១២
ព្រះយេស៊ូវ​ទូន្មាន​សិស្ស​កុំ​ឲ្យ​ភ័យ​បារម្ភ
(ម៉ាថាយ​១០.២៦-៣៣)
១ កាល​ទ្រង់​កំពុង​តែ​មាន​ព្រះបន្ទូល នោះ​មាន​មនុស្ស​ប្រជុំ​គ្នា​មីរដេរដាស​ស្ទើរ​តែ​នឹង​ជាន់​គ្នា​ឯង ទ្រង់​ក៏​ចាប់​តាំង​មាន​ព្រះបន្ទូល​នឹង​ពួក​សិស្ស​ជា​មុន​ដំបូង​ថា ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​ដំបែ​ពួក​ផារិស៊ី ដែល​ជា​សេចក្តី​កំពុត ២ គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​ឲ្យ​ឃើញ ឬ​អ្វី​លាក់លៀម​ដែល​មិន​ត្រូវ​បើក​ឲ្យ​ស្គាល់​នោះ​ឡើយ ៣ ដូច្នេះ គ្រប់​ទាំង​សេចក្តី ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​ក្នុង​ទី​ងងឹត នោះ​នឹង​បាន​ឮ​នៅ​ទី​ភ្លឺ ហើយ​សេចក្តី​អ្វី ដែល​អ្នក​រាល់​គ្នា​បាន​ខ្សឹប​ដាក់​ត្រចៀក នៅ​ក្នុង​បន្ទប់ នោះ​នឹង​បាន​ប្រកាស​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ ៤ តែ​ពួក​សំឡាញ់​អើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្លាច​អ្នក​ណា​ដែល​សំឡាប់​បាន​តែ​រូបកាយ រួច​ក្រោយ​មក ពុំ​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ ៥ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ជា​ត្រូវ​ខ្លាច​ដល់​អ្នក​ណា គឺ​ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះ​វិញ ដែល​កាល​ណា​ទ្រង់​សំឡាប់ នោះ​ក៏​មាន​អំណាច​អាច​បោះ​ចោល​ទៅ​ក្នុង​នរក​បាន​ផង អើ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះអង្គ​ចុះ ៦ តើ​គេ​មិន​លក់​ចាប​៥​ថ្លៃ​២​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះ​ទ្រង់​ភ្លេច​ទេ ៧ សូម្បី​ទាំង​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ដូច្នេះ កុំ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន ៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​កូន​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ ៩ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ ១០ ឯ​អស់​អ្នក​ណា ដែល​ពោល​ពាក្យ ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​បាន​អត់​ទោស​ឲ្យ តែ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ នោះ​មិន​បាន​អត់​ទោស​ឲ្យ​ឡើយ ១១ កាល​ណា​គេ​បណ្តើរ​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ពួក​ជំនុំ​គេ ឬ​ចំពោះ​ចៅក្រម ឬ​ពួក​នាម៉ឺន នោះ​កុំ​ឲ្យ​បារម្ភ​ព្រួយ ពី​បែប​យ៉ាង​ណា ឬ​ពី​ពាក្យ​អ្វី​ដែល​នឹង​ត្រូវ​ឆ្លើយ​ដោះ​សា ឬ​និយាយ​នោះ​ឡើយ ១២ ដ្បិត​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ ទ្រង់​នឹង​បង្រៀន​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង។
ប្រស្នា​អំពី​អ្នក​មាន​ដ៏​ឆោត​ល្ងង់​ម្នាក់
