១៤
ស្តេច​ហេរ៉ូឌ​សំឡាប់​លោក​យ៉ូហាន-បាទីស្ទ
(ម៉ាកុស ៦.១៤-២៩ លូកា ៩.៧-៩)
១ នៅ​គ្រា​នោះ ហេរ៉ូឌ ជា​ស្តេច​អនុរាជ ទ្រង់​បាន​ឮ​ល្បី​ពី​ព្រះយេស៊ូវ ២ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​ពួក​មហាតលិក​ថា នោះ​គឺ​ជា​យ៉ូហាន-បាទីស្ទ គាត់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​មាន​ការ​ឫទ្ធិបារមី​កើត​មក ដោយសារ​គាត់​ដូច្នេះ ៣ ដ្បិត​ហេរ៉ូឌ​បាន​ចាប់​ចង​យ៉ូហាន​ដាក់​ក្នុង​គុក ដោយ​ព្រោះ​ហេរ៉ូឌាស ជា​ភរិយា​ភីលីព អនុជ​ទ្រង់ ៤ ពី​ព្រោះ​យ៉ូហាន​បាន​ទូល​ទាស់​នឹង​ស្តេច​ថា ទ្រង់​គ្មាន​ច្បាប់​នឹង​យក​នាង​នោះ​ទេ ៥ ទ្រង់​ចង់​សំឡាប់​គាត់​ណាស់ តែ​ខ្លាច​ហ្វូង​មនុស្ស ព្រោះ​គេ​រាប់​គាត់​ទុក​ជា​ហោរា ៦ មាន​សម័យ​១ ជា​ថ្ងៃ​ធ្វើ​បុណ្យ​ចំរើន​ព្រះជន្ម​ហេរ៉ូឌ នោះ​បុត្រី​ហេរ៉ូឌាស នាង​រាំ​នៅ​មុខ​ពួក​ភ្ញៀវ ជា​ទី​គាប់​ព្រះទ័យ​ដល់​ហេរ៉ូឌ​ណាស់ ៧ បាន​ជា​ទ្រង់​ស្បថ​សន្យា​នឹង​ប្រទាន​គ្រប់​របស់​អ្វី​ដែល​នាង​នឹង​សូម ៨ តែ​មាតា​នាង​បាន​បញ្ចេះ​ឲ្យ​ទូល​ថា សូម​ប្រទាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ ៩ នោះ​ស្តេច​ទ្រង់​ក៏​ព្រួយ​ព្រះទ័យ តែ​ដោយ​ព្រោះ​សម្បថ ហើយ​និង​ពួក​ភ្ញៀវ បាន​ជា​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​ក្បាល​គាត់​មក​ឲ្យ​នាង ១០ ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​កាត់​ក្បាល​យ៉ូហាន​នៅ​ក្នុង​គុក ១១ គេ​យក​ក្បាល​គាត់​ដាក់​លើ​ថាស​មក​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​ដល់​មាតា ១២ នោះ​ពួក​សិស្ស​យ៉ូហាន​ក៏​មក​យក​សព​ទៅ​កប់ រួច​ទៅ​ទូល​ព្រះយេស៊ូវ។
ព្រះយេស៊ូវ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​បរិភោគ
(ម៉ាកុស ៦.៣០-៤៤ លូកា ៩.១០-១៧ យ៉ូហាន ៦.១-១៤)
១៣ កាល​ព្រះយេស៊ូវ​បាន​ឮ​ហើយ នោះ​ទ្រង់​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ ទៅ​ឯ​ទី​រហោស្ថាន​ដោយឡែក រីឯ​ពួក​បណ្តាជន​ក៏​បាន​ដឹង ហើយ​គេ​ចេញ​ពី​ក្រុង​ទាំង​អស់​ដើរ​តាម​ទ្រង់​ទៅ ១៤ លុះ​ទ្រង់​យាង​ឡើង​ពី​ទូក​វិញ ស្រាប់​តែ​ឃើញ​មាន​មនុស្ស​មីរ​ដេរដាស ទ្រង់​ក៏​មាន​ព្រះហឫទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ប្រោស​មនុស្ស​ជំងឺ​ទាំង​ប៉ុន្មាន​ក្នុង​ពួក​គេ​ឲ្យ​បាន​ជា ១៥ ដល់​ពេល​ល្ងាច​ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​ថា ទី​នេះ​ស្ងាត់​ណាស់ ម៉ោង​ក៏​ជ្រុល​ហើយ សូម​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​បាន​ទិញ​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ​ជុំវិញ ១៦ តែ​ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា មិន​ចាំ​បាច់​ឲ្យ​គេ​ទៅ​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ១៧ ពួក​សិស្ស​ក៏​ទូល​ទ្រង់​ថា នៅ​ទី​នេះ​យើង​ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​នំបុ័ង​៥​ដុំ ហើយ​និង​ត្រី​ពីរ​ប៉ុណ្ណោះ ១៨ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​យក​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ ១៩ រួច​កាល​ទ្រង់​បង្គាប់​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​លើ​ស្មៅ​ហើយ នោះ​ទ្រង់​យក​នំបុ័ង​៥​ដុំ និង​ត្រី​២​នោះ ងើប​ទត​ទៅ​លើ​មេឃ ទាំង​ប្រទាន​ពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ដល់​ហ្វូង​មនុស្ស ២០ គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់​ដាក់​ពេញ​បាន​១២​កន្ត្រក ២១ រីឯ​ពួក​មនុស្ស​ដែល​បាន​បរិភោគ នោះ​មាន​ចំនួន​៥​ពាន់​នាក់ ឥត​រាប់​ពួក​ស្រីៗ និង​កូន​ក្មេង​ទេ។
ព្រះយេស៊ូវ​យាង​លើ​ទឹក​សមុទ្រ
(ម៉ាកុស ៦.៤៥-៥២ យ៉ូហាន ៦.១៥-២១)
២២ ស្រាប់​តែ​ទ្រង់​បង្ខំ​ពួក​សិស្ស ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​មុន​ទ្រង់ ទាល់​តែ​ទ្រង់​បាន​ឲ្យ​ហ្វូង​មនុស្ស​វិល​ទៅ​វិញ​អស់ ២៣ លុះ​បាន​ឲ្យ​គេ​ទៅ​ផុត​អស់​ហើយ នោះ​ទ្រង់​យាង​ឡើង​លើ​ភ្នំ​ដោយឡែក ដើម្បី​នឹង​អធិស្ឋាន លុះ​ពេល​ព្រលប់​ហើយ ទ្រង់​ក៏​នៅ​ទី​នោះ​តែ​១​អង្គ​ទ្រង់ ២៤ ឯ​ទូក​នៅ​កណ្តាល​សមុទ្រ ត្រូវ​រលក​បោក​ជា​ខ្លាំង ដោយ​ព្រោះ​ច្រាស​ខ្យល់ ២៥ ដល់​យាម​៤​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​ពួក​សិស្ស ២៦ កាល​គេ​ឃើញ​ទ្រង់​យាង​លើ​ទឹក​ដូច្នោះ នេះ​ក៏​ភ័យ​វល់ ហើយ​និយាយ​ថា ខ្មោច​លង​ហើយ រួច​គេ​ស្រែក​ឡើង ដោយ​សេចក្តី​តក់ស្លុត ២៧ តែ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ដល់​គេ​ភ្លាម​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ ២៨ ពេត្រុស​ទូល​តប​ថា ព្រះអម្ចាស់​អើយ បើ​ជា​ទ្រង់​មែន នោះ​សូម​ឲ្យ​ទូលបង្គំ​ដើរ​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង ២៩ ទ្រង់​មាន​ព្រះបន្ទូល​ថា ចូល​មក​ចុះ ពេត្រុស​ក៏​ចុះ​ចេញ​ពី​ទូក​ដើរ​លើ​ទឹក ដើម្បី​ទៅ​ឯ​ព្រះយេស៊ូវ ៣០ តែ​កាល​គាត់​បាន​ឃើញ​ខ្យល់​បក់​ជា​ខ្លាំង នោះ​គាត់​មាន​ចិត្ត​ភ័យ ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ បាន​ជា​គាត់​ស្រែក​ឡើង​ថា ព្រះអម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ៣១ ស្រាប់​តែ​ព្រះយេស៊ូវ​ទ្រង់​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម ដោយ​ព្រះបន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ ៣២ រួច​កាល​ទ្រង់ និង​គាត់​បាន​ឡើង​ទៅ​ក្នុង​ទូក​ហើយ នោះ​ខ្យល់​ក៏​ស្ងប់​ឈឹង ៣៣ ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទូក ក៏​មក​ថ្វាយ​បង្គំ​ទ្រង់​ទូល​ថា ទ្រង់​ប្រាកដ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន។
៣៤ លុះ​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ស្រុក​គេនេសារ៉ែត ៣៥ ពួក​មនុស្ស​នៅ​ទី​នោះ​បាន​ចំណាំ​ស្គាល់​ទ្រង់ ហើយ​គេ​ចាត់​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំវិញ នាំ​យក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​មាន​ជំងឺ​មក​ឯ​ទ្រង់ ៣៦ ក៏​អង្វរ​ឲ្យ​ទ្រង់​អនុញ្ញាត ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះពស្ត្រ ទ្រង់​ប៉ុណ្ណោះ ឯ​អស់​អ្នក​ដែល​បាន​ពាល់ នោះ​ក៏​បាន​ជាទាំង​អស់​គ្នា។