១២
ព្រះយេស៊ូវមានអំណាចលើក្រឹត្យវិន័យថ្ងៃសប្ប័ទ
(ម៉ាកុស ២.២៣-២៨, លូកា ៦.១-៥)
១ នៅគ្រានោះ ព្រះយេស៊ូវយាងកាត់ស្រែ នៅថ្ងៃឈប់សំរាក ឯពួកសិស្សទ្រង់គេឃ្លាន ហើយគេចាប់បូតគួរស្រូវបរិភោគទៅ ២ ពួកផារិស៊ីក៏ឃើញ ហើយគេទូលទ្រង់ថា មើលន៏ សិស្សលោកធ្វើអំពើ ដែលគ្មានច្បាប់ធ្វើ នៅថ្ងៃឈប់សំរាកហើយ ៣ តែទ្រង់មានព្រះបន្ទូលតបថា តើអ្នករាល់គ្នាមិនដែលមើលរឿង ពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ក្នុងកាលដែលទ្រង់ និងពួកអ្នកនៅជាមួយបានឃ្លានទេឬអី ៤ គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ ហើយបានសោយនំបុ័ងតាំងទុក ដែលគ្មានច្បាប់ឲ្យទ្រង់សោយ ឬពួកដែលនៅជាមួយនឹងទ្រង់ផង ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ ៥ ឬអ្នករាល់គ្នាមិនបានមើលក្នុងក្រឹត្យវិន័យទេឬអីថា នៅថ្ងៃឈប់សំរាក នោះពួកសង្ឃ នៅក្នុងព្រះវិហារ ក៏ប្រព្រឹត្តរំលងច្បាប់នៃថ្ងៃឈប់សំរាក ឥតមានទោសវិញ ៦ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅទីនេះ មាន១អង្គ ដែលវិសេសជាងព្រះវិហារទៅទៀត ៧ បើអ្នករាល់គ្នាបានយល់ន័យសេចក្តីដែលថា «អញចង់បានសេចក្តីមេត្តាករុណា មិនមែនយញ្ញបូជាទេ» នោះអ្នករាល់គ្នាមិនបានបន្ទោស ដល់ពួកអ្នកដែលគ្មានទោសឡើយ ៨ ដ្បិតកូនមនុស្សជាម្ចាស់លើថ្ងៃឈប់សំរាកដែរ។
ព្រះយេស៊ូវប្រោសមនុស្សស្វិតដៃម្នាក់ឲ្យជា
(ម៉ាកុស ៣.១-៦ លូកា ៦.៦-១១)
៩ ទ្រង់ក៏យាងចេញពីទីនោះ ចូលទៅក្នុងសាលាប្រជុំរបស់គេ ១០ នោះឃើញមនុស្សម្នាក់មានដៃស្វិត ហើយគេទូលសួរទ្រង់ថា តើមានច្បាប់នឹងប្រោសឲ្យជា នៅថ្ងៃឈប់សំរាកបានឬទេ នេះគឺដើម្បីឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះ ១១ តែទ្រង់ឆ្លើយថា បើអ្នកណា ក្នុងពួកអ្នករាល់គ្នា មានចៀមតែ១ ហើយចៀមនោះធ្លាក់ទៅក្នុងរណ្តៅ នៅថ្ងៃឈប់សំរាក នោះតើមិនទៅចាប់ស្រង់វាមកទេឬអី ១២ ឯមនុស្ស តើមានដំឡៃលើសជាងចៀមអម្បាលម៉ានទៅទៀត ដូច្នេះ មានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សំរាកដែរ ១៣ រួចទ្រង់មានព្រះបន្ទូលទៅមនុស្សនោះថា ចូរលាតដៃអ្នកទៅ គាត់ក៏លាត ហើយដៃនោះបានជា ដូចដៃម្ខាង។
១៤ កាលពួកផារិស៊ីបានចេញទៅក្រៅ គេក៏ពិគ្រោះគ្នារកហេតុនឹងធ្វើឲ្យទ្រង់វិនាស ១៥ តែកាលព្រះយេស៊ូវបានជ្រាប នោះទ្រង់យាងថយចេញពីទីនោះ មានទាំងមនុស្សកកកុញដើរតាមទ្រង់ទៅ ហើយទ្រង់ក៏ប្រោសគេឲ្យជាគ្រប់គ្នាដែរ ១៦ ទ្រង់ហាមផ្តាច់ មិនឲ្យគេប្រាប់ឲ្យបណ្តាមនុស្សស្គាល់ទ្រង់ឡើយ ១៧ ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាអេសាយ បានទាយទុកមកថា ១៨ «មើល អ្នកបំរើដែលអញបានរើសតាំង ជាអ្នកស្ងួនភ្ងា ដែលជាទីពេញចិត្តអញ អញនឹងដាក់វិញ្ញាណអញ ឲ្យសណ្ឋិតនៅលើទ្រង់ ហើយទ្រង់នឹងថ្លែងប្រាប់ពីសេចក្តីយុត្តិធម៌ ដល់សាសន៍ដទៃ ១៩ ទ្រង់នឹងមិនតតាំងនឹងគេ ឬស្រែកសំរែកឡើយ នឹងគ្មានអ្នកណាឮសំឡេងទ្រង់នៅក្នុងផ្លូវទេ ២០ ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនលត់ប្រឆេះដែលនៅហុយឡើយ ទាល់តែបាននាំសេចក្តីយុត្តិធម៌ឲ្យមានជ័យជំនះ ២១ ហើយអស់ទាំងសាសន៍ដទៃ នឹងមានសេចក្តីសង្ឃឹម ដោយនូវឈ្មោះទ្រង់»។