១៣ មាន​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​គាត់​ចែក​មរដក​មក​ខ្ញុំ​ផង ១៤ ទ្រង់​ឆ្លើយ​តប​ថា ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅក្រម សំរាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា ១៥ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គ្រប់​គ្នា​ថា ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្តិ​ជា​បរិបូរ​ទេ ១៦ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា មាន​ស្រែ​ចំការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចំរើន​ជា​បរិបូរ ១៧ ហើយ​អ្នក​នោះ​រិះគិត​ក្នុង​ចិត្ត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច ដ្បិត​អញ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​អញ​ទាំង​នេះ​ទេ ១៨ ទើប​យល់​ថា អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​អញ​នឹង​រុះ​ជង្រុក​អញ ពង្រីក​ឲ្យ​ធំ​ជាង​ទៅ​ទៀត រួច​ប្រមូល​ផល នឹង​ទ្រព្យសម្បត្តិ​ទៅ​ផ្ទុក​នៅ​ទី​នោះ ១៩ នោះ​អញ​នឹង​ប្រាប់​ដល់​ចិត្ត​ថា ចិត្ត​អើយ ឯង​មាន​ទ្រព្យសម្បត្តិ​ជា​ច្រើន ល្មម​ទុក​សំរាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សំរាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ ២០ ប៉ុន្តែ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងីល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ ២១ អ្នក​ណា​ដែល​ប្រមូល​ទ្រព្យសម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ។
ត្រូវ​ពឹង​ផ្អែក​លើ​ព្រះជាម្ចាស់ និង​ស្វែង​រក​សម្បត្តិ​សួគ៌
(ម៉ាថាយ​៦.១៩-៣៤)
២២ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ ដែល​នឹង​ស្លៀកពាក់​អ្វី​នោះ​ឡើយ ២៣ ឯ​ជីវិត នោះ​វិសេស​ជាង​អាហារ​ចំណី ហើយ​រូបកាយ ក៏​វិសេស​ជាង​ស្លៀក​បំពាក់​ដែរ ២៤ ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាបព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង​គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ​ទ្រង់​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​ដំឡៃ​លើស​ជាង​សត្វ​ស្លាប​អម្បាលម៉ាន​ទៅ​ទៀត ២៥ តើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា អាច​នឹង​បន្ថែម​កំពស់​ខ្លួន​ឡើង​១​ហត្ថ ដោយសារ​សេចក្តី​ខ្វល់ខ្វាយ​បាន​ឬ​ទេ ២៦ ដូច្នេះ បើ​ការ​តូច​បំផុត ពុំ​អាច​នឹង​ធ្វើ​បាន​ទៅ​ហើយ នោះ​ហេតុ​អ្វី​បាន​ជា​ចង់​ខ្វល់ខ្វាយ​ពី​ការ​ឯ​ទៀត​ធ្វើ​អី ២៧ ចូរ​ពិចារណា​ពី​ផ្កា​ឈូក​ដែរ ដែល​វា​ដុះ តើ​មាន​សភាព​ដូច​ម្តេច វា​មិន​ដែល​នឿយ​ធ្វើ​ការងារ ឬ​ស្រាវ​រវៃ​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្តី​រុងរឿង​របស់​ទ្រង់ នោះ​មិន​បាន​តែង​អង្គ​ដូច​ជា​ផ្កា​១​នោះ​ផង ២៨ ឯ​តិណជាតិ​ដែល​ដុះ​ឡើង​ដូច្នេះ ហើយ​ថ្ងៃ​នេះ​មាន តែ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ជើងក្រាន នោះ​បើ​ព្រះ​ទ្រង់​តុបតែង​វា​យ៉ាង​ដូច្នោះ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​នឹង​បំពាក់​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត ២៩ កុំ​ឲ្យ​ស្វែង​រក​តែ​គ្រឿង​សំរាប់​បរិភោគ ហើយ​កុំ​ថប់​បារម្ភ​ឡើយ ៣០ ដ្បិត​អស់​ទាំង​សាសន៍​ដទៃ​នៅ​លោកីយ៍​នេះ តែង​ស្វែង​រក​របស់​ទាំង​នោះ ឯ​អ្នក​រាល់​គ្នា​វិញ នោះ​ព្រះវរបិតា​នៃ​អ្នក​ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ ៣១ ចូរ​ខំ​ស្វែង​រក​នគរ​ព្រះ​វិញ នោះ​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ផង ៣២ កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះហឫទ័យ នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត ៣៣ ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ឲ្យ​ទៅ​ជា​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់ សំរាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ នៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​ស្ថាន​គ្មាន​ចោរ​ចូល​ទៅ​ជិត​ឡើយ ហើយ​កន្លាត​ក៏​មិន​កាត់​បំផ្លាញ​ដែរ ៣៤ ព្រោះ​សម្បត្តិទ្រព្យ​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​ស្ថិត​នៅ​កន្លែង​នោះ​ឯង។
ការ​ប្រុង​ប្រៀប​ខ្លួន
៣៥ ចូរ​ឲ្យ​ចង្កេះ​អ្នក​រាល់​គ្នា​នៅ​ជា​ក្រវាត់ ហើយ​ចង្កៀង​នៅ​ឆេះ ៣៦ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​មនុស្ស ដែល​នៅ​រង់ចាំ​ចៅហ្វាយ​ខ្លួន ត្រឡប់​មក​ពី​ស៊ី​ការ​វិញ ដើម្បី​កាល​ណា​លោក​មក​គោះ​ទ្វារ​ហៅ នោះ​ឲ្យ​បាន​បើក​ឲ្យ​ជា​១​រំពេច ៣៧ បើ​កាល​ណា​ចៅហ្វាយ​មក​ដល់ ឃើញ​ពួក​បាវ​កំពុង​តែ​ចាំ​យាម​ដូច្នោះ នោះ​គេ​មាន​ពរ​ណាស់ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​ឲ្យ​អ្នក​ទាំង​នោះ អង្គុយ​នៅ​តុ ហើយ​លោក​នឹង​ក្រវាត់​ខ្លួន​លោក មក​បំរើ​គេ​វិញ ៣៨ បើ​លោក​មក​ដល់​ក្នុង​យាម​ទី​២ ឬ​យាម​ទី​៣ ហើយ​ឃើញ​ពួក​បាវ​នៅ​ចាំ​យាម​ដូច្នោះ​ដដែល នោះ​គេ​មាន​ពរ​ហើយ ៣៩ តែ​ត្រូវ​ដឹង​សេចក្តី​នេះ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ជា​ចោរ​នឹង​មក​នៅ​វេលា​ថ្មើរ​ម៉ាន នោះ​គាត់​នឹង​ចាំ​យាម មិន​ឲ្យ​ចោរ​ទំលុះ​ផ្ទះ​បាន​ទេ ៤០ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បំរុង​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត។
ប្រស្នា​អំពី​អ្នក​បំរើ​ស្មោះត្រង់ និង​អ្នក​បំរើ​មិន​ស្មោះត្រង់
(ម៉ាថាយ ២៤.៤៥-៥១)
៤១ ពេត្រុស​ទូល​សួរ​ទ្រង់​ថា ព្រះអម្ចាស់​អើយ ទ្រង់​មាន​ព្រះបន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ ដល់​ត្រឹម​យើង​ខ្ញុំ​ប៉ុណ្ណោះ ឬ​ដល់​មនុស្ស​គ្រប់​គ្នា​ដែរ ៤២ ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ចុះ​តើ​អ្នក​ណា​ជា​នាយ​ដំរួត​ការ​ដែល​ស្មោះត្រង់ មាន​មារយាទ​ល្អ ដែល​ចៅហ្វាយ​នឹង​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក ដើម្បី​នឹង​បើក​អាហារ​ឲ្យ​គេ​បរិភោគ​តាម​ត្រូវ​ពេល ៤៣ បើ​កាល​ចៅហ្វាយ​មក​ដល់ ឃើញ​អ្នក​បំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​វា​មាន​ពរ​ហើយ ៤៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​តាំង​អ្នក​នោះ ឲ្យ​ត្រួត​ត្រា​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់ ៤៥ ប៉ុន្តែ បើ​អ្នក​បំរើ​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា ចៅហ្វាយ​អញ​ក្រ​មក ហើយ​ក៏​តាំង​វាយ​ពួក​បាវ​ប្រុស​ស្រី ទាំង​ស៊ី​ផឹក​ស្រវឹង​វិញ ៤៦ ដូច្នេះ ដល់​ថ្ងៃ​ដែល​អ្នក​បំរើ​នោះ​មិន​នៅ​ចាំ ហើយ​វេលា​ណា​ដែល​មិន​ដឹង នោះ​ចៅហ្វាយ​នឹង​មក​ដល់ ក៏​នឹង​ធ្វើ​ទោស​ជា​យ៉ាង​ធ្ងន់ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​ជា​មួយ​នឹង​ពួក​មនុស្ស​មិន​ជឿ​ផង ៤៧ អ្នក​បំរើ​ណា​ដែល​ស្គាល់​ចិត្ត​ចៅហ្វាយ តែ​មិន​បាន​រៀបចំ ឬ​ធ្វើ​តាម​ចិត្ត​លោក​សោះ នោះ​នឹង​ត្រូវ​រំពាត់​ជា​យ៉ាង​ច្រើន ៤៨ ឯ​អ្នក​ណា​ដែល​មិន​បាន​ស្គាល់ តែ​បាន​ប្រព្រឹត្ត​គួរ​នឹង​ត្រូវ​រំពាត់ នោះ​នឹង​ត្រូវ​វាយ​តិច​វិញ ឯ​អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ជា​ច្រើន​ឲ្យ នោះ​គេ​នឹង​ទារ​ជា​ច្រើន​ពី​អ្នក​នោះ​វិញ គេ​នឹង​សូម​លើស​ទៅ​ទៀត ពី​អ្នក​ណា​ដែល​គេ​បាន​ផ្ញើ​ទុក​ជា​ច្រើន​ផង។
ការ​បាក់​បែក​គ្នា​ព្រោះ​ជំនឿ
(ម៉ាថាយ​១០.៣៤-៣៦)
៤៩ ខ្ញុំ​បាន​មក ដើម្បី​នឹង​បោះ​ភ្លើង​នៅ​លើ​ផែនដី បើ​ភ្លើង​នោះ​ឆេះ​ហើយ តើ​ខ្ញុំ​នៅ​ចង់​បាន​អ្វី​ទៀត ៥០ តែ​ខ្ញុំ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​១សិន ហើយ​ខ្ញុំ​ត្រូវ​ចង្អៀតចង្អល់​យ៉ាង​ដូច​ម្តេច​ទៅ​ហ្ន៎ ទំរាំ​តែ​បុណ្យ​នោះ​បាន​សំរេច ៥១ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ឲ្យ​មាន​សេចក្តី​សុខ​សាន្ត​នៅ​ផែនដី​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ គឺ​មក​ដើម្បី​ឲ្យ​កើត​ប្រដិបក្ស​វិញ​ទេ​តើ ៥២ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​មាន​៥​នាក់​ក្នុង​ផ្ទះ​១​បាក់​បែក​គ្នា គឺ​៣​នាក់​ទាស់​នឹង​២​នាក់ ហើយ​២​នាក់​ទាស់​នឹង​៣​នាក់ ៥៣ ឯ​ឪពុក នឹង​បាក់​បែក​ទាស់​នឹង​កូន​ប្រុស ហើយ​កូន​ប្រុស​ទាស់​នឹង​ឪពុក ម្តាយ​ទាស់​នឹង​កូន​ស្រី ហើយ​កូន​ស្រី​ទាស់​នឹង​ម្តាយ ម្តាយ​ក្មេក​ទាស់​នឹង​កូន​ប្រសា​ស្រី ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក​ដែរ។
ត្រូវ​យល់​ហេតុការណ៍​ផ្សេងៗ
(ម៉ាថាយ ១៦.២-៣)
៥៤ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​បណ្តា​មនុស្ស​ដែរ​ថា កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​ឡើង​ពី​ទិស​ខាង​លិច ស្រាប់​តែ​អ្នក​រាល់​គ្នា​ថា ចង់​ភ្លៀង​ហើយ រួច​ក៏​មាន​ដូច្នោះ​មែន ៥៥ ហើយ​កាល​ណា​ខ្យល់​បក់​ពី​ខាង​ត្បូង នោះ​អ្នក​រាល់​គ្នា​ថា ថ្ងៃ​នេះ មុខ​ជា​ក្តៅ នោះ​ក៏​មាន​ដែរ ៥៦ ឱ​មនុស្ស​កំពុត​អើយ អ្នក​រាល់​គ្នា​ចេះ​សំគាល់​សភាព​ដី ហើយ​នឹង​មេឃ​បាន ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​មិន​ស្គាល់​ពេល​វេលា​នេះ។
ត្រូវ​សំរុះសំរួល​រឿងរ៉ាវ​មុន​ថ្ងៃ​ព្រះ​វិនិច្ឆ័យ​ទោស
(ម៉ាថាយ​៥.២៥-២៦)
៥៧ ហើយ​ហេតុ​អ្វី​បាន​ជា​មិន​ពិចារណា ក្នុង​ខ្លួន​អ្នក​រាល់​គ្នា ពី​សេចក្តី​ណា​ដែល​សុចរិត ៥៨ ដ្បិត​ដែល​អ្នក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ទៅ​ឯ​ចៅហ្វាយ ជា​មួយ​នឹង​សត្រូវ​អ្នក នោះ​ចូរ​ខំ​ប្រឹង​ដោះ​ខ្លួន​ឲ្យ​រួច​ចេញ ក្រែង​គេ​ទាញ​អូស​អ្នក​ទៅ​ឯ​ចៅក្រម ចៅក្រម​ប្រគល់​អ្នក​ដល់​នាយ​ភូឃុំ ហើយ​នាយ​ភូឃុំ​នឹង​ដាក់​អ្នក​ជាប់​គុក ៥៩ ខ្ញុំ​ប្រាប់​អ្នក​ថា ដែល​អ្នក​នៅ​ខ្វះ​តែ​កន្លះ​សេន​នឹង​សង​គេ​ឲ្យ​គ្រប់ នោះ​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ។