ព្រះយេស៊ូវ​ត្រាស់ហៅ​សិស្ស​បី​រូប
(ម៉ាថាយ​៤.១៨-២២ ម៉ាកុស​១.១៦-២០)
១ កាល​ទ្រង់​កំពុង​ឈរ នៅ​មាត់​សមុទ្រ​គេនេសារ៉ែត នោះ​មាន​មនុស្ស​កកកុញ​ប្រជ្រៀត​គ្នា​មក​ឯ​ទ្រង់ ដើម្បី​នឹង​ស្តាប់​ព្រះបន្ទូល ២ ហើយ​ទ្រង់​ទត​ឃើញ​ទូក​២​ចត​នៅ​មាត់​សមុទ្រ ដែល​ពួក​អ្នក​នេសាទ​បាន​ឡើង​ទៅ​លាង​អួន​ហើយ ៣ ទ្រង់​យាង​ចុះ​ទូក​១​នោះ ជា​ទូក​របស់​ស៊ីម៉ូន ក៏​សូម​ឲ្យ​គាត់​ចេញ​ទូក​ពី​ដី​បន្តិច​ទៅ រួច​ទ្រង់​គង់​បង្រៀន​ដល់​បណ្តា​មនុស្ស​ពី​ក្នុង​ទូក​វិញ ៤ លុះ​ឈប់​អធិប្បាយ​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ស៊ីម៉ូន​ថា ឲ្យ​ចេញ​ទូក​ទៅ​ឯ​កន្លែង​ទឹក​ជ្រៅ​ទំលាក់​អួន​ចាប់​ត្រី​ចុះ ៥ ស៊ីម៉ូន​ទូល​ឆ្លើយ​ថា លោក​គ្រូ​អើយ យប់​មិញ យើង​ខ្ញុំ​បាន​ខំ​ដឹក​អួន​ទាល់​ភ្លឺ គ្មាន​បាន​អ្វី​សោះ តែ​ខ្ញុំ​នឹង​ទំលាក់​អួន តាម​ពាក្យ​លោក​មើល ៦ កាល​ទំលាក់​ទៅ នោះ​ក៏​ជាប់​បាន​ត្រី​សន្ធឹក ដល់​ម៉្លេះ​បាន​ជា​អួន​ចាប់​តាំង​ធ្លាយ ៧ នោះ​គេ​បោយ​ដៃ​ហៅ​គូកន ដែល​នៅ​ក្នុង​ទូក​១​ទៀត ឲ្យ​មក​ជួយ​គ្នា គេ​ក៏​មក ហើយ​ចាប់​ដាក់​បាន​ពេញ​ទូក​ទាំង​២ ទាល់​តែ​ពៀប​ស្ទើរ​នឹង​លិច ៨ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឃើញ​ដូច្នោះ នោះ​គាត់​ក្រាប​នៅ​ទៀប​ព្រះជង្ឃ​ព្រះយេស៊ូវ ទូល​ថា ព្រះអម្ចាស់​អើយ សូម​ថយ​ចេញ​ពី​ទូលបង្គំ ដ្បិត​ទូលបង្គំ​ជា​មនុស្ស​មាន​បាប ៩ គាត់​ទូល​ដូច្នោះ ដោយ​ហេតុ​គាត់ និង​ពួក​អ្នក​នៅ​ជា​មួយ នឹក​ស្ងើច​ក្នុង​ចិត្ត ពី​ត្រី​ដែល​បាន​ច្រើន​ដល់​ម៉្លោះ ១០ ហើយ​យ៉ាកុប និង​យ៉ូហាន ជា​កូន​សេបេដេ ដែល​ជា​ពួក​ហ៊ុន​នឹង​ស៊ីម៉ូន ក៏​ដូច្នោះ​ដែរ តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ស៊ីម៉ូន​ថា កុំ​ខ្លាច​អី ពី​នេះ​ទៅ​មុខ អ្នក​នឹង​ចាប់​មនុស្ស​វិញ ១១ រួច​កាល​ទូក​បាន​ដល់​គោក នោះ​គេ​ទុក​របស់​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ទ្រង់​ទៅ។
ព្រះយេស៊ូវ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា
(ម៉ាថាយ​៨.១-៤ ម៉ាកុស​១.៤០-៤៥)
១២ កាល​ព្រះយេស៊ូវ​គង់​នៅ​ក្នុង​ទី​ក្រុង​១ នោះ​មាន​មនុស្ស​ម្នាក់​កើត​ឃ្លង់​ពេញ​ទាំង​ខ្លួន គាត់​ឃើញ​ទ្រង់ ក៏​ទំលាក់​ខ្លួន​ផ្កាប់​មុខ​ទូល​អង្វរ​ថា ព្រះអម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន ១៣ ទ្រង់​ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ដោយ​ព្រះបន្ទូល​ថា ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ចុះ ស្រាប់​តែ​ឃ្លង់​ចេញ​ពី​គាត់​ជា​១​រំពេច​ទៅ ១៤ រួច​ទ្រង់​ហាម​មិន​ឲ្យ​គាត់​ប្រាប់​ដល់​អ្នក​ណា​ឡើយ តែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​សង្ឃ​ពិនិត្យ​មើល