ព្រះយេស៊ូវឆ្លើយតបនឹងអ្នកចោទប្រកាន់ព្រះអង្គ
(ម៉ាកុស ៣.២០-៣០ លូកា ១១.១៤-២៣)
២២ នោះគេនាំមនុស្សម្នាក់មានអារក្សចូល ដែលខ្វាក់ ហើយគ មកឯទ្រង់ ទ្រង់ក៏ប្រោសឲ្យបានជា គឺឲ្យមនុស្សខ្វាក់ ហើយគនោះ បានទាំងនិយាយ ហើយមើលឃើញផង ២៣ ឯហ្វូងមនុស្ស គេមានសេចក្តីអស្ចារ្យទាំងអស់គ្នា ក៏និយាយគ្នាថា អ្នកនេះ តើមិនមែនជាព្រះវង្សហ្លួងដាវីឌនោះទេឬអី ២៤ តែកាលពួកផារិស៊ីបានឮពាក្យនោះ គេក៏ឆ្លើយឡើងថា មនុស្សនេះដេញអារក្សបាន ដោយសារតែបេលសេប៊ូល ជាមេអារក្សទេ ២៥ ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបគំនិតគេ ក៏មានព្រះបន្ទូលថា អស់ទាំងនគរណាដែលបែកទាស់តែគ្នាឯង នោះនឹងត្រូវវិនាសទៅ ហើយអស់ទាំងក្រុងណា ឬផ្ទះណាដែលបែកទាស់តែគ្នាឯង នោះនឹងនៅស្ថិតស្ថេរពុំបានទេ ២៦ ដូច្នេះ បើអារក្សដេញអារក្ស នោះមុខជាវាបែកទាស់គ្នាវាហើយ យ៉ាងនោះ ធ្វើដូចម្តេចឲ្យរាជ្យវាស្ថិតស្ថេរនៅបាន ២៧ មួយទៀត បើខ្ញុំដេញអារក្សដោយអាងបេលសេប៊ូលពិត នោះតើកូនរបស់អ្នករាល់គ្នាដេញអារក្ស ដោយសារអ្វីវិញ ដូច្នេះ វានឹងធ្វើជាចៅក្រមជំនុំជំរះអ្នករាល់គ្នាហើយ ២៨ ប៉ុន្តែបើសិនជាខ្ញុំដេញអារក្ស ដោយសារព្រះវិញ្ញាណនៃព្រះវិញ នោះឈ្មោះថា នគរព្រះបានមកដល់អ្នករាល់គ្នាហើយ ២៩ ឬធ្វើដូចម្តេចឲ្យអ្នកណាចូលទៅក្នុងផ្ទះនៃមនុស្សខ្លាំងពូកែ នឹងប្លន់យកទ្រព្យសម្បត្តិរបស់គេបាន វៀរតែចងអ្នកខ្លាំងពូកែនោះជាមុនសិន នោះទើបនឹងប្លន់ផ្ទះរបស់គេបាន ៣០ អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះជាអ្នកកំចាត់កំចាយវិញ ៣១ ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អស់ទាំងបាប ហើយពាក្យប្រមាថ នឹងអត់ទោសឲ្យមនុស្សលោកបាន តែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញ នោះមិនដែលបានអត់ទោស ដល់មនុស្សឡើយ ៣២ អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសឲ្យពុំបានឡើយ ទោះនៅនាលោកីយ៍នេះ ឬនៅបរលោកនាយក្តី។
ដើមឈើល្អ ដើមឈើអាក្រក់
(លូកា ៦.៤៣-៤៥)
