើយ នោះត្រូវរាប់៧ថ្ងៃ ឲ្យបានញែកខ្លួនជាស្អាត រួចត្រូវបោកសំលៀកបំពាក់ ហើយងូតក្នុងទឹកដែលហូរ នោះនឹងបានស្អាតវិញ ១៤ លុះដល់ថ្ងៃទី៨ ត្រូវឲ្យយកលលក២ ឬព្រាបជំទើរ២ ទៅប្រគល់ដល់សង្ឃនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ ១៥ ត្រូវឲ្យសង្ឃថ្វាយសត្វនោះ គឺ១សំរាប់ជាដង្វាយលោះបាប ១ទៀតសំរាប់ជាដង្វាយដុត ហើយត្រូវធ្វើឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា ដោយព្រោះរោគហូរខ្ទុះនោះ។
១៦ បើសិនជាមនុស្សណាចេញទឹកកាម នោះត្រូវឲ្យងូតទឹកដុសលាងសាច់ទាំងអស់ចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច ១៧ ហើយសំលៀកបំពាក់ ឬកន្ទេលណាដែលប្រឡាក់ដោយទឹកកាមនោះ ក៏ត្រូវលាងចេញ ហើយនៅជាមិនស្អាតរហូត ដល់ល្ងាចដែរ ១៨ ឯស្ត្រី និងបុរសណាដែលបានសេពសម្ភពគ្នាហើយ នោះត្រូវឲ្យងូតទឹកចេញទាំង២នាក់ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច។
ក្រឹត្យវិន័យស្តីអំពីភាពមិនស្អាតផ្នែកភេទរបស់ស្ត្រី
១៩ បើស្ត្រីណាធ្លាក់ឈាមដោយមានរដូវ នោះត្រូវនៅជាមិនស្អាតអស់៧ថ្ងៃ អ្នកណាដែលពាល់នាង នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច ២០ គ្រប់ទាំងដំណេកណាដែលនាងដេកនៅក្នុងកាលដែលមិនស្អាត ហើយគ្រប់របស់អ្វីនាងបានអង្គុយចុះ ក៏ត្រូវរាប់ជាមិនស្អាតដែរ ២១ ឯអ្នកណាដែលពាល់គ្រែរបស់នាង នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ២២ ហើយអ្នកណាដែលពាល់របស់អ្វីដែលនាងបានអង្គុយ នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ២៣ បើមានអ្វីនៅលើគ្រែ ឬនៅលើរបស់ណាដែលនាងបានអង្គុយ ហើយអ្នកណាទៅប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច ២៤ បើមានបុរសណាទៅរួមដំណេកនឹងនាង ហើយសេចក្តីស្មោកគ្រោករបស់នាងក៏សៅហ្មងដល់ខ្លួន អ្នកនោះត្រូវស្មោកគ្រោកអស់៧ថ្ងៃ ហើយគ្រប់ទាំងដំណេកដែលបុរសនោះដេកនៅ ក៏ស្មោកគ្រោកដែរ។
២៥ បើស្ត្រីណាធ្លាក់ឈាមជាយូរថ្ងៃខុសរដូវ ឬបើធ្លាក់ឈាមមកហួសរដូវ នោះនាងត្រូវជាមិនស្អាតរាល់តែថ្ងៃដែលធ្លាក់ឈាមស្មោកគ្រោកនោះមក ដូចជានៅវេលាដែលមានរដូវដែរ ដ្បិតនាងមិនស្អាតហើយ ២៦ គ្រប់ទាំងដំណេកណាដែលនាងដេកនៅ ក្នុងវេលាដែលធ្លាក់ឈាម នោះត្រូវទុកដូចជាដំណេក ដែលនាងដេក ក្នុងកាលដែលមានរដូវដែរ ហើយគ្រប់ទាំងរបស់អ្វីដែលនាងអង្គុយចុះ នោះត្រូវជាមិនស្អាត ដូចជាសេចក្តីស្មោកគ្រោកនៅរដូវនាងដែរ ២៧ បើអ្នកណាប៉ះពាល់នឹងរបស់ណាមួយនោះ អ្នកនោះក៏មិនស្អាតដែរ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ២៨ បើកាលណានាងបានស្អាតខ្លួន ពីឈាមនោះហើយ នោះនាងត្រូវរាប់ឲ្យគ្រប់៧ថ្ងៃ រួចមកនឹងបានស្អាតវិញ ២៩ លុះដល់ថ្ងៃទី៨ ត្រូវឲ្យនាងយកលលក២ ឬព្រាបជំទើរ២ មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ ៣០ ត្រូវឲ្យសង្ឃថ្វាយ១ជាដង្វាយលោះបាប ១ទៀតជាដង្វាយដុត ហើយត្រូវធ្វើឲ្យធួននឹងនាងនៅចំពោះព្រះយេហូវ៉ា ដោយព្រោះធ្លាក់ឈាមស្មោកគ្រោកនោះ។
៣១ គឺយ៉ាងដូច្នោះហើយ ដែលឯងរាល់គ្នាត្រូវញែកពួកកូនចៅអ៊ីស្រាអែលចេញពីសេចក្តីស្មោកគ្រោករបស់គេ ដើម្បីកុំឲ្យគេត្រូវស្លាប់ ក្នុងសេចក្តីស្មោកគ្រោករបស់គេ ដោយមកនាំឲ្យរោងឧបោសថអញ ដែលនៅកណ្តាលគេបានស្មោកគ្រោកដែរ ៣២ នេះហើយជាច្បាប់ខាងឯអ្នកណាដែលហូរខ្ទុះ ហើយដែលធ្លាក់ទឹកកាមមក ឲ្យគេបានស្មោកគ្រោកដូច្នោះ ៣៣ ហើយខាងឯស្ត្រីដែលឈឺដោយព្រោះមានរដូវ និងខាងឯបុរសណាដែលហូរខ្ទុះ ឬស្ត្រីណា ដែលធ្លាក់ឈាម ហើយខាងឯអ្នកណា ដែលរួមដំណេកនឹងស្ត្រីជាប់មានសេចក្តីស្មោកគ្រោកផង។