ហើយ​ថ្វាយ​ដង្វាយ​ដោយ​ព្រោះ​បាន​ជា​ស្អាត​វិញ ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​ពួក​លោក ១៥ ប៉ុន្តែ ចេះ​តែ​ឮ​និយាយ​ពី​ទ្រង់​កាន់​តែ​ខ្លាំង​ឡើង ក៏​មាន​មនុស្ស​កកកុញ​មក​ស្តាប់​ផង ហើយ​ឲ្យ​ទ្រង់​បាន​ប្រោស​ជំងឺ​គេ​ឲ្យ​ជា​ផង ១៦ តែ​ទ្រង់​ថយ​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ដើម្បី​អធិស្ឋាន​វិញ។
ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា
(ម៉ាថាយ​៩.១-៨ ម៉ាកុស​២.១-១២)
១៧ មាន​ថ្ងៃ​១ កាល​ទ្រង់​កំពុង​តែ​បង្រៀន នោះ​មាន​ពួក​ផារិស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​ចេញ​ពី​គ្រប់​ទាំង​ភូមិ​ស្រុក​កាលីឡេ ស្រុក​យូដា និង​ក្រុង​យេរូសាឡិម គេ​មក​អង្គុយ​ស្តាប់ ហើយ​ព្រះចេស្តា​នៃ​ព្រះអម្ចាស់​ក៏​នៅ​ទី​នោះ បំរុង​នឹង​ប្រោស​គេ​ឲ្យ​ជា​ដែរ ១៨ នោះ​ឃើញ​មាន​គេ​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក គេ​រក​ផ្លូវ​នាំ​គាត់​ចូល​ទៅ​ដាក់​នៅ​ចំពោះ​ទ្រង់ ១៩ តែ​ពុំ​បាន​សោះ ដោយ​ព្រោះ​មាន​មនុស្ស​សន្ធឹក​ណាស់ នោះ​ក៏​ឡើង​ទៅ​លើ​ដំបូល សំរូត​គាត់​ទៅ ទាំង​ដេក​លើ​គ្រែ នៅ​កណ្តាល​ជំនុំ ចំពោះ​ព្រះយេស៊ូវ តាម​ប្រហោង​ដំបូល ២០ លុះ​ទ្រង់​បាន​ឃើញ​សេចក្តី​ជំនឿ​របស់​គេ​ដូច្នោះ ក៏​មាន​ព្រះបន្ទូល​ថា អ្នក​អើយ បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ ២១ នោះ​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ចាប់​តាំង​រិះគិត​គ្នា​ថា តើ​អ្នក​ណា​នេះ ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​ដូច្នេះ ក្រៅ​ពី​ព្រះ​១ តើ​មាន​អ្នក​ណា​អាច​នឹង​អត់​ទោស​បាប​បាន ២២ តែ​ព្រះយេស៊ូវ​បាន​ជ្រាប​គំនិត​គេ ក៏​មាន​ព្រះបន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រិះគិត​ក្នុង​ចិត្ត​ដូច្នេះ ២៣ ដ្បិត​ដែល​ថា បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ ឬ​ថា ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ដែល​ងាយ​ថា​ជា​ជាង ២៤ ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន (នោះ​ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​វិញ) ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ ២៥ គាត់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មុខ​គេ​ជា​១​រំពេច ហើយ​លើក​គ្រែ ដែល​បាន​ដេក ចេញ​ទៅ​ឯ​ផ្ទះ ទាំង​សរសើរដំកើង​ដល់​ព្រះ​បណ្តើរ ២៦ នោះ​បណ្តា​មនុស្ស​កើត​មាន​សេចក្តី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​សរសើរដំកើង​ព្រះ ហើយ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង​ថា យើង​បាន​ឃើញ​ការ​ចំឡែក​ណាស់​នៅ​ថ្ងៃ​នេះ។
