៨
ស្រ្តីៗដែលបំរើព្រះយេស៊ូវ
១ ក្រោយនោះមកទៀត ទ្រង់យាងទៅប្រដៅក្នុងគ្រប់ក្រុងគ្រប់ភូមិជាមួយនឹងពួក១២នាក់ ព្រមទាំងប្រាប់ដំណឹងល្អពីនគរព្រះ ២ ក៏មាន ស្ត្រីខ្លះដែលបានជាពីអារក្សអសោច ហើយពីជំងឺផ្សេងៗបានទៅជាមួយដែរ គឺមានម៉ារា ហៅថាអ្នកស្រុកម៉ាក់ដាឡា ដែលមានអារក្ស៧ចេញពីនាង១ ៣ និងយ៉ូអាន់ ជាប្រពន្ធឃូសា មហាតលិកស្តេចហេរ៉ូឌ១ ស៊ូសាន១ ហើយស្ត្រីឯទៀតៗជាច្រើនដែរ ដែលយកទ្រព្យខ្លួនមកជួយទ្រង់។
ប្រស្នាអំពីគ្រាប់ពូជ
(ម៉ាថាយ១៣.១-៩ ម៉ាកុស៤.១-៩)
៤ កាលមានមនុស្សមកពីគ្រប់ស្រុក ប្រជុំគ្នាឯទ្រង់ជាណែនណាន់តាន់តាប់ហើយ នោះទ្រង់មានព្រះបន្ទូលដោយពាក្យប្រៀបប្រដូចថា ៥ «មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ត្រូវគេដើរជាន់ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី ៦ ខ្លះទៀតធ្លាក់ទៅលើថ្ម កាលពន្លកឡើង នោះក៏ក្រៀមស្វិតទៅ ពីព្រោះគ្មានធាតុសើមសោះ ៧ មានខ្លះទៀតធ្លាក់ទៅកណ្តាលបន្លា បន្លាក៏ដុះឡើងជាមួយ ហើយរួបខ្ទប់វា ៨ មានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏ពន្លកដុះឡើង បង្កើតផលផ្លែបាន១ជា១រយភាគ» កាលទ្រង់មានព្រះបន្ទូលសេចក្តីទាំងនោះស្រេចហើយ នោះក៏បន្លឺវាចាថា «អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ»។
ព្រះយេស៊ូវពន្យល់ពាក្យប្រស្នាស្តីអំពីគ្រាប់ពូជ
(ម៉ាថាយ១៣.១០-២៣ ម៉ាកុស៤.១០-២០)
៩ ពួកសិស្សទូលសួរទ្រង់ថា ពាក្យប្រៀបនេះមានន័យដូចម្តេច ១០ ទ្រង់ឆ្លើយថា ឯអ្នករាល់គ្នា ព្រះបានប្រទានឲ្យស្គាល់អស់ទាំងការអាថ៌កំបាំងរបស់នគរទ្រង់ហើយ តែបានសំដែងដល់អ្នកឯទៀត ដោយពាក្យប្រៀបប្រដូចវិញ ដើម្បីកាលណាគេឃើញ នោះមិនឃើញវិញ ហើយកាលណាគេឮ នោះមិនយល់ឡើយ ១១ រីឯពាក្យប្រៀបប្រដូចនេះ គឺស្រាយយ៉ាងនេះថា ពូជនោះ គឺព្រះបន្ទូល ១២ ឯពួកអ្នកដែលទទួលតាមផ្លូវ គឺជាអស់អ្នកដែលបានឮ រួចអារក្សមកឆក់យកព្រះបន្ទូលពីចិត្តគេចេញទៅ ក្រែងគេជឿ ហើយបានសង្គ្រោះ ១៣ ឯពួកអ្នកដែលទទួលនៅលើថ្ម គឺអស់អ្នកដែលកាលណាឮព្រះបន្ទូលហើយ នោះក៏ទទួលដោយអំណរ តែគ្មានចាក់ឫសសោះ គេជឿនៅតែ១ស្របក់ប៉ុណ្ណោះ លុះកើតមានសេចក្តីល្បួង នោះគេរសាយចិត្តទៅវិញ ១៤ ឯពូជដែលធ្លាក់ទៅក្នុងបន្លា គឺអស់អ្នកដែលបានឮ រួចចេញទៅ នោះសេចក្តីខ្វល់ខ្វាយនឹងទ្រព្យសម្បត្តិ ហើយនិងសេចក្តីស្រើបស្រាលនៅជីវិតនេះ ក៏ចូលមកខ្ទប់ជិត មិនឲ្យបង្កើតផលផ្លែដ៏ពេញលេញបានឡើយ ១៥ តែពូជដែលនៅដីល្អ គឺពួកអ្នកដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្តីអត់ធន់វិញ។
