២៦
ការឃុបឃិតចាប់ព្រះយេស៊ូវ
(ម៉ាកុស ១៤.១-២ លូកា ២២.១-២ យ៉ូហាន ១១.៤៥-៥៣)
១ កាលព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះរួចហើយ នោះទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ២ អ្នករាល់គ្នាដឹងថា នៅ២ថ្ងៃទៀត នឹងចូលបុណ្យរំលងហើយ ឯកូនមនុស្ស ក៏ត្រូវគេបញ្ជូនទៅ ឲ្យត្រូវជាប់ឆ្កាងដែរ។
៣ នៅគ្រានោះ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំនៃបណ្តាជន គេប្រជុំគ្នានៅទីព្រះលាននៃសំដេចសង្ឃ ព្រះនាមកៃផា ៤ ក៏ពិគ្រោះគ្នា ដើម្បីចាប់ព្រះយេស៊ូវដោយឧបាយកល ហើយសំឡាប់បង់ ៥ តែគេថា កុំធ្វើក្នុងរវាងពេលបុណ្យនេះឡើយ ក្រែងបណ្តាជនកើតកោលាហល។
ស្ត្រីម្នាក់ចាក់ប្រេងលើសិរសាព្រះយេស៊ូវ
(ម៉ាកុស ១៤.៣-៩ យ៉ូហាន ១២.១-៨)
៦ រីឯកាលព្រះយេស៊ូវទ្រង់គង់ក្នុងផ្ទះស៊ីម៉ូន ជាអ្នកឃ្លង់នៅភូមិបេថានី ៧ នោះមានស្ត្រីម្នាក់មកឯទ្រង់ កាន់ទាំងដបថ្មកែវ ដាក់ប្រេងក្រអូបមានដំឡៃដ៏វិសេស នាងក៏ចាក់ប្រេងនោះលើព្រះសិរទ្រង់ ដែលទ្រង់កំពុងតែគង់នៅតុ ៨ តែកាលពួកសិស្សទ្រង់ឃើញ គេក៏នឹកតូចចិត្ត ហើយនិយាយថា ធ្វើបង្ខាតដូច្នេះ តើមានប្រយោជន៍អ្វី ៩ ដ្បិតប្រេងនេះនឹងលក់បានប្រាក់ជាច្រើន ដើម្បីនឹងចែកឲ្យដល់មនុស្សក្រីក្រ ១០ តែព្រះយេស៊ូវទ្រង់ជ្រាប ហើយក៏មានព្រះបន្ទូលទៅគេថា ហេតុអ្វីបានជាបង្អាក់ដល់ចិត្តនាងដូច្នេះ ដ្បិតនាងបានធ្វើការល្អដល់ខ្ញុំណាស់ ១១ ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ ១២ ដែលនាងនេះបានចាក់ប្រេងក្រអូបលើខ្លួនខ្ញុំ នោះគឺបានធ្វើសំរាប់រៀបកប់ខ្មោចខ្ញុំ ១៣ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងប្រកាសប្រាប់ដំណឹងល្អនេះ នៅគ្រប់ក្នុងលោកីយ៍ទាំងមូល នោះគេនឹងដំណាលពីការដែលនាងបានធ្វើនេះដែរ ទុកសំរាប់ជាកេរ្តិ៍នាង។
យូដាស-អ៊ីស្ការីយ៉ុតក្បត់ព្រះយេស៊ូវ
(ម៉ាកុស ១៤.១០-១១ លូកា ២២.៣-៦)
១៤ នៅគ្រានោះ មានម្នាក់ក្នុងពួក១២នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត វាទៅឯពួកសង្គ្រាជសួរថា ១៥ បើខ្ញុំបញ្ជូនអ្នកនោះមកលោក តើលោកនឹងឲ្យអ្វីដល់ខ្ញុំ រួចគេសំរេចនឹងឲ្យប្រាក់៣០រៀលដល់វា ១៦ ចាប់តាំងពីវេលានោះមក វាក៏ចេះតែរកឱកាសនឹងបញ្ជូនទ្រង់ទៅ។
ព្រះយេស៊ូវធ្វើពិធីបុណ្យរំលងជាមួយពួកសិស្ស
(ម៉ាកុស ១៤.១២-២១ លូកា ២២.៧-១៤, ២១-២៣ យ៉ូហាន ១៣.២១-៣០)
១៧ នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែ នោះពួកសិស្សមកឯព្រះយេស៊ូវទូលថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា ១៨ ទ្រង់ឆ្លើយថា ឲ្យចូលទៅក្នុងទីក្រុង ដល់ម្នាក់ណាមួយនោះ ហើយប្រាប់ថា លោកគ្រូមានប្រសាសន៍ថា កំណត់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយ និងពួកសិស្សខ្ញុំនៅផ្ទះអ្នក ១៩ ដូច្នេះ ពួកសិស្សក៏ធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយគេរៀបចំធ្វើបុណ្យរំលង។
