២២
ប្រស្នាអំពីមង្គលការ
(លូកា ១៤.១៦-២៤)
១ ព្រះយេស៊ូវមានព្រះបន្ទូលពាក្យប្រៀបប្រដូច១ទៀតទៅគេថា ២ នគរស្ថានសួគ៌ប្រៀបដូចជាស្តេច១អង្គ ដែលរៀបវិវាហមង្គលឲ្យព្រះរាជបុត្រា ៣ ទ្រង់ចាត់ពួកមហាតលិកឲ្យទៅហៅពួកភ្ញៀវ ដែលទ្រង់បានអញ្ជើញមកក្នុងមង្គលការនោះ ប៉ុន្តែអ្នកទាំងនោះមិនព្រមមកទេ ៤ ទ្រង់ក៏ចាត់ពួកមហាតលិកឯទៀតឲ្យទៅ ដោយព្រះបន្ទូលថា ចូរឯងប្រាប់ពួកភ្ញៀវថា ឥឡូវ គ្រឿងជប់លៀងបានរៀបជាស្រេចហើយ គេបានសំឡាប់គោ និងសត្វបំប៉នយ៉ាងធាត់ៗ ហើយក៏រៀបចំគ្រប់ទាំងអស់រួចជាស្រេច ចូរមកបរិភោគការចុះ ៥ តែអ្នកទាំងនោះធ្វេសប្រហែសវិញ ម្នាក់ក៏ទៅឯចំការខ្លួន ម្នាក់ទៀតទៅឯការជំនួញ ៦ អ្នកឯទៀតក៏ចាប់ពួកមហាតលិកត្មះតិះដៀល ហើយសំឡាប់ចោលទៅ ៧ កាលស្តេចបានឮ នោះទ្រង់មានព្រះទ័យកេ្រវក្រោធ ក៏ចាត់ទ័ពឲ្យទៅបំផ្លាញពួកមនុស្សដែលសំឡាប់គេនោះ ព្រមទាំងដុតទីក្រុងរបស់គេចោលអស់ ៨ រួចទ្រង់មានព្រះបន្ទូលទៅពួកមហាតលិកថា ការបានរៀបចំជាស្រេច តែពួកភ្ញៀវមិនគួរនឹងមកបរិភោគទេ ៩ ដូច្នេះ ចូរទៅឯផ្លូវប្រសព្វ អញ្ជើញអស់អ្នកណាដែលប្រទះឃើញ ឲ្យគេមកបរិភោគវិញ ១០ មហាតលិកទាំងនោះក៏ចេញទៅតាមផ្លូវ ប្រមូលអស់អ្នកណាដែលប្រទះឃើញ ទាំងអាក្រក់ ទាំងល្អមក នោះរោងការមានភ្ញៀវពេញព្រៀប ១១ ស្តេចក៏យាងចូលទៅទតមើលពួកភ្ញៀវ ទ្រង់ឃើញមនុស្សម្នាក់ទៅទីនោះ ដែលមិនបានពាក់អាវផាយ ១២ ក៏មានព្រះបន្ទូលទៅអ្នកនោះថា សំឡាញ់អើយ ដូចម្តេចបានជាអ្នកចូលមកក្នុងទីនេះ ឥតពាក់អាវផាយដូច្នេះ អ្នកនោះរកឆ្លើយអ្វីមិនបានឡើយ ១៣ ទើបទ្រង់បង្គាប់ទៅពួកមហាតលិកថា ចូរចងជើងចងដៃវាបោះចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ ១៤ ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ។
អំពីពន្ធដារ
(ម៉ាកុស ១២.១៣-១៧ លូកា ២០.២០-២៦)
១៥ កាលពួកផារិស៊ីបានចេញទៅ នោះគេពិគ្រោះគ្នាពីដំណើរយ៉ាងណានឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល ១៦ រួចក៏ចាត់ពួកសិស្សរបស់គេឲ្យទៅឯទ្រង់ ជាមួយនឹងពួកហេរ៉ូឌ ដោយពាក្យថា លោកគ្រូ យើងខ្ញុំដឹងថា លោកពិតត្រង់ ហើយថា លោកបង្រៀនពីផ្លូវព្រះដោយសេចក្តីពិត ឥតមានអំពល់ដល់អ្នកណាឡើយ ព្រោះលោកមិនយល់មុខមនុស្សណាទេ ១៧ ដូច្នេះ សូមប្រាប់យើងខ្ញុំដែលលោកគិតដូចម្តេច តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ ១៨ តែព្រះយេស៊ូវ ទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានព្រះបន្ទូលតបថា មនុស្សកំពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងខ្ញុំដូច្នេះ ១៩ ចូរបង្ហាញប្រាក់ដែលបង់ពន្ធមកឲ្យខ្ញុំមើលចុះ គេក៏យកប្រាក់កាក់ធំមកថ្វាយទ្រង់ទត ២០ រួចទ្រង់មានព្រះបន្ទូលសួរថា រូបនេះ និងឈ្មោះនេះ តើជារបស់អ្នកណា ២១ គេទូលឆ្លើយថា របស់សេសារ នោះទ្រង់មានព្រះបន្ទូលឆ្លើយថា ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ ២២ កាលបានឮដូច្នោះ នោះគេមានសេចក្តីអស្ចារ្យ រួចក៏ដើរចេញពីទ្រង់បាត់ទៅ។
អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ
(ម៉ាកុស ១២.១៨-២៧ លូកា ២០.២៧-៤០)
