ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ដើរ​រួច
(ម៉ាកុស ២.១-១២ លូកា ៥.១៧-២៦)
១ ព្រះយេស៊ូវ ទ្រង់​ក៏​យាង​ចុះ​ទូក ឆ្លង​ទៅ​ឯ​ក្រុងរបស់​ទ្រង់​វិញ ២ នោះ​មាន​គេ​នាំ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​ឯ​ទ្រង់ កាល​ទ្រង់​ទត​ឃើញ​សេចក្តី​ជំនឿ​របស់​អ្នក​ទាំង​នោះ ក៏​មាន​ព្រះបន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ៣ ដូច្នេះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា មនុស្ស​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ៤ ឯ​ព្រះយេស៊ូវ ទ្រង់​ឈ្វេង​យល់​គំនិត​គេ ក៏​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ ៥ ដ្បិត​ដែល​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង ៦ ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា កូន​មនុស្ស​មាន​អំណាច នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន​ដែរ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​ឯង​ទៅ​ផ្ទះ​ទៅ ៧ អ្នក​នោះ​ក៏​ក្រោក​ឡើង​ដើរ​ទៅ​ឯ​ផ្ទះ ៨ កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ការ​នោះ គេ​កើត​មាន​សេចក្តី​អស្ចារ្យ ក៏​សរសើរដំកើង​ដល់​ព្រះ​ដែល​ទ្រង់​បាន​ប្រទាន​អំណាច​យ៉ាង​នេះ មក​មនុស្ស​លោក។
ព្រះយេស៊ូវ​ត្រាស់ហៅ​លោក​ម៉ាថាយ
(ម៉ាកុស ២.១៣-១៧ លូកា ៥.២៧-៣២)
៩ លុះ​ព្រះយេស៊ូវ​យាង​ហួស​ពី​ទី​នោះ​ទៅ ទ្រង់​ក៏​ទត​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ ម៉ាថាយ កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់​ទៅ ១០ កាល​ព្រះយេស៊ូវ​កំពុង​គង់​សោយ​អាហារ​នៅ​ក្នុង​ផ្ទះ នោះ​មាន​ពួក​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប​ជា​ច្រើន បាន​មក​អង្គុយ​ជា​មួយ​នឹង​ទ្រង់ និង​ពួក​សិស្ស​ទ្រង់​ផង ១១ កាល​ពួក​ផារិស៊ី​បាន​ឃើញ​ដូច្នោះ គេ​ក៏​សួរ​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​នឹង​ពួក​យក​ពន្ធ ហើយ​និង​មនុស្ស​មាន​បាប​ដូច្នេះ ១២ តែ​ព្រះយេស៊ូវ​ទ្រង់​ក៏​បាន​ឮ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ មិន​ត្រូវ​ការ​នឹង​គ្រូពេទ្យ​ទេ គឺ​ជា​ពួក​ដែល​មាន​ជំងឺ​វិញ​ទេ​តើ ១៣ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រៀន​ន័យ​បទ ដែល​ថា «អញ​ចង់​បាន​សេចក្តី​មេត្តាករុណា មិន​មែន​យញ្ញបូជា​ទេ» ពី​ព្រោះ​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប ឲ្យ​ប្រែ​ចិត្ត​វិញ។
អំពី​ការ​តម​អាហារ
(ម៉ាកុស ២.១៨-២២ លូកា ៥.៣៣-៣៨)
១៤ នៅ​គ្រា​នោះ ពួក​សិស្ស​របស់​យ៉ូហាន ក៏​មក​ឯ​ទ្រង់​ទូល​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ និង​ពួក​ផារិស៊ី តម​តែ​ញយៗ តែ​ពួក​សិស្ស​ទ្រង់​មិន​ដែល​តម​សោះ​ដូច្នេះ ១៥ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា កំពុង​ដែល​ប្តី​ថ្មោងថ្មី​នៅ​ជា​មួយ​គ្នា នោះ​តើ​សំឡាញ់​នៃ​គាត់​នឹង​ធ្វើ​ទឹក​មុខ​ព្រួយ​បាន​ឬ​ទេ ប៉ុន្តែ នឹង​មាន​គ្រា​មក​ដល់ ដែល​ប្តី​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ នៅ​គ្រា​នោះ ទើប​គេ​នឹង​តម​អាហារ​វិញ ១៦ គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​សំពត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ ដ្បិត​កំណាត់​ថ្មី​នោះ នឹង​ហែក​អាវ​ចាស់​ចេញ ហើយ​រំហែក​នោះ​នឹង​រឹង​រឹត​តែ​អាក្រក់​ជាង​ទៅ​ទៀត ១៧ ក៏​មិន​ដែល​មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំងបាយជូរ​ថ្មី ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ ថង់​ស្បែក​នឹង​ធ្លាយ ហូរ​ស្រា​ទំពាំងបាយជូរ​ចេញ​អស់ ហើយ​ទាំង​ថង់​នោះ​ក៏​ត្រូវ​ខូច​ខាត​ដែរ គឺ​គេ​តែង​ដាក់​ស្រា​ទំពាំងបាយជូរ​ថ្មី ក្នុង​ថង់​ស្បែក​ថ្មី​វិញ នោះ​ទើប​ទាំង​២​បាន​គង់​នៅ។
ព្រះយេស៊ូវ​ប្រោស​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ឲ្យ​ជា និង​ប្រោស​កូន​ស្រី​លោក​យ៉ៃរ៉ុស​ឲ្យ​រស់​ឡើង​វិញ
(ម៉ាកុស ៥.២១-៤៣ លូកា ៨.៤០-៥៦)
