២៤
ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ
(ម៉ាថាយ២៨.១-១០ ម៉ាកុស១៦.១-៨ យ៉ូហាន២០.១-២០)
១ លុះដល់ថ្ងៃទី១ក្នុងអាទិត្យ កាលភ្លឺស្រាងៗ នោះគេយកគ្រឿងក្រអូប ដែលរៀបចំនោះ នាំគ្នាទៅឯផ្នូរ មានអ្នកខ្លះទៀតទៅជាមួយដែរ ២ គេក៏ឃើញថ្មបានរមៀលចេញពីមាត់ផ្នូរហើយ ៣ តែកាលចូលទៅ នោះមិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវទេ ៤ កំពុងដែលមានសេចក្តីងឿងឆ្ងល់អំពីការនោះ ស្រាប់តែឃើញមាន២នាក់ស្លៀកពាក់ភ្លឺព្រោងពា្រយ ឈរជិតគេ ៥ គេក៏ភ័យស្លុត ហើយក្រាបផ្កាប់មុខនឹងដី រួចអ្នកនោះនិយាយមកគេថា ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ ៦ ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ មិនគង់នៅទីនេះទេ ចូរនឹកចាំពីព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូលនឹងអ្នករាល់គ្នា ក្នុងកាលដែលនៅស្រុកកាលីឡេនៅឡើយថា ៧ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ឲ្យគេឆ្កាង ហើយ៣ថ្ងៃក្រោយមកនឹងរស់ឡើងវិញ ៨ នោះគេក៏នឹកឃើញពីព្រះបន្ទូលទ្រង់ ៩ លុះវិលមកពីផ្នូរវិញ នោះក៏ប្រាប់ពីការទាំងនោះដល់ពួក១១នាក់ និងអ្នកឯទៀតទាំងប៉ុន្មានដែរ ១០ រីឯពួកស្ត្រីដែលប្រាប់ពីការទាំងនោះដល់ពួកសាវ័ក នោះគឺ ម៉ារា ពីស្រុកម៉ាក់ដាឡា១ យ៉ូអាន់១ ម៉ារា ជាម្តាយយ៉ាកុប១ ហើយស្ត្រីឯទៀត ដែលនៅជាមួយគ្នាផង ១១ ពួកសាវ័កមិនបានជឿទេ ដ្បិតពាក្យសំដីរបស់ស្រីៗ នោះ មើលទៅដូចជារឿងលេងសុទ្ធ ១២ តែពេត្រុស គាត់ក្រោកឡើងរត់ទៅឯផ្នូរ ក៏ឱនមើលទៅឃើញតែសំពត់ស្នបទទេ រួចវិលទៅផ្ទះទាំងអស្ចារ្យក្នុងចិត្ត ពីការដែលកើតមានមក។
សិស្ស២នាក់ធ្វើដំណើរទៅភូមិអេម៉ោស
(ម៉ាកុស១៦.១២-១៣)
១៣ រីឯនៅថ្ងៃនោះឯង មានពួកសិស្ស២នាក់កំពុងតែដើរទៅឯភូមិអេម៉ោស ចំងាយ១១គីឡូម៉ែត្រពីក្រុងយេរូសាឡិមទៅ ១៤ គេកំពុងតែនិយាយគ្នា ពីអស់ទាំងការដែលកើតមានមកនោះ ១៥ កាលគេកំពុងតែនិយាយគ្នា ហើយរិះគិតដូច្នេះ នោះព្រះយេស៊ូវក៏ចូលមក យាងជាមួយនឹងគេដែរ ១៦ តែភ្នែកគេត្រូវថ្ពឹន មិនឲ្យស្គាល់ទ្រង់ទេ ១៧ ទ្រង់មានព្រះបន្ទូលទៅគេថា តើរឿងអ្វី ដែលអ្នកនិយាយគ្នា កំពុងដែលដើរទៅ ដោយមានមុខស្រងូតដូច្នេះ ១៨ ឯម្នាក់ដែលឈ្មោះក្លេវប៉ាស គាត់ឆ្លើយថា តើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬអី បានជាមិនដឹងការដែលកើតមកនៅគ្រានេះ ១៩ ទ្រង់មានព្រះបន្ទូលថា តើការអ្វីហ្នឹង នោះគេឆ្លើយថា គឺពីដំណើរលោកយេស៊ូវ ពីស្រុកណាសារ៉ែត ជាហោរា ដែលការលោកធ្វើ និងពាក្យសំដីរបស់លោក សុទ្ធតែមានឫទ្ធិ នៅចំពោះព្រះ និងបណ្តាជនទាំងឡាយផង ២០ ហើយពីបែបយ៉ាងណា ដែលពួកសង្គ្រាជ និងពួកនាម៉ឺនយើងខ្ញុំ បានបញ្ជូនលោកទៅ ឲ្យជាប់ទោសដល់ជីវិត ហើយឆ្កាងលោកផង ២១ តែយើងខ្ញុំបានសង្ឃឹមថា គឺលោកនេះហើយ ជាព្រះដែលរៀបនឹងប្រោសលោះសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ឥឡូវនេះ ក៏មានការនេះថែមទៀត ដ្បិតនេះគំរប់៣ថ្ងៃហើយ តាំងពីការទាំងនោះកើតមក ២២ ហើយមានស្ត្រីខ្លះក្នុងពួកយើងខ្ញុំបាននាំឲ្យឆ្ងល់ដែរ ដោយបានទៅឯផ្នូរពីព្រលឹម ២៣ តែរកសពលោកមិនឃើញសោះ ហើយគេមកប្រាប់យើងថា ឃើញទេវតាលេចមកប្រាប់ថា លោករស់ឡើងវិញហើយ ២៤ មានពួកយើងខ្ញុំខ្លះបានទៅឯផ្នូរដែរ ក៏ឃើញដូចជាពួកស្រីបានថាមែន តែមិនបានឃើញរូបលោកទេ ២៥ នោះទ្រង់មានព្រះបន្ទូលទៅគេថា ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុកមកអើយ ២៦ តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី ២៧ រួចទ្រង់ក៏ស្រាយន័យសេចក្តី ដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក ២៨ នោះក៏ជិតដល់ភូមិដែលគេគិតទៅ ហើយទ្រង់ធ្វើដូចជាចង់យាងបង្ហួស ២៩ តែគេឃាត់ទ្រង់ ដោយពាក្យថា សូមនៅជាមួយនឹងយើងខ្ញុំសិន ពីព្រោះល្ងាច ថ្ងៃទាបណាស់ហើយ ដូច្នេះ ទ្រង់ក៏យាងចូលទៅគង់ជាមួយនឹងគេ ៣០ កាលគង់នៅតុជាមួយគ្នា នោះទ្រង់យកនំបុ័ងមកប្រទានពរ រួចកាច់ប្រទានទៅឲ្យគេ ៣១ នោះភ្នែកគេបានបើកភ្លឺឡើង ហើយគេបានស្គាល់ទ្រង់ តែទ្រង់បាត់ពីមុខគេទៅភ្លាម ៣២ នោះគេនិយាយគ្នាថា តើយើងមិនមានសេចក្តីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលទ្រង់កំពុងតែមានព្រះបន្ទូលនឹងយើង ហើយសំដែងពីគម្ពីរ តាមផ្លូវនោះទេឬអី ៣៣ នៅវេលានោះឯង គេក៏ក្រោកឡើងត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ឃើញពួកសាវ័ក១១នាក់ និងអស់អ្នកដែលនៅជាមួយបានប្រជុំគ្នា កំពុងតែនិយាយថា ៣៤ ព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់ឡើងវិញមែន ក៏បានលេចមកមកឲ្យស៊ីម៉ូនឃើញ ៣៥ នោះគេក៏និយាយប្រាប់ពីការដែលកើតមានមកតាមផ្លូវ ហើយដែលគេបានស្គាល់ទ្រង់ជាក់ ដោយទ្រង់កាច់នំបុ័ងឲ្យ។
ពួកសិស្សបានឃើញព្រះយេស៊ូវ
(មថ.២៨.១៦-២០ មក.១៦.១៤-១៨ យហ.២០.១៩-២៣ កក.១.៦-៨)
៣៦ កាលកំពុងតែប្រាប់រឿងទាំងនោះ ស្រាប់តែព្រះយេស៊ូវទ្រង់ឈរនៅកណ្តាលគេ មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តចុះ ៣៧ តែគេភ័យញ័រ ទាំងមានសេចក្តីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលងវិញ ៣៨ ទ្រង់មានព្រះបន្ទូលទៅគេថា ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ ៣៩ ចូរមើលមកដៃ និងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ ៤០ លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ ៤១ កាលគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានសេចក្តីអំណរ និងសេចក្តីអស្ចារ្យ នោះទ្រង់មានព្រះបន្ទូលថា នៅទីនេះ អ្នករាល់គ្នាមានអ្វីបរិភោគឬទេ ៤២ គេក៏យកត្រីអាំង១ដុំ និងសំណុំឃ្មុំមកថ្វាយទ្រង់ ៤៣ រួចទ្រង់យកទៅសោយនៅមុខគេ ៤៤ ក៏មានព្រះបន្ទូលថា នេះហើយជាសេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសំរេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកដំកើងផង ៤៥ នោះទ្រង់ក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ ៤៦ ទ្រង់មានព្រះបន្ទូលទៅគេថា គឺសេចក្តីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ ៤៧ ហើយត្រូវឲ្យការប្រែចិត្ត និងសេចក្តីប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ ចាប់តាំងពីក្រុងយេរូសាឡិមទៅ ៤៨ អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ ៤៩ ហើយមើល ខ្ញុំនឹងឲ្យសេចក្តីសន្យារបស់ព្រះវរបិតា មកសណ្ឋិតលើអ្នករាល់គ្នា ចូរអ្នករាល់គ្នានៅតែក្នុងក្រុងយេរូសាឡិម ដរាបដល់ព្រះចេស្តាពីស្ថានលើ បានមកគ្របដណ្តប់លើអ្នករាល់គ្នា។
ព្រះយេស៊ូវយាងឡើងទៅស្ថានសួគ៌
(ម៉ាកុស១៦.១៩-២០ កិច្ចការ១.៩-១១)
៥០ នោះទ្រង់នាំគេចេញទៅត្រឹមបេថានី រួចទ្រង់លើកព្រះហស្តឡើងប្រទានពរឲ្យ ៥១ កំពុងដែលទ្រង់ប្រទានពរ នោះព្រះវរបិតាបានញែកទ្រង់ចេញពីគេ លើកឡើងទៅស្ថានសួគ៌ទៅ ៥២ គេក៏ក្រាបថ្វាយបង្គំទ្រង់ រួចត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ដោយអំណរជាខ្លាំង ៥៣ ក៏នៅក្នុងព្រះវិហារជានិច្ច ទាំងសរសើរ ហើយលើកដំកើងព្រះ។ អាម៉ែន។:៚