លោក​យ៉ូហាន-បាទីស្ទ​ប្រៀន​ប្រដៅ​បណ្តាជន
(ម៉ាកុស ១.១-៨ លូកា ៣.១-១៨ យ៉ូហាន ១.១៩-២៨)
១ នៅ​គ្រា​នោះ យ៉ូហាន-បាទីស្ទ គាត់​មក​នៅ​ក្នុង​ទី​រហោស្ថាន​ស្រុក​យូដា កំពុង​តែ​ប្រកាស​ថា ២ ចូរ​ឲ្យ​ប្រែ​ចិត្ត​ចុះ ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ ៣ គឺ​ពី​អ្នក​នេះ​ហើយ ដែល​ហោរា​អេសាយ​បាន​ទាយ​ថា «មាន​សំឡេង​នៃ​មនុស្ស​ម្នាក់ កំពុង​តែ​ស្រែក​នៅ​ទី​រហោស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ» ៤ ឯ​យ៉ូហាន​នេះ គាត់​ពាក់​អាវ​រោម​អូដ្ឋ ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ក៏​មាន​កណ្តូប និង​ទឹក​ឃ្មុំ​ព្រៃ​ជា​អាហារ។
៥ នោះ​ពួក​ក្រុង​យេរូសាឡិម និង​ពួក​ស្រុក​យូដា​ទាំង​អស់ ព្រម​ទាំង​មនុស្ស​ដែល​នៅ​ក្រវល់​ជុំវិញ​ទន្លេ​យ័រដាន់ គេ​ចេញ​មក​ឯ​គាត់ ៦ ក៏​លន់តួ​បាប ហើយ​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ ក្នុង​ទន្លេ​យ័រដាន់​ទាំង​អស់​គ្នា ៧ តែ​កាល​គាត់​ឃើញ​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី មក​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​ជា​ច្រើន​ដែរ នោះ​ក៏​សួរ​គេ​ថា ឱ​ពូជ​ពស់វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់ ឲ្យ​អ្នក​រាល់​គ្នា​រត់​ចេញ ពី​សេចក្តី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ ៨ បើ​យ៉ាង​នេះ ចូរ​អ្នក​រាល់​គ្នា​បង្កើត​ផល ដែល​សំណំ​នឹង​សេចក្តី​ប្រែ​ចិត្ត​នោះ​ចុះ ៩ ហើយ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​ខ្លួន​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ ១០ ប៉ុន្តែ ឥឡូវ​នេះ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​កើត​ផ្លែ​មិន​ល្អ នោះ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង ១១ ឯ​ខ្ញុំ​ពិត​មែន​ជា​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ពី​ព្រោះ​មាន​សេចក្តី​ប្រែ​ចិត្ត តែ​ព្រះអង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មិន​គួរ​នឹង​កាន់​សុព័ណ៌បាទ​ទ្រង់​ទេ ព្រះអង្គ​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​និង​ភ្លើង​វិញ ១២ ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះហស្ត ទ្រង់​នឹង​បោស​រំលីង​ទី​លាន​ទ្រង់ ហើយ​និង​ប្រមូល​ស្រូវ​ទ្រង់ មក​ដាក់​ក្នុង​ជង្រុក តែ​អង្កាម ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន​វិញ។
១៣ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលីឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ ១៤ តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ ១៥ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ ១៦ កាល​ព្រះយេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះវិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ ១៧ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។