ពរ​ដ៏​ពិត​ប្រាកដ
(លូកា ៦.២០-២៦)
១ កាល​បាន​ឃើញ​ហ្វូង​មនុស្ស ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​កាល​បាន​គង់​ចុះ​ហើយ នោះ​ពួក​សិស្ស​ចូល​មក​ឯ​ទ្រង់ ២ ហើយ​ទ្រង់​បើក​ព្រះឱស្ឋ​បង្រៀន​គេ​ថា ៣ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​សេចក្តី​កំសត់ខាង​ឯ​វិញ្ញាណ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ ៤ មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត ៥ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូតត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មរដក ៦ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត ៧ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តាករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​មេត្តាករុណា​វិញ ៨ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ ៩ មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ហៅ​ជា​កូន​របស់​ព្រះ ១០ មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្តី​សុចរិត ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ ១១ អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ ១២ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌ ពី​ព្រោះ​គេ​ក៏​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ហោរា ដែល​នៅ​មុន​អ្នក​រាល់​គ្នា បែប​ដូច្នោះ​ដែរ។
អំបិល និង​ពន្លឺ
(ម៉ាកុស ៩.៥០-៥១ លូកា ១៤.៣៤-៣៥)
១៣ អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ នោះ​តើ​នឹង​យក​អ្វី ដើម្បី​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន ជា​របស់​គ្មាន​ប្រយោជន៍​ទៀត​សោះ មាន​តែ​បោះ​បង់​ចោល​ទៅ​ក្រៅ ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ ១៤ អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ឯ​ទី​ក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ ១៥ ក៏​គ្មាន​អ្នក​ណា​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា ១៦ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌។
ព្រះបន្ទូល​អំពី​គម្ពីរ​វិន័យ
១៧ កុំ​ឲ្យ​គិត​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​នឹង​លើក​ក្រឹត្យវិន័យ ឬ​ទំនាយ​ពួក​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​នឹង​លើក​ចោល​ទេ គឺ​មក​នឹង​ធ្វើ​ឲ្យ​សំរេច​វិញ ១៨ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​បាំង​ឈើ​១ ឬ​ក្បៀស​១​នៅ​ក្នុង​ក្រឹត្យវិន័យ ត្រូវ​បាត់​ឡើយ ដរាប​ដល់​កាល​ណា​មេឃ និង​ផែនដី បាន​កន្លង​បាត់​ទៅ គឺ​ទាល់​តែ​សេចក្តី​ទាំង​អស់​បាន​សំរេច ដោយ​សព្វ​គ្រប់ ១៩ ដូច្នេះ អ្នក​ណា​ដែល​នឹង​រំលង​បទ​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុត ក្នុង​បញ្ញត្ត​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ នោះ​នឹង​ត្រូវ​ហៅ​ជា​អ្នក​តូច​បំផុត​ក្នុង​នគរ​ស្ថានសួគ៌ តែ​អ្នក​ណា​ដែល​កាន់​តាម ហើយ​បង្រៀន​ចំពោះ​បញ្ញត្ត​ទាំង​នេះ នោះ​នឹង​បាន​ហៅ​ជា​អ្នក​ធំ​ក្នុង​នគរ​ស្ថានសួគ៌​វិញ ២០ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​សេចក្តី​សុចរិត​របស់​អ្នក​រាល់​គ្នា មិន​លើស​ពី​សេចក្តី​សុចរិត​នៃ​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ចូល ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ។
ព្រះបន្ទូល​អំពី​កំហឹង
២១ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​សំដែង​ដល់​មនុស្ស​ពី​បុរាណ ថា«កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ» បើ​អ្នក​ណា​សំឡាប់​មនុស្ស នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំ​ជំរះ​ហើយ ២២ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដូច្នេះ​វិញ ថា សូម្បី​តែ​អ្នក​ណា​ដែល​ខឹង​នឹង​បង​ប្អូន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំ​ជំរះ​ដែរ ហើយ​អ្នក​ណា ដែល​ស្តីឲ្យ​បង​ប្អូន​ថា «អា​ចោលម្សៀត» នោះ​ក្រែង​ពួក​ក្រុម​ជំនុំ​ធ្វើ​ទោស តែ​ចំណែក​អ្នក​ណា​ដែល​ថា «អា​ឆ្កួត» នោះ​ក្រែង​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក ២៣ ដូច្នេះ បើ​កាល​ណា​អ្នក​នាំ​យក​ដង្វាយ​មក​ដល់​អាសនា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា បង​ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក ២៤ នោះ​ត្រូវ​ទុក​ដង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​ដង្វាយ​អ្នក​ចុះ ២៥ ចូរ​ឲ្យ​អ្នក​ជា​ស្រុះ​ស្រួល នឹង​អ្នក​ដើម​ចោទ​វិញ​ជា​ប្រញាប់ ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ​ជា​មួយ​គ្នា ក្រែង​គេ​បញ្ជូន​អ្នក​ទៅ​ឯ​ចៅក្រម ហើយ​ចៅក្រម​ប្រគល់​អ្នក​ទៅ​នាយ​ភូមិ​ឃុំ រួច​អ្នក​ត្រូវ​ជាប់​គុក ២៦ ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ដែល​អ្នក​នៅ​ខ្វះ​តែ​១​សេន នឹង​សង​គេ​ឲ្យ​គ្រប់ នោះ​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ។
ព្រះបន្ទូល​អំពី​ការ​ផិត​ក្បត់
២៧ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី ដែល​សំដែង​ពី​ដើម​ថា «កុំ​ផិត​ឲ្យ​សោះ» ២៨ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ ២៩ បើ​ភ្នែក​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​ខ្វេះ​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ភ្នែក​អ្នក​១​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជា​ជាង​ឲ្យ​រូបកាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក ៣០ ហើយ​បើ​ដៃ​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ដៃ​អ្នក​ម្ខាង​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជា​ជាង​ឲ្យ​រូបកាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក។
ព្រះបន្ទូល​អំពី​ការ​លែងលះ​ប្តី​ប្រពន្ធ
(ម៉ាថាយ ១៩.៩ ម៉ាកុស ១០.១១-១២ លូកា ១៦.១៨)
៣១ មាន​សេចក្តី​ថ្លែង​ទុក​មក​ទៀត​ថា អ្នក​ណា​ដែល​ចង់​លែង​ប្រពន្ធ នោះ​មាន​តែ​ឲ្យ​សំបុត្រ​លះ​លែង​ដល់​នាង ៣២ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ស្ត្រី​ណា​ដែល​មិន​ផិត​ប្តី បើ​ប្តី​នោះ​លែង​ចេញ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្រី​សំផឹង​ហើយ បើ​អ្នក​ណា​យក​ស្ត្រី​ដែល​ប្តី​លែង ធ្វើ​ជា​ប្រពន្ធ អ្នក​នោះ​ហៅ​ថា ប្រព្រឹត្ត​សេចក្តី​កំផិត​ដែរ។
ព្រះបន្ទូល​អំពី​សម្បថ
៣៣ មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី ដែល​សំដែង​មក​ដល់​មនុស្ស​ពី​ដើម​ថា «កុំ​ឲ្យ​ស្បថ​កុហក​ឡើយ គឺ​ត្រូវ​ឲ្យ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី ដែល​ស្បថ​នឹង​ព្រះអម្ចាស់» ៣៤ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ស្បថ​ឲ្យ​សោះ ទោះ​នឹង​ស្ថានសួគ៌​ក្តី ព្រោះ​ជា​បល្ល័ង្ក​នៃ​ព្រះ ៣៥ ទោះ​នឹង​ផែនដី​ក្តី ព្រោះ​ជា​កំណល់​កល់​ព្រះបាទ​ទ្រង់ ទោះ​នឹង​ក្រុង​យេរូសាឡិម​ក្តី ព្រោះ​ជា​ក្រុង​នៃ​ស្តេច​ធំ ៣៦ ក៏​កុំ​ឲ្យ​ស្បថ​នឹង​ក្បាល​អ្នក​ដែរ ពី​ព្រោះ​អ្នក​នឹង​ធ្វើ​ឲ្យ​សក់​១​សរសៃ​ត្រឡប់​ទៅ​ជា​ស​ឬ​ជា​ខ្មៅ​ពុំ​បាន​ទេ ៣៧ ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​មែនៗ ឬ ទេៗ​ប៉ុណ្ណោះ សេចក្តី​ណា​ដែល​លើស​អំពី​នោះ​ទៅ នោះ​មក​តែ​ពី​អា​កំណាច​ទេ។
ព្រះបន្ទូល​អំពី​គំនុំ​សងសឹក
(លូកា ៦.២៩-៣០)
៣៨ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី ដែល​ថ្លែង​ទុក​ថា «ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ» ៣៩ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​តតាំង​នឹង​អំពើ​អាក្រក់​ឡើយ បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្តាំ​នៃ​អ្នក នោះ​ត្រូវ​តែ​បែរ​កំផ្លៀង​ម្ខាង​ទៅ​ឲ្យ​ទៀត ៤០ បើ​អ្នក​ណា​ប្តឹង​ចង់​យក​អាវ​ខ្លី​របស់​អ្នក នោះ​ត្រូវ​បើក​ឲ្យ​គេ​យក​ទាំង​អាវ​វែង​ផង ៤១ បើ​អ្នក​ណា​បង្ខំ​ឲ្យ​អ្នក​ទៅ​អស់​១​យោជន៍ នោះ​ចូរ​ទៅ​ជា​មួយ​នឹង​គេ​ដល់​២​យោជន៍​ផង ៤២ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម ហើយ​កុំ​ឲ្យ​គេច​ចេញ​ពី​អ្នក​ណា​ដែល​ចង់​ខ្ចី​អ្នក​ឡើយ។
ត្រូវ​ស្រឡាញ់​ខ្មាំងសត្រូវ
(លូកា ៦.២៧-២៨, ៣២-៣៦)
៤៣ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី ដែល​ថ្លែង​ទុក​មក​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ឯង តែ​ស្អប់​ខ្មាំងសត្រូវ​ឯង​វិញ» ៤៤ ប៉ុន្តែ ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ ៤៥ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ ព្រោះ​ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក លើ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ផង ៤៦ ដ្បិត​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ណា ដែល​ស្រឡាញ់​ដល់​ខ្លួន នោះ​តើ​បាន​បំណាច់​អ្វី ឯ​ពួក​អ្នក​យក​ពន្ធ តើ​គេ​មិន​ប្រព្រឹត្ត​ដូច្នេះ​ដែរ​ទេ​ឬ​អី ៤៧ ហើយ​បើ​អ្នក​រាល់​គ្នា​គំនាប់​តែ​បង​ប្អូន​អ្នក​ប៉ុណ្ណោះ នោះ​តើ​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ ឯ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច​គ្នា​ទេ​ឬ​អី ៤៨ ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ។