២២
ដង្វាយដែលមិនអាចបរិភោគបាន
១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ២ ចូរប្រាប់ដល់អើរ៉ុន និងពួកកូនលោក ឲ្យគេរក្សាខ្លួនចំពោះដង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់អញ ដើម្បីកុំឲ្យបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់អញឡើយ អញនេះជាព្រះយេហូវ៉ា ៣ ចូរប្រាប់គេថា អ្នកណាក្នុងពូជឯងរាល់គ្នា នៅអស់ទាំងដំណតរៀងទៅ ដែលជាប់មានសេចក្តីមិនស្អាតណា ក៏ចូលមកឯដង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់ចេញពីមុខអញទៅ អញនេះជាព្រះយេហូវ៉ា ៤ បើមនុស្សណាក្នុងពូជអើរ៉ុនកើតឃ្លង់ ឬហូរខ្ទុះ នោះមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ដរាបដល់បានជាស្អាតសិន ឯអ្នកណាដែលពាល់ដល់មនុស្ស ដែលមិនស្អាតដោយសារខ្មោចស្លាប់ ឬមនុស្សណាដែលមានទឹកកាមចេញពីខ្លួនមក ៥ ឬអ្នកណាដែលពាល់ដល់សត្វលូនវារណា ដែលនាំឲ្យខ្លួនមិនស្អាត ឬដល់មនុស្សណាដែលសេចក្តីមិនស្អាតរបស់អ្នកនោះឆ្លងមកលើខ្លួនបាន ទោះបើមានសេចក្តីមិនស្អាតយ៉ាងណាក៏ដោយ ៦ អ្នកដែលពាល់មនុស្សយ៉ាងនោះ នឹងត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច ហើយមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ដរាបដល់បានងូតទឹកជាមុនសិន ៧ រួចកាលណាថ្ងៃលិចហើយ នោះទើបនឹងបានស្អាត ហើយនឹងបរិភោគរបស់បរិសុទ្ធបាន ដ្បិតនោះជាអាហាររបស់ផងអ្នកនោះ ៨ គេមិនត្រូវបរិភោគសត្វដែលស្លាប់ដោយខ្លួនឯង ឬដែលសត្វអ្វីបានហែកហួរ ជាការដែលនាំឲ្យខ្លួនមិនស្អាតនោះឡើយ អញនេះជាព្រះយេហូវ៉ា ៩ ដូច្នេះ គេត្រូវរក្សាបញ្ញើរបស់អញ ក្រែងគេធ្វើឲ្យបញ្ញើនោះទៅជាអាប់ឱន ហើយគេជាប់មានបាប រួចត្រូវស្លាប់ អញនេះ ជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ។
១០ មិនត្រូវឲ្យអ្នកដទៃណា បរិភោគដង្វាយបរិសុទ្ធឡើយ ឯអ្នកណាដែលស្នាក់នៅផ្ទះសង្ឃ ឬអ្នកស៊ីឈ្នួល ក៏មិនត្រូវបរិភោគដង្វាយបរិសុទ្ធនោះដែរ ១១ ប៉ុន្តែ បើសង្ឃណាបានយកប្រាក់ទៅទិញបាវមក បាវនោះនឹងបរិភោគបាន ហើយអស់អ្នកដែលកើតក្នុងផ្ទះនោះផង គេនឹងបរិភោគអាហាររបស់សង្ឃបាន ១២ បើកូនស្រីរបស់សង្ឃណាបានយកប្តីជាអ្នកក្រៅ នាងនោះមិនត្រូវបរិភោគដង្វាយបរិសុទ្ធដែលលើកថ្វាយចុះឡើងទៀតឡើយ ១៣ តែបើកូនស្រីរបស់សង្ឃណាជាមេម៉ាយ ឬដែលប្តីលែងឥតមានកូន ហើយបានត្រឡប់មកនៅផ្ទះឪពុកខ្លួន ដូចកាលនៅក្រមុំវិញ នាងនោះនឹងបរិភោគអាហាររបស់ឪពុកបាន តែមិនត្រូវឲ្យអ្នកដទៃណាបរិភោគទេ ១៤ បើអ្នកដទៃណាបរិភោគអ្វីពីដង្វាយបរិសុទ្ធដោយឥតដឹង ត្រូវឲ្យអ្នកនោះសងរបស់បរិសុទ្ធដល់សង្ឃវិញ ព្រមទាំងថែម១ភាគក្នុង៥ផង ១៥ គេមិនត្រូវធ្វើឲ្យដង្វាយបរិសុទ្ធរបស់ពួកកូនចៅអ៊ីស្រាអែល ដែលបានថ្វាយដល់ព្រះយេហូវ៉ាទៅជាអាប់ឱនឡើយ ១៦ យ៉ាងនោះជាហេតុនាំឲ្យគេមានសេចក្តីទុច្ចរិត ដែលនាំឲ្យមានទោស ដោយបានបរិភោគដង្វាយបរិសុទ្ធរបស់គេដូច្នេះ ដ្បិតអញនេះជាព្រះយេហូវ៉ា ដែលញែកចេញជាបរិសុទ្ធ។
ការជ្រើសរើសសត្វសំរាប់ធ្វើយញ្ញបូជា