ព្រះយេស៊ូវ​ត្រាស់ហៅ​លោក​លេវី
(ម៉ាថាយ​៩.៩-១៣ ម៉ាកុស​២.១៣-១៧)
២៧ ក្រោយ​ការ​ទាំង​នោះ ទ្រង់​យាង​ចេញ​ទៅ ឃើញ​អ្នក​យក​ពន្ធ​ម្នាក់ ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​ទី​យក​ពន្ធ ទ្រង់​មាន​ព្រះបន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ឯ​ណេះ ២៨ គាត់​ក៏​ទុក​របស់​ទាំង​អស់​ចោល ក្រោក​តាម​ទ្រង់​ទៅ ២៩ លេវី​បាន​រៀប​ជប់លៀង​ជា​ធំ​ថ្វាយ​ទ្រង់​នៅ​ផ្ទះ​គាត់ ហើយ​មាន​អ្នក​យក​ពន្ធ​ទាំង​ហ្វូង និង​មនុស្ស​ឯ​ទៀត​មក​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ដែរ ៣០ ពួក​អាចារ្យ និង​ពួក​ផារិស៊ី គេ​ឌុកដាន់​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​បរិភោគ ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប​ដូច្នេះ ៣១ តែ​ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ពួក​អ្នក​ជា​មិន​ត្រូវ​ការ​នឹង​គ្រូពេទ្យ​ទេ ត្រូវ​ការ​តែ​ពួក​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ ៣២ ខ្ញុំ​មិន​បាន​ហៅ​ពួក​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប ឲ្យ​គេ​ប្រែ​ចិត្ត​វិញ​ទេ​តើ។
អំពី​ការ​តម​អាហារ
(ម៉ាថាយ​៩.១៤-១៧ ម៉ាកុស​២.១៨-២២)
៣៣ គេ​ទូល​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​លោក​យ៉ូហាន​តម ហើយ​អធិស្ឋាន​ជា​ញយៗ ដូច​ជា​សិស្ស​របស់​ពួក​ផារិស៊ី​ដែរ តែ​សិស្ស​លោក​តែង​តែ​បរិភោគ​ដូច្នេះ​វិញ ៣៤ ទ្រង់​មាន​ព្រះបន្ទូល​តប​ថា កំពុង​ដែល​ប្តី​ថ្មោងថ្មី​នៅ​ជា​មួយ​គ្នា តើ​អាច​នឹង​ឲ្យ​ពួក​សំឡាញ់​គាត់​តម​អាហារ​បាន​ឬ​ទេ ៣៥ តែ​នឹង​មាន​ថ្ងៃ​មក​ដល់ កាល​ណោះ ប្តី​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ នៅ​គ្រា​នោះ គេ​នឹង​តម​វិញ ៣៦ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ជា​ពាក្យ​ប្រៀប​ប្រដូច​ថា គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ បើ​ធ្វើ​ដូច្នោះ នឹង​នាំ​ឲ្យ​រហែក​ដល់​ទាំង​កំណាត់​ថ្មី​ដែរ ហើយ​កំណាត់​ដែល​យក​ពី​អាវ​ថ្មី ក៏​មិន​សម​នឹង​អាវ​ចាស់​ផង ៣៧ ក៏​គ្មាន​អ្នក​ណា​ដែល​យក​ស្រា​ទំពាំងបាយជូរ​ថ្មី ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ស្រា​ទំពាំងបាយជូរ​ថ្មី នឹង​ទំលាយ​ថង់​ស្បែក​ហូរ​ចេញ​មក ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ផង ៣៨ តោង​តែ​ដាក់​ស្រា​ទំពាំងបាយជូរ​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​វិញ នោះ​ទាំង​២​យ៉ាង​នឹង​បាន​គង់​នៅ ៣៩ លុះ​កាល​បាន​ផឹក​ស្រា​ទំពាំងបាយជូរ​ចាស់​ហើយ គ្មាន​អ្នក​ណា​ចង់​បាន​ថ្មី​ទេ ដ្បិត​គេ​ថា​ចាស់​ឆ្ងាញ់​ជាង។