៣៣ ត្រូវតែរាប់ថា ដើមឈើល្អ ផ្លែវាក៏ល្អ ឬថាដើមឈើអាក្រក់ ហើយផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែវា ៣៤ ពូជពស់វែកអើយ ដែលអ្នករាល់គ្នាអាក្រក់ម៉្លេះ តើធ្វើដូចម្តេចនឹងឲ្យអ្នករាល់គ្នាពោលសេចក្តីល្អបាន ពីព្រោះមាត់តែងនិយាយ តាមសេចក្តីបរិបូរដែលនៅក្នុងចិត្ត ៣៥ ធម្មតាមនុស្សល្អ តែងបញ្ចេញសេចក្តីល្អ អំពីកំណប់ដ៏ល្អដែលបានកប់ទុកក្នុងចិត្ត ឯមនុស្សអាក្រក់វិញ គេក៏បញ្ចេញសេចក្តីអាក្រក់ អំពីកំណប់អាក្រក់របស់គេដែរ ៣៦ ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ ៣៧ ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសំដីរបស់ខ្លួន ឬនឹងត្រូវទោស ក៏ដោយសារតែពាក្យសំដីនោះដែរ។
ទីសំគាល់របស់លោកយ៉ូណាស
(ម៉ាកុស ៨.១១-១២ លូកា ១១.២៩-៣២)
៣៨ គ្រានោះ ពួកអាចារ្យ និងពួកផារិស៊ីខ្លះ គេទូលទ្រង់ថា លោកគ្រូ យើងខ្ញុំចង់ឃើញទីសំគាល់ពីលោក ៣៩ តែទ្រង់មានព្រះបន្ទូលតបថា ដំណមនុស្សអាក្រក់ ហើយកំផិត គេចេះតែចង់ឃើញទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់របស់ហោរាយ៉ូណាសឡើយ ៤០ ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់៣ថ្ងៃ៣យប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី៣ថ្ងៃ៣យប់យ៉ាងនោះដែរ ៤១ ឯមនុស្សនៅក្រុងនីនីវេនឹងឈរឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជំរះ ហើយនឹងកាត់ទោសឲ្យផង ដ្បិតគេបានប្រែចិត្ត ដោយឮសេចក្តីដែលលោកយ៉ូណាសបានប្រកាសប្រាប់ ហើយមើល នៅទីនេះមាន១អង្គ ដែលវិសេសជាងលោកយ៉ូណាសទៅទៀត ៤២ មហាក្សត្រីនៅស្រុកខាងត្បូង នឹងឈរឡើងជាមួយមនុស្សដំណនេះ ក្នុងគ្រាជំនុំជំរះ ហើយនិងកាត់ទោសឲ្យផង ដោយព្រះនាងបានយាងមកពីចុងផែនដី ដើម្បីនឹងស្តាប់ចំណេះរបស់ហ្លួងសាឡូម៉ូន ហើយមើល នៅទីនេះមាន១អង្គវិសេសជាហ្លួងសាឡូម៉ូនទៅទៀត។
ត្រូវប្រយ័ត្ន កុំឲ្យអារក្សចូលម្តងទៀត
(លូកា ១១.២៤-២៦)
៤៣ កាលណាអារក្សអសោចបានចេញពីមនុស្សទៅហើយ នោះវាដើរចុះឡើង នៅកន្លែងហួតហែង ដើម្បីរកទីឈប់សំរាក តែរកមិនបានសោះ ៤៤ នោះវាគិតថា អញនឹងត្រឡប់ទៅឯផ្ទះអញ ដែលទើបនឹងចេញមកនោះ រួចកាលវាមកដល់ ឃើញផ្ទះនៅទំនេរ បោសស្អាត ហើយតុបតែងយ៉ាងល្អ ៤៥ នោះវាចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗ ជាងវា មកជាមួយផង ក៏នាំគ្នាចូលទៅនៅទីនោះ ហើយសណ្ឋានក្រោយរបស់មនុស្សនោះ បានអាក្រក់ជាងមុនទៅទៀត ឯមនុស្សដំណអាក្រក់នេះ គេនឹងបានដូច្នោះដែរ។
ព្រះញាតិវង្សពិតប្រាកដរបស់ព្រះយេស៊ូវ
(ម៉ាកុស ៣.៣១-៣៥ លូកា ៨.១៩-២១)
៤៦ កាលទ្រង់កំពុងតែមានព្រះបន្ទូលនឹងហ្វូងមនុស្សនៅឡើយ នោះមាតា និងពួកប្អូនលោកក៏ឈរពីខាងក្រៅរកទូលនឹងទ្រង់ ៤៧ មានម្នាក់ទូលទ្រង់ថា មើលន៏ ម្តាយ និងប្អូនលោក ឈរនៅខាងក្រៅចង់និយាយនឹងលោក ៤៨ តែទ្រង់ឆ្លើយទៅអ្នកដែលទូលនឹងទ្រង់ថា តើអ្នកណាជាម្តាយ ហើយជាប្អូនខ្ញុំ ៤៩ រួចទ្រង់លាតព្រះហស្ត ចង្អុលទៅពួកសិស្ស ដោយព្រះបន្ទូលថា នុ៎ះន៏ ម្តាយ ហើយនិងប្អូនខ្ញុំ ៥០ ដ្បិតអ្នកណា ដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ គឺអ្នកនោះហើយ ជាប្អូនប្រុសស្រី ហើយជាម្តាយខ្ញុំវិញ។