១៧ ព្រះយេហូវ៉ាទ្រប់បង្គាប់ម៉ូសេ ១៨ ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោក ព្រមទាំងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ឯអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែលទាំងអស់គ្នាថា ឯអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកសំណាក់នៅជាមួយ ដែលគេនឹងថ្វាយដង្វាយរបស់ខ្លួន ទោះជាដង្វាយលាបំណន់ ឬដង្វាយថ្វាយដោយស្ម័គ្រពីចិត្តក្តី ដែលគេនឹងនាំមកថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា ១៩ នោះបើគេចង់ឲ្យទ្រង់ទទួល ត្រូវឲ្យគេថ្វាយសត្វឈ្មោលដ៏ឥតខ្ចោះពីហ្វូងគោ ហ្វូងចៀម ឬហ្វូងពពែក្តី ២០ តែសត្វណាដែលវិកលវិការ នោះមិនត្រូវឲ្យឯងរាល់គ្នាថ្វាយឡើយ ដ្បិតទ្រង់មិនទទួលសត្វយ៉ាងនោះស្នងឯងរាល់គ្នាទេ ២១ ហើយអ្នកណាដែលថ្វាយយញ្ញបូជា ជាដង្វាយមេត្រីដល់ព្រះយេហូវ៉ា សំរាប់លាបំណន់ ឬជាដង្វាយស្ម័គ្រពីចិត្ត ទោះបើគោឬចៀមក្តី សត្វនោះត្រូវតែបានពេញខ្នាត ទើបទ្រង់ទទួល មិនត្រូវឲ្យមានវិកលវិការអ្វីឡើយ ២២ ឯសត្វដែលខ្វាក់ បាក់ជើង កំបុតជើង ឬកើតដំបៅ អង្គែ ឬមានក្រមរ នោះមិនត្រូវថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយជាដង្វាយដុតដល់ទ្រង់នៅលើអាសនាឡើយ ២៣ បើគោឬចៀម មានអវយវៈខ្វះខាតមិនខានពេញលេញ នោះឯងនឹងថ្វាយជាដង្វាយស្ម័គ្រពីចិត្តបាន តែទ្រង់មិនទទួលសត្វនោះសំរាប់ជាដង្វាយលាបំណន់ទេ ២៤ បើសត្វណាមានពងខូច ឬខ្ទាំ ឬបែក ឬក្រៀវ នោះមិនត្រូវឲ្យឯងរាល់គ្នាថ្វាយដល់ព្រះយេហូវ៉ាឡើយ ក៏មិនត្រូវធ្វើដូច្នោះនៅក្នុងស្រុកឯងដែរ ២៥ មិនត្រូវឲ្យឯងរាល់គ្នាទទួលសត្វណាយ៉ាងនោះ ពីអ្នកប្រទេសក្រៅ សំរាប់នឹងថ្វាយជាព្រះស្ងោយរបស់ព្រះនៃឯងឡើយ ពីព្រោះសត្វយ៉ាងនោះមិនពេញខ្នាតទេ គឺមានវិកលវិការហើយ ទ្រង់មិនទទួលស្នងឯងរាល់គ្នាឡើយ។
២៦ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ២៧ កាលណាកូនគោ ឬកូនចៀម ឬកូនពពែកើតមក នោះត្រូវឲ្យវានៅជាមួយនឹងមេអស់៧ថ្ងៃ រួចតាំងពីថ្ងៃទី៨ទៅមុខ នោះនឹងទទួល សំរាប់ជាដង្វាយដុត ថ្វាយព្រះយេហូវ៉ាបាន ២៨ តែទោះបើគោ ឬចៀមក្តី នោះមិនត្រូវសំឡាប់ទាំងមេទាំងកូននៅថ្ងៃដដែលទេ ២៩ បើកាលណាឯងរាល់គ្នាថ្វាយយញ្ញបូជា ទុកជាដង្វាយអរព្រះគុណដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយបែបឲ្យទ្រង់បានទទួលឯងចុះ ៣០ រួចត្រូវតែបរិភោគដង្វាយនោះនៅថ្ងៃនោះឯង មិនត្រូវទុកអ្វីឲ្យនៅដល់ព្រឹកឡើយ អញនេះជាព្រះយេហូវ៉ា ៣១ ដូច្នេះ ឯងរាល់គ្នាត្រូវកាន់អស់ទាំងបញ្ញត្តរបស់អញ ហើយប្រព្រឹត្តតាមផង អញនេះជាព្រះយេហូវ៉ា ៣២ មិនត្រូវឲ្យឯងរាល់គ្នាបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់អញឡើយ គឺដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែល បានដំកើងអញឡើងជាបរិសុទ្ធ អញនេះ គឺព្រះយេហូវ៉ា ដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ ៣៣ ហើយបាននាំឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជាព្រះនៃឯងរាល់គ្នា អញនេះជាព្រះយេហូវ៉ា។