១៨ កំពុង​ដែល​ទ្រង់​មាន​ព្រះបន្ទូល​នឹង​គេ ពី​ដំណើរ​ទាំង​នោះ ស្រាប់​តែ​មាន​មេ​សាលា​ម្នាក់ មក​ក្រាប​ថ្វាយ​បង្គំ​ទូល​ថា កូន​ស្រី​របស់​ទូលបង្គំ​ទើប​នឹង​ស្លាប់​អម្បាញ់មិញ សូម​ទ្រង់​មេត្តា​យាង​ទៅ​ដាក់​ព្រះហស្ត​លើ​វា នោះ​វា​នឹង​រស់​ឡើង​វិញ ១៩ ព្រះយេស៊ូវ​ក៏​ក្រោក​ឡើង យាង​ទៅ​តាម ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ដែរ ២០ រីឯ​មាន​ស្ត្រី​ម្នាក់ នាង​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចូល​មក​ពី​ក្រោយ ពាល់​ជាយ​ព្រះពស្ត្រ​ទ្រង់ ២១ ដោយ​គិត​ក្នុង​ចិត្ត​ថា បើ​គ្រាន់​តែ​ពាល់​ជាយ​ព្រះពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ ២២ ឯ​ព្រះយេស៊ូវ ទ្រង់​បែរ​ទៅ​ឃើញ​នាង ក៏​មាន​ព្រះបន្ទូល​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ សេចក្តី​ជំនឿ​របស់​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ នាង​ក៏​ជា ចាប់​តាំង​ពី​វេលា​នោះ​មក ២៣ រួច​មក កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មេ​សាលា បាន​ឃើញ​ពួក​អ្នក​ផ្លុំ​ខ្លុយ និង​មនុស្ស​សន្ធឹក​កំពុង​តែ​ឆោឡោ ២៤ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ថយ​ចេញ​ទៅ ដ្បិត​នាង​ក្រមុំ​នេះ​មិន​មែន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ តែ​គេ​សើច​ចំអក​ឲ្យ​ទ្រង់ ២៥ លុះ​បណ្តេញ​មនុស្ស​ទាំង​នោះ ទៅ​ក្រៅ​អស់​ហើយ នោះ​ទ្រង់​យាង​ចូល​ទៅ​ចាប់​ដៃ​នាង រួច​នាង​ក៏​ក្រោក​ឡើង ២៦ រឿង​នោះ​បាន​ល្បី​ខ្ចរខ្ចាយ​ទួទៅ ពេញពាស​ក្នុង​ស្រុក​នោះ​ឯង។
ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ពីរ​នាក់​ឲ្យ​ភ្លឺ
២៧ កំពុង​ដែល​ព្រះយេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ទី​នោះ​ទៅ នោះ​មាន​មនុស្ស​ខ្វាក់​២​នាក់​តាម​ទ្រង់ ទាំង​ស្រែក​ថា ឱ​ព្រះរាជបុត្រា​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង ២៨ កាល​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​អ្នក​ខ្វាក់​ទាំង​២​ក៏​មក​ឯ​ទ្រង់ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​អ្នក​ជឿ​ថា ខ្ញុំ​អាច​នឹង​ធ្វើ​ការ​នេះ​បាន​ឬ​ទេ អ្នក​ទាំង​២​ទូល​ថា ជឿ​ហើយ ព្រះអម្ចាស់​អើយ ២៩ នោះ​ទ្រង់​ក៏​ពាល់​ភ្នែក​គេ ដោយ​ព្រះបន្ទូល​ថា ចូរ​ឲ្យ​បាន​ដូច​សេចក្តី​ជំនឿ​របស់​អ្នក​ចុះ ៣០ ភ្នែក​គេ​ក៏​បាន​ភ្លឺ​ឡើង រួច​ទ្រង់​ហាម​ផ្តាច់​ថា នែ កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឲ្យ​សោះ​ហ្នះ ៣១ តែ​កាល​គេ​ចេញ​ទៅ​ហើយ នោះ​ក៏​ផ្សាយ​ប្រាប់​ពី​ទ្រង់ សុស​សាយ​ពេញ​ក្នុង​ស្រុក​នោះ។
ព្រះយេស៊ូវ​ប្រោស​មនុស្ស​គ​ម្នាក់​ឲ្យ​និយាយ​បាន
៣២ កំពុង​ដែល​អ្នក​ទាំង​២​ចេញ​ទៅ នោះ​មាន​គេ​នាំ​មនុស្ស​គ ដែល​មាន​អារក្ស​ចូល មក​ឯ​ទ្រង់ ៣៣ រួច​កាល​បាន​ដេញ​អារក្ស​ចេញ​ហើយ នោះ​មនុស្ស​គ​បាន​និយាយ​ឡើង​បាន ឯ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន គេ​មាន​សេចក្តី​អស្ចារ្យ​ថា មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​សោះ​ឡើយ ៣៤ តែ​ពួក​ផារិស៊ី​និយាយ​ឡើង​ថា អ្នក​នេះ​ដេញ​អារក្ស ដោយសារ​តែ​មេ​អារក្ស​ទេ។
ព្រះយេស៊ូវ​អាណិត​មហាជន
(ម៉ាកុស ៦.៣៤ លូកា ១០.២)
៣៥ ព្រះយេស៊ូវ ទ្រង់​ក៏​យាង​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ ព្រម​ទាំង​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ ទ្រង់​ក៏​ប្រោស​អស់​ទាំង​ជំងឺរោគា និង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​បាន​ជា ៣៦ កាល​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ហើយ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ក្តួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ ហើយ​ខ្ចាត់ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល ៣៧ បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ៣៨ ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះអម្ចាស់​នៃ​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់។