៣
១ មើល អញចាត់ទូតអញឲ្យទៅ គាត់នឹងរៀបចំផ្លូវនៅមុខអញ ហើយព្រះអម្ចាស់ដែលឯងរាល់គ្នាស្វែងរកនោះ ទ្រង់នឹងលោតែមកដល់ព្រះវិហាររបស់ទ្រង់ភ្លាម ឯទូតដែលនាំសេចក្តីសញ្ញាមក ជាសេចក្តីសញ្ញាដែលឯងរាល់គ្នាចង់បានទាំងម៉្លេះនោះ មើលន៏ ទ្រង់យាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ២ តែមានអ្នកឯណាធន់នៅបាន ក្នុងកាលដែលទ្រង់យាងមកនោះ តើអ្នកណានឹងឈរនៅ ក្នុងកាលដែលទ្រង់លេចមក ដ្បិតទ្រង់ប្រៀបដូចជាភ្លើងរបស់ជាងសំរង ហើយដូចជាក្បុងរបស់ជាងប្រមោក ៣ ទ្រង់នឹងគង់ចុះ ដូចជាជាងសំរង ហើយនឹងដេញអាចម៍ប្រាក់ ទ្រង់នឹងសំអាតពួកកូនចៅលេវី ហើយសំរងគេដូចជាមាស ហើយនឹងប្រាក់ នោះគេនឹងថ្វាយដង្វាយដល់ព្រះយេហូវ៉ា ដោយសេចក្តីសុចរិត ៤ គ្រានោះ ដង្វាយរបស់ពួកយូដា និងក្រុងយេរូសាឡិមនឹងជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ ៥ ហើយអញនឹងមកជិតឯងរាល់គ្នា ដើម្បីនឹងសំរេចតាមសេចក្តីយុត្តិធម៌ អញនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយដែលបង្វែរសេចក្តីយុត្តិធម៌ ចេញពីពួកអ្នកដែលស្នាក់នៅ ឥតកោតខ្លាចដល់អញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
តង្វាយដែលត្រូវថ្វាយដល់ព្រះអម្ចាស់
៦ ដ្បិតអញ គឺយេហូវ៉ា អញមិនប្រែប្រួលឡើយ ហេតុនោះ ឱពួកកូនចៅយ៉ាកុបអើយ ឯងរាល់គ្នាមិនបានត្រូវវិនាសទេ។
៧ ឯងរាល់គ្នាបានបោះបង់ចោលសេចក្តីបញ្ញត្តរបស់អញ ចាប់តាំងពីគ្រាពួកព្ធយុកោរៀងមក ឥតកាន់តាមឡើយ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បង្គាប់ថា ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ តែឯងរាល់គ្នាថា តើយើងនឹងវិលទៅយ៉ាងដូចម្តេច ៨ ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ ប៉ុន្តែឯងរាល់គ្នាបានកោងយករបស់អញហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ទ្រង់ឯណា គឺក្នុងដង្វាយ១ភាគក្នុង១០ ហើយក្នុងដង្វាយលើកចុះឡើងនោះឯង ៩ ឯងរាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្តាសាហើយ ដោយព្រោះតែងតែកោងយករបស់អញយ៉ាងដូច្នេះ ១០ ចូរនាំយកដង្វាយ១ភាគក្នុង១០ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ១១ ដូច្នេះ ដោយយល់ដល់ឯងរាល់គ្នា នោះអញនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូច មិនឲ្យវាបំផ្លាញផលដែលកើតពីដីឯងឡើយ ឯដើមទំពាំងបាយជូរនៅចំការរបស់ឯង ក៏មិនជំរុះផ្លែពីកាលនៅក្តឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ១២ យ៉ាងនោះគ្រប់ទាំងសាសន៍នឹងថា ឯងរាល់គ្នាមានពរ ដ្បិតស្រុករបស់ឯងរាល់គ្នា នឹងបានជាស្រុកសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ព្រះអម្ចាស់ប្រទានពរដល់អ្នកគោរពបំរើព្រះអង្គ
១៣ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ពាក្យសំដីរបស់ឯងរាល់គ្នា បានទាស់នឹងអញជាខ្លាំង ទោះបើយ៉ាងនោះក៏ឯងរាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងទ្រង់ ១៤ គឺឯងរាល់គ្នាពោលថា ការដែលខំគោរពតាមព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះទ្រង់ដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី ១៥ ឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ អើ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង អើ គេល្បងលព្រះ ហើយក៏រួចផង។
១៦ គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាទ្រង់ប្រុងស្តាប់ ក៏បានឮ រួចមានសៀវភៅរំឮកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សំរាប់ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ និងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់ ១៧ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នៅថ្ងៃដែលអញធ្វើការនេះ នោះគេនឹងបានជារបស់ផងអញ គឺជារបស់ផងអញពិត ហើយអញនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួនពិត ១៨ គ្រានោះឯងរាល់គ្នានឹងត្រឡប់ជាចេះញែកសេចក្តីសុចរិត និងសេចក្តីអាក្រក់ចេញពីគ្នា ហើយនឹងមនុស្សដែលគោរពដល់ព្រះ និងមនុស្សដែលមិនគោរពផង។