ប្រស្នាអំពីចង្កៀង
(ម៉ាកុស៤.២១-២៥)
១៦ គ្មានអ្នកណាអុជចង្កៀង រួចយកផើងមកគ្រប ឬយកទៅដាក់នៅក្រោមគ្រែឡើយ គេតែងដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកណា ដែលចូលមកបានឃើញពន្លឺភ្លឺ ១៧ ដ្បិតគ្មានអ្វីលាក់កំបាំងដែលមិនត្រូវបើកសំដែងចេញ ឬអ្វីជាសំងាត់ដែលមិនត្រូវឲ្យដឹង ហើយយកទៅដាក់នៅពន្លឺនោះឡើយ ១៨ ដូច្នេះ ត្រូវឲ្យប្រយ័ត្ន ដែលអ្នករាល់គ្នាឮជាយ៉ាងណា ដ្បិតអ្នកណាដែលមាន គេនឹងឲ្យដល់អ្នកនោះ ប៉ុន្តែអ្នកណាដែលគ្មាន នោះនឹងដកយកទាំងរបស់ដែលមើលទៅដូចជាអ្នកនោះមានចេញផង។
មាតា និងបងប្អូនរបស់ព្រះយេស៊ូវ
(ម៉ាថាយ ១២.៤៦-៥០ ម៉ាកុស ៣.៣១-៣៥)
១៩ នោះមាតា និងបងប្អូនទ្រង់ ក៏មករកទ្រង់ តែចូលទៅឯទ្រង់មិនបាន ដោយព្រោះមានមនុស្សច្រើនណាស់ ២០ មានគេទូលទ្រង់ថា «ម្តាយ និងបងប្អូនលោក មកឈរនៅខាងក្រៅ ចង់ជួបនឹងលោក» ២១ តែទ្រង់ឆ្លើយទៅគេថា «ឯអ្នកដែលជាម្តាយ និងបងប្អូនខ្ញុំ គឺអស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាមវិញ»។
ព្រះយេស៊ូវធ្វើឲ្យរលកស្ងប់
(ម៉ាថាយ៨.២៣-២៧ ម៉ាកុស៤.៣៥-៤១)
២២ មានកាល១ថ្ងៃនោះ ទ្រង់ចុះទូកជាមួយនឹងពួកសិស្ស ហើយមានព្រះបន្ទូលទៅគេថា «ចូរយើងឆ្លងទៅត្រើយម្ខាង» នោះក៏ចេញទៅ ២៣ កាលកំពុងតែបើកក្តោងទៅ នោះទ្រង់ផ្ទំលក់ រួចមានខ្យល់ព្យុះធ្លាក់មកលើសមុទ្រ ទឹកក៏ចូលស្ទើរតែពេញទូក ហើយគេភ័យខ្លាចលិច ២៤ គេចូលទៅ តើនទ្រង់ទូលថា «លោកគ្រូៗអើយ យើងខ្ញុំស្លាប់ហើយ តែទ្រង់ក្រោកឡើង កំហែងទៅខ្យល់ និងទឹក ដែលកំពុងបោកបក់ជាខ្លាំង នោះក៏ស្ងប់បាត់ឈឹងទៅ» ២៥ រួចទ្រង់មានព្រះបន្ទូលទៅគេថា «តើសេចក្តីជំនឿរបស់អ្នករាល់គ្នានៅឯណា»? គេក៏ភ័យខ្លាច ហើយមានសេចក្តីអស្ចារ្យក្នុងចិត្ត ទាំងនិយាយគ្នាទៅវិញទៅមកថា «ចុះលោកនេះជាអ្វី បានជាលោកបង្គាប់ទៅទាំងខ្យល់ទាំងទឹកបាន ហើយទាំង២យ៉ាងក៏ស្តាប់បង្គាប់លោកដែរដូច្នេះ»។
ព្រះយេស៊ូវប្រោសបុរសអារក្សចូលម្នាក់
(ម៉ាថាយ៨.២៨-៣៤ ម៉ាកុស៥.១-២០)
២៦ ទ្រង់ និងពួកសិស្សក៏មកដល់ស្រុកគេរ៉ាស៊ីន ដែលប្រទល់មុខនឹងស្រុកកាលីឡេ ២៧ កាលឡើងដល់លើគោក នោះមានមនុស្សម្នាក់ចេញពីក្រុងនោះមកជួបនឹងទ្រង់ គាត់មានអារក្សចូលជាយូរមកហើយ គ្មានស្លៀកពាក់អ្វីឡើយ គាត់មិននៅក្នុងផ្ទះទេ គឺអាស្រ័យនៅតែក្នុងផ្នូរខ្មោចវិញ ២៨ កាលបានឃើញព្រះយេស៊ូវ នោះគាត់ស្រែកឡើង ក៏ទំលាក់ខ្លួនក្រាបនៅចំពោះទ្រង់ ទូលជាសំឡេងខ្លាំងថា «ឱព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតអើយ តើទ្រង់ ហើយនិងទូលបង្គំ មានការអ្វីនឹងគ្នា ទូលបង្គំសូមអង្វរទ្រង់ កុំឲ្យធ្វើទុក្ខទូលបង្គំឡើយ» ២៩ ដ្បិតទ្រង់កំពុងតែបង្គាប់ដល់វិញ្ញាណអសោច ឲ្យចេញពីមនុស្សនោះទៅ ពីព្រោះវាបានជាន់គាត់ជាយូរមកហើយ គេបានយកច្រវាក់ យកខ្នោះដាក់ ទាំងថែរក្សាគាត់ដែរ តែគាត់ចេះតែផ្តាច់ចំណងទាំងនោះចេញ ហើយអារក្សវានាំបណ្តាលឲ្យទៅនៅទីស្ងាត់ ៣០ ព្រះយេស៊ូវមានព្រះបន្ទូល សួរគាត់ថា «អ្នកឈ្មោះអី» គាត់ទូលថា ទូលបង្គំឈ្មោះ«កងទ័ព» ព្រោះមានអារក្សជាច្រើនចូលគាត់ ៣១ អារក្សទាំងនោះក៏សូមអង្វរ កុំឲ្យទ្រង់បង្គាប់វា ឲ្យចុះទៅក្នុងជង្ហុកធំឡើយ ៣២ នៅទីនោះ មានហ្វូងជ្រូកយ៉ាងធំ កំពុងតែរកស៊ីនៅលើភ្នំ ហើយអារក្សទាំងនោះក៏សូមអង្វរទ្រង់ ឲ្យបើកឲ្យវាចូលទៅក្នុងជ្រូកទាំងនោះ ទ្រង់ក៏បើកឲ្យ ៣៣ រួចវាចេញពីមនុស្សនោះ ចូលទៅក្នុងហ្វូងជ្រូកៗក៏បោលម្នីម្នា តាមភ្នំចោតធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ ៣៤ កាលពួកអ្នកគង្វាលជ្រូកបានឃើញដូច្នោះ ក៏នាំគ្នារត់ទៅប្រាប់ដល់ជនក្នុងក្រុង ហើយនិងស្រុកស្រែ ៣៥ រួចមនុស្សទាំងឡាយក៏ចេញមកមើលការដែលកើតមកនោះ គេមកដល់ព្រះយេស៊ូវ ឃើញមនុស្សដែលអារក្សទាំងនោះបានចេញ កំពុងតែអង្គុយទៀបព្រះបាទទ្រង់ ទាំងស្លៀកពាក់ ហើយដឹងខ្លួន នោះគេមានសេចក្តីភ័យខ្លាចគ្រប់គ្នា ៣៦ ពួកអ្នកដែលបានឃើញការនោះ ក៏ប្រាប់គេពីបែបយ៉ាងណាដែលមនុស្សអារក្សចូលនោះបានជា ៣៧ រួចមនុស្សទាំងប៉ុន្មាន ដែលនៅជុំវិញស្រុកគេរ៉ាស៊ីន គេសូមឲ្យទ្រង់ថយចេញពីគេទៅ ដ្បិតគេកើតមានសេចក្តីស្ញែងខ្លាចជាខ្លាំង នោះទ្រង់យាងចុះទូកត្រឡប់វិលវិញទៅ ៣៨ ឯមនុស្សដែលអារក្សបានចេញនោះ គាត់សូមអង្វរទ្រង់ ឲ្យបានទៅជាមួយដែរ ប៉ុន្តែព្រះយេស៊ូវឲ្យគាត់ទៅវិញ ដោយប្រាប់ថា ៣៩ ចូរវិលទៅឯផ្ទះអ្នកទៅ ហើយប្រាប់ពីគ្រប់ទាំងការដែលព្រះបានប្រោសដល់អ្នកវិញ គាត់ក៏ទៅផ្សាយប្រាប់ពេញក្នុងទីក្រុង ពីគ្រប់ទាំងការដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន។
ព្រះយេស៊ូវប្រោសស្ត្រីមានជំងឺធ្លាក់ឈាមឲ្យជា និងប្រោសកូនស្រីលោកយ៉ៃរ៉ុសឲ្យរស់ឡើងវិញ
(ម៉ាថាយ៩.១៨-២៦ ម៉ាកុស៥.២១-៤៣)