២៣ នៅថ្ងៃនោះឯង ពួកសាឌូស៊ី ដែលគេថា គ្មានសេចក្តីរស់ឡើងវិញទេ គេក៏មកឯទ្រង់ ទូលសាកសួរថា ២៤ លោកគ្រូ លោកម៉ូសេបានផ្តាំថា «បើអ្នកណាស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកប្រពន្ធរបស់បង ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន» ២៥ រីឯនៅក្នុងពួកយើងខ្ញុំ មានបងប្អូន៧នាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅគ្មានកូនសោះ បានទុកប្រពន្ធឲ្យប្អូន ២៦ ប្អូនបន្ទាប់ក៏ធ្វើដូចគ្នា រួចប្អូនទី៣ ដរាបដល់ប្អូនពៅបំផុត ២៧ ក្រោយបង្អស់មក ស្ត្រីនោះក៏ស្លាប់ទៅដែរ ២៨ ដូច្នេះ ដល់គ្រារស់ឡើងវិញ តើនាងនោះនឹងត្រូវធ្វើជាប្រពន្ធរបស់អ្នកណា ក្នុងបណ្តាបងប្អូនទាំង៧នាក់នោះ ដ្បិតសុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា ២៩ នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាភាន់ច្រឡំទេ ពីព្រោះមិនយល់គម្ពីរ ឬព្រះចេស្តានៃព្រះសោះ ៣០ ដ្បិតដល់គ្រារស់ឡើងវិញ នោះគេមិនយកគ្នាជាប្តីប្រពន្ធទៀតទេ គឺបានដូចជាទេវតានៃព្រះ ដែលនៅស្ថានសួគ៌វិញ ៣១ តែត្រង់ឯសេចក្តីរស់ពីស្លាប់ឡើងវិញ តើអ្នករាល់គ្នាមិនបានមើលសេចក្តីដែលព្រះទ្រង់បានមានព្រះបន្ទូលនឹងអ្នករាល់គ្នាទេឬអី ៣២ គឺថា «អញជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប» ព្រះអង្គទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ។
៣៣ ឯបណ្តាមនុស្សគេក៏នឹកប្លែកក្នុងចិត្ត ដោយឮសេចក្តីដែលទ្រង់បង្រៀននោះ។
បញ្ញត្តសំខាន់ជាងគេ
(ម៉ាកុ ១២.២៨-៣៤ លូកា ១០.២៥-២៨)
៣៤ តែកាលពួកផារិស៊ីបានឮថា ទ្រង់ធ្វើឲ្យពួកសាឌូស៊ីបាត់មាត់ដូច្នោះ នោះគេក៏មូលគ្នា ៣៥ ហើយពួកគេម្នាក់ ដែលជាអ្នកប្រាជ្ញខាងច្បាប់ក៏ល្បងសួរទ្រង់ថា ៣៦ លោកគ្រូ ក្នុងបណ្តាក្រឹត្យវិន័យ តើបញ្ញត្តណាដែលយ៉ាងសំខាន់បំផុត ៣៧ នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» ៣៨ នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ៣៩ ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» ៤០ បណ្តាក្រឹត្យវិន័យ និងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សំរេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង។
ព្រះគ្រីស្ទជាព្រះអម្ចាស់លើស្តេចដាវីឌ
(ម៉ាកុស ១២.៣៥-៣៧ លូកា ២០.៤១-៤៤)
៤១ កំពុងដែលពួកផារិស៊ីនៅមូលគ្នានៅឡើយ នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលសួរគេថា ៤២ អ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច តើទ្រង់ជាព្រះវង្សអ្នកណា នោះគេទូលឆ្លើយថា ជាព្រះវង្សហ្លួងដាវីឌ ៤៣ ទ្រង់មានព្រះបន្ទូលសួរទៀតថា ដូច្នេះ ធ្វើដូចម្តេចឲ្យហ្លួងដាវីឌមានព្រះបន្ទូល ដោយនូវព្រះវិញ្ញាណ ហៅទ្រង់ជាព្រះអម្ចាស់បាន ៤៤ ដោយថា «ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទៅព្រះអម្ចាស់នៃខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯងនៅក្រោមជើងឯង» ៤៥ ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទថាជាព្រះអម្ចាស់ នោះធ្វើដូចម្តេចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន ៤៦ តែគ្មានអ្នកណាអាចនឹងឆ្លើយតបទៅទ្រង់១ម៉ាត់បានទេ រួចតាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតឡើយ។