១៨
ក្រឹត្យវិន័យផ្សេងៗស្តីអំពីភាពបរិសុទ្ធ
១ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ២ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អញនេះគឺជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ៣ មិនត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តតាមអំពើដែលគេធ្វើនៅស្រុកអេស៊ីព្ទ ជាស្រុកដែលឯងរាល់គ្នាបានអាស្រ័យនោះនៅឡើយ ក៏មិនត្រូវឲ្យប្រព្រឹត្តតាមអំពើដែលគេធ្វើនៅស្រុកកាណាន ជាស្រុកដែលអញនាំឯងរាល់គ្នាទៅនៅនោះដែរ កុំឲ្យដើរតាមរបៀបរបស់គេឲ្យសោះ ៤ ត្រូវឲ្យឯងរាល់គ្នារក្សាបញ្ញត្តរបស់អញ ហើយកាន់តាមអស់ទាំងច្បាប់របស់អញវិញ ដើម្បីនឹងប្រព្រឹត្តតាម អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ៥ ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់អញ បើអ្នកណាកាន់តាម នោះនឹងរស់នៅដោយសារសេចក្តីទាំងនោះឯង អញនេះគឺជាព្រះយេហូវ៉ា។
៦ កុំឲ្យអ្នកណាក្នុងពួកឯងរាល់គ្នាចូលទៅជិតបើកកេរ្តិ៍ខ្មាសរបស់សាច់ញាតិដែលជិតដិតឡើយ អញនេះជាព្រះយេហូវ៉ា ៧ ឯកេរ្តិ៍ខ្មាសរបស់ឪពុកឯង គឺជាកេរ្តិ៍ខ្មាសម្តាយឯង នោះកុំឲ្យបើកឲ្យសោះ ដ្បិតគាត់ជាម្តាយឯង មិនត្រូវបើកកេរ្តិ៍ខ្មាសគាត់ឡើយ ៨ ឯកេរ្តិ៍ខ្មាសនៃប្រពន្ធរបស់ឪពុកឯង នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរ្តិ៍ខ្មាសរបស់ឪពុកឯងហើយ ៩ ឯកេរខ្មាសរបស់បងឬប្អូនស្រីឯង ទោះបើជាកូនខាងឪពុក ឬខាងម្តាយឯង ដែលកើតនៅផ្ទះ ឬនៅឯណាទៀតក្តី នោះក៏មិនត្រូវបើកឡើយ ១០ ឯកេរខ្មាសរបស់ចៅស្រីខាងកូនប្រុស ឬខាងកូនស្រីឯង នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរខ្មាសរបស់ខ្លួនឯងហើយ ១១ ឯកេរខ្មាសរបស់កូនស្រីនៃប្រពន្ធឪពុកឯង ដែលឪពុកឯងបង្កើតមក នោះមិនត្រូវបើកឡើយ ដ្បិតនាងនោះជាបងឬប្អូនស្រីបង្កើតនឹងឯងហើយ ១២ កុំឲ្យបើកកេរខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងឪពុកឯងឡើយ ដ្បិតនាងនោះជាសាច់បង្កើតនឹងឪពុកឯង ១៣ ក៏កុំឲ្យបើកកេរខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងម្តាយឯងដែរ ដ្បិតនាងជាសាច់បង្កើតនឹងម្តាយឯងហើយ ១៤ កុំឲ្យបើកកេរខ្មាសរបស់ឪពុកធំ ឬឪពុកមាខាងឪពុកឯង គឺមិនត្រូវចូលទៅជិតប្រពន្ធគាត់ឡើយ ដ្បិតនាងជាម្តាយធំ ឬម្តាយមីងឯងហើយ ១៥ កុំឲ្យបើកកេរខ្មាសរបស់កូនប្រសាស្រីឯងដែរ ដ្បិតនាងជាប្រពន្ធរបស់កូនឯងហើយ ដូច្នេះ មិនត្រូវបើកកេរខ្មាសរបស់នាងឡើយ ១៦ កុំឲ្យបើកកេរខ្មាសរបស់បង ឬប្អូនប្រុសឯងឡើយ នោះគឺជាកេរខ្មាសរបស់បង ឬប្អូនប្រុសឯងហើយ ១៧ កុំឲ្យបើកកេរខ្មាសរបស់ស្ត្រីណា ហើយនឹងកូនស្រីនាងផងនោះឡើយ ក៏មិនត្រូវយកចៅស្រីខាងកូនប្រុស ឬខាងកូនស្រីនាង ដើម្បីនឹងបើកកេរខ្មាសដែរ ដ្បិតនោះជាសាច់ជិតនឹងនាងពេក គឺជាការអាក្រក់ជួជាតិហើយ ១៨ ហើយកុំឲ្យយកប្រពន្ធថែមទាំងបង ឬប្អូនស្រីរបស់នាង ឲ្យបានប្រណាំងប្រជែងនឹងប្រពន្ធឯង ដើម្បីនឹងបើកកេរខ្មាសនាងផង កំពុងដែលប្រពន្ធនៅរស់នោះឡើយ។
១៩ កុំឲ្យចូលទៅជិតស្ត្រីណា ដើម្បីនឹងបើកកេរខ្មាសនាងកំពុងដែលមានរដូវនោះឡើយ ២០ កុំឲ្យសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាងឯង ដែលនឹងនាំឲ្យខ្លួនស្មោកគ្រោកជាមួយនឹងនាងនោះឡើយ ២១ មិនត្រូវឲ្យកូនចៅរបស់ឯងណាមួយចូលកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុកឲ្យសោះ ក៏កុំឲ្យបង្អាប់ដល់ព្រះនាមព្រះនៃឯងឡើយ អញនេះជាព្រះយេហូវ៉ា ២២ កុំឲ្យរួមដំណេក និងប្រុស ដូចជារួមនឹងស្រីឡើយ ដ្បិតនោះជាអំពើគួរខ្ពើមឆ្អើម ២៣ ក៏កុំឲ្យរួមសង្វាសនឹងសត្វណា ជាការដែលនាំឲ្យស្មោកគ្រោកជាមួយនោះឡើយ ហើយស្រីក៏មិនត្រូវឈរនៅមុខសត្វ ដើម្បីនឹងរួមសង្វាសជាមួយនោះដែរ ដ្បិតជាការច្របូកច្របល់ដ៏លាមក ២៤ កុំឲ្យឯងរាល់គ្នានាំឲ្យខ្លួនស្មោកគ្រោក ដោយប្រព្រឹត្តអំពើទាំងនេះណាមួយឡើយ ដ្បិតសាសន៍ដទៃទាំងប៉ុន្មាន ដែលអញបណ្តេញចេញពីមុខឯងរាល់គ្នា នោះបានស្មោកគ្រោកចំពោះអំពើទាំងនេះហើយ ២៥ ហើយស្រុកគេក៏ត្រូវស្មោកគ្រោកដែរ បានជាអញទំលាក់អំពើទុច្ចរិតរបស់គេទៅលើគេវិញ ឯស្រុកក៏ក្អួតគេចេញទៅផង ២៦ ដូច្នេះ ឯងរាល់គ្នាវិញ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់អញ ហើយកុំប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះឡើយ ទោះទាំងអ្នកស្រុក ឬពួកប្រទេសក្រៅដែលនៅកណ្តាលឯងរាល់គ្នាផង
២៧ ដ្បិតពួកអ្នកនៅស្រុកនោះដែលអាស្រ័យនៅមុនឯងរាល់គ្នា គេបានប្រព្រឹត្តអស់ទាំងអំពើគួរខ្ពើមឆ្អើមនោះ ហើយស្រុករបស់គេក៏បានត្រូវស្មោកគ្រោកទៅ ២៨ ដូច្នេះ បើកាលណាឯងរាល់គ្នានាំឲ្យស្រុកនោះទៅជាស្មោកគ្រោកដែរ នោះក្រែងស្រុកនោះនឹងក្អួតឯងរាល់គ្នាចេញទៀត ដូចជាបានក្អួតពួកសាសន៍ដទៃដែលនៅមុនឯងរាល់គ្នាផង ២៩ ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះ អ្នកនោះឯងនឹងត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ ៣០ ដូច្នេះ ត្រូវឲ្យឯងរាល់គ្នារក្សាបញ្ញើរបស់អញ ដើម្បីកុំឲ្យប្រព្រឹត្តតាមទំលាប់គួរខ្ពើមទាំងនោះ ដែលគេបានប្រព្រឹត្ត មុនឯងរាល់គ្នាឡើយ ហើយដើម្បីកុំឲ្យឯងរាល់គ្នានាំឲ្យខ្លួនស្មោកគ្រោកដោយសារអំពើទាំងនោះផង អញនេះ គឺជាយេហូវ៉ាជាព្រះនៃឯងរាល់គ្នាហើយ។