៤០ កាលព្រះយេស៊ូវបានត្រឡប់ទៅវិញហើយ នោះបណ្តាមនុស្សក៏ទទួលទ្រង់ដោយអំណរ ដ្បិតគេទន្ទឹងមើលតែផ្លូវទ្រង់ទាំងអស់គ្នា ៤១ នោះឃើញមានមនុស្សម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេសាលាប្រជុំ គាត់មកទំលាក់ខ្លួនក្រាបនៅទៀបព្រះបាទព្រះយេស៊ូវ សូមអង្វរទ្រង់ ឲ្យយាងទៅផ្ទះគាត់ ៤២ ព្រោះគាត់មានកូនស្រីតែ១ អាយុប្រហែល១២ឆ្នាំ មានជំងឺឈឺជិតស្លាប់ កាលទ្រង់កំពុងតែយាងទៅ នោះបណ្តាមនុស្សប្រជ្រៀតគ្នាលើទ្រង់។
៤៣ ហើយមានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាម១២ឆ្នាំមកហើយ នាងបានចំណាយទ្រព្យខ្លួនទាំងអស់ ដោយរកគ្រូពេទ្យ តែគ្មានគ្រូណាមួយមើលឲ្យជាបានទេ ៤៤ នាងមកពីក្រោយ ចាប់ពាល់ជាយព្រះពស្ត្រទ្រង់ នោះឈាមក៏បាត់ធ្លាក់មកក្នុងខណៈ១រំពេចនោះ ៤៥ ព្រះយេស៊ូវមានព្រះបន្ទូលសួរថា អ្នកណាពាល់ខ្ញុំ កាលមនុស្សទាំងអស់កំពុងតែប្រកែក នោះពេត្រុស និងពួកអ្នកដែលនៅជាមួយទូលថា លោកគ្រូ បណ្តាមនុស្សកំពុងប្រជ្រៀតគ្នាត្បៀតទ្រង់ ដូច្នេះ ទ្រង់មានព្រះបន្ទូលថា អ្នកណាពាល់ទ្រង់ធ្វើអី ៤៦ ព្រះយេស៊ូវមានព្រះបន្ទូលថា ច្បាស់ជាមានអ្នកណាពាល់ខ្ញុំពិត ដ្បិតខ្ញុំដឹងថា មានឫទ្ធិផ្សាយចេញពីខ្ញុំទៅហើយ ៤៧ កាលស្ត្រីនោះបានឃើញថា លាក់ខ្លួនមិនកំបាំងទេ នោះក៏ចូលមកទាំងញ័ររន្ធត់ ផ្តួលខ្លួននៅចំពោះទ្រង់ ទូលនៅមុខមនុស្សទាំងអស់ ពីហេតុដែលនាងពាល់ទ្រង់ ហើយពីបែបដែលនាងបានជាភ្លាម១រំពេចផង ៤៨ ទ្រង់មានព្រះបន្ទូលទៅនាងថា ចូរសង្ឃឹមឡើង កូនស្រីអើយ ដ្បិតសេចក្តីជំនឿនាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ។
៤៩ កាលទ្រង់កំពុងតែមានព្រះបន្ទូលនៅឡើយ នោះមានម្នាក់មកពីផ្ទះមេសាលាប្រជុំ ជំរាបគាត់ថា កូនលោកស្លាប់ហើយ កុំនៅរំខានចិត្តលោកគ្រូទៀត ៥០ ព្រះយេស៊ូវក៏ឮ ហើយមានព្រះបន្ទូលទៅគាត់ថា កុំខ្លាចឡើយ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានរស់វិញ ៥១ រួចទ្រង់យាងចូលទៅក្នុងផ្ទះ មិនឲ្យអ្នកណាទៅជាមួយឡើយ លើកតែពេត្រុស យ៉ាកុប និងយ៉ូហាន ហើយឪពុកម្តាយរបស់កូននោះប៉ុណ្ណោះ ៥២ ឯមនុស្សទាំងអស់ គេកំពុងតែយំសោកសង្រេងនឹងនាង តែទ្រង់មានព្រះបន្ទូលថា កុំយំអី នាងមិនមែនស្លាប់ទេ គឺនាងដេកលក់ទេតើ ៥៣ គេក៏សើចចំអកឲ្យទ្រង់ ដ្បិតគេដឹងថា នាងស្លាប់ពិតមែន ៥៤ នោះទ្រង់បណ្តេញគេចេញអស់ ហើយចាប់ដៃនាង មានព្រះបន្ទូលជាខ្លាំងថា កូនអើយ ចូរក្រោកឡើង ៥៥ ខណៈនោះ ព្រលឹងនាងក៏មកវិញ ហើយនាងក្រោកឡើងភ្លាម នោះទ្រង់បង្គាប់ឲ្យគេយកអ្វីៗ មកឲ្យនាងបរិភោគ ៥៦ ឪពុកម្តាយនាងក៏កើតមានសេចក្តីអស្ចារ្យ តែទ្រង់ហាម មិនឲ្យគេប្រាប់អ្នកណាដឹងពីការនោះឡើយ។