២០ ដល់ល្ងាច ទ្រង់គង់នៅតុជាមួយនឹងពួក១២នាក់ ២១ កាលកំពុងតែបរិភោគ នោះទ្រង់មានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា មានម្នាក់នឹងបញ្ជូនខ្ញុំ ២២ នោះគ្រប់គ្នាមានសេចក្តីព្រួយជាខ្លាំង ហើយចាប់តាំងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទូលបង្គំឬអី ២៣ តែទ្រង់មានព្រះបន្ទូលឆ្លើយថា គឺជាអ្នកមួយ ដែលលូកដៃចុះក្នុងចានជាមួយនឹងខ្ញុំ អ្នកនោះឯងនឹងបញ្ជូនខ្ញុំទៅ ២៤ ឯកូនមនុស្ស ត្រូវទៅមែន តាមសេចក្តីដែលបានចែងទុកពីដំណើរលោក ប៉ុន្តែវេទនាដល់អ្នកនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង ២៥ នោះយូដាស ជាអ្នកដែលបញ្ជូនទ្រង់ វាចាប់ពាក្យទូលថា លោកគ្រូអើយ តើខ្ញុំឬអី ទ្រង់មានព្រះបន្ទូលទៅវាថា ត្រូវដូចអ្នកនិយាយហើយ។
ពិធីជប់លៀងចុងក្រោយបំផុត
(ម៉ាកុស ១៤.២២-២៦ លូកា ២២.១៥-២០ ១ កូរិនថូស ១១.២៣-២៥)
២៦ គ្រាដែលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ង ហើយកាលទ្រង់បានប្រទានពរ នោះក៏កាច់ប្រទានទៅពួកសិស្ស ដោយព្រះបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ ២៧ រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយព្រះបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ២៨ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប ២៩ តែខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះតទៅមុខ ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី ជាមួយនឹងអ្នករាល់គ្នា នៅក្នុងនគរព្រះវរបិតានៃខ្ញុំ ៣០ រួចកាលបានច្រៀងទំនុកមួយហើយ នោះក៏នាំគ្នាចេញទៅឯភ្នំដើមអូលីវ។
ព្រះយេស៊ូវមានព្រះបន្ទូលអំពីលោកពេត្រុសបដិសេធមិនទទួលស្គាល់ព្រះអង្គ
(ម៉ាកុស ១៤.២៧-៣១ លូកា ២២.៣១-៣៤ យ៉ូហាន ១៣.៣៦-៣៨)
៣១ ខណៈនោះ ព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលទៅគេថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងមានចិត្តរវាតចេញដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ» ៣២ ប៉ុន្តែ កាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នា ៣៣ ពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់នឹងរវាតចិត្ត ដោយព្រោះទ្រង់ក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ ៣៤ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅវេលាយប់នេះ មុនដែលមាន់រងាវ នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ ៣៥ ពេត្រុសទូលតបថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក៏ដោយ គង់តែមិនព្រមថា មិនស្គាល់ទ្រង់ឡើយ ហើយពួកសិស្សទាំងអស់ក៏ថាឡើងដូចគ្នា។
ព្រះយេស៊ូវអធិស្ឋាននៅក្នុងសួនគែតសេម៉ានី
(ម៉ាកុស ១៤.៣២-៤២ លូកា ២២.៣៩-៤៦)
៣៦ នោះព្រះយេស៊ូវ ព្រមទាំងពួកសិស្ស ក៏ទៅដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានព្រះបន្ទូលទៅគេថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំនឹងទៅអធិស្ឋាននៅឯណោះ ៣៧ រួចទ្រង់យកពេត្រុស និងកូនសេបេដេទាំង២នាក់ទៅជាមួយផង ទ្រង់ចាប់តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ៣៨ ក៏មានព្រះបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ចាំយាមជាមួយនឹងខ្ញុំសិន ៣៩ កាលទ្រង់បានយាងទៅមុខបន្តិចទៀត នោះទ្រង់ទំលាក់អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ ៤០ នោះទ្រង់យាងមកដល់ពួកសិស្ស ឃើញគេដេកលក់ ក៏មានព្រះបន្ទូលទៅពេត្រុសថា ដូច្នេះ តើអ្នករាល់គ្នាចាំយាមជាមួយនឹងខ្ញុំតែ១ម៉ោងមិនបានទេឬអី ៤១ ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្តីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ ៤២ កាលទ្រង់បានយាងទៅម្តងទៀត នោះក៏អធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាពែងនេះកន្លងហួសពីទូលបង្គំទៅពុំបាន លើកតែទូលបង្គំទទួល នោះសូមតាមព្រះហឫទ័យទ្រង់ចុះ ៤៣ កាលទ្រង់បានយាងមកវិញ នោះក៏ឃើញពួកសិស្សដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ ៤៤ រួចទ្រង់យាងចោលគេទៅម្តងទៀត នឹងអធិស្ឋានជាគំរប់៣ដង ដោយព្រះបន្ទូលជាសេចក្តីដដែល ៤៥ នោះទ្រង់យាងមកឯពួកសិស្សមានព្រះបន្ទូលថា ឥឡូវនេះ អ្នករាល់គ្នាដេកលក់ ហើយសំរាកកំឡាំងទៀតឬ មើល កំណត់ជិតដល់ហើយ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ៤៦ ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំជិតមកដល់ហើយ។
គេចាប់ព្រះយេស៊ូវ
(មក.១៤.៤៣-៥០ លក.២២.៤៧-៥៣ យហ.១៨.៣-១១)
៤៧ កាលទ្រង់កំពុងតែមានព្រះបន្ទូលនៅឡើយ នោះឃើញយូដាស ជាម្នាក់ក្នុងពួក១២មកដល់ នាំទាំងហ្វូងមនុស្សជាធំ ដែលកាន់ដាវ កាន់ដំបង មកពីពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន ៤៨ ឯអ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វាចុះ ៤៩ ស្រាប់តែវាមកដល់ព្រះយេស៊ូវគំនាប់ទូលថា ជំរាបសួរលោកគ្រូ រួចក៏ថើបទ្រង់ ៥០ តែព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា សំឡាញ់អើយ ឯងមកធ្វើអី នោះគេក៏មកលូកដៃចាប់ព្រះអង្គ ៥១ ខណៈនោះ មានម្នាក់ដែលនៅជាមួយនឹងព្រះយេស៊ូវ គាត់លូកដៃទៅហូតដាវ កាប់ដាច់ស្លឹកត្រចៀករបស់បាវសំដេចសង្ឃម្នាក់ ៥២ តែព្រះយេស៊ូវមានព្រះបន្ទូលទៅថា ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ ៥៣ តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កង មកខ្ញុំជា១រំពេចទេឬអី ៥៤ បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ។
៥៥ នៅវេលានោះឯង ព្រះយេស៊ូវមានព្រះបន្ទូលទៅហ្វូងមនុស្សថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ដោយកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬអី ខ្ញុំបានអង្គុយជាមួយនឹងអ្នករាល់គ្នា ហើយបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ ៥៦ ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយពួកហោរាវិញ នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ។
ព្រះយេស៊ូវនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
(ម៉ាកុស ១៤.៥៣-៦៥ លូកា ២២.៥៤-៥៥, ៦៣-៧១ យ៉ូហាន ១៨.១៣-១៤, ១៩.២៤)
៥៧ ឯពួកអ្នកដែលចាប់ព្រះយេស៊ូវ គេដឹកនាំទ្រង់ទៅឯលោកកៃផា ជាសំដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ និងពួកចាស់ទុំបានប្រជុំគ្នា ៥៨ រីឯពេត្រុស គាត់តាមទ្រង់ពីចំងាយទៅ រហូតដល់ព្រះលាននៃសំដេចសង្ឃ ក៏ចូលទៅអង្គុយខាងក្នុង ជាមួយនឹងពួកអាជ្ញា ដើម្បីចង់ឃើញទីបំផុតនៃការនោះ។
៥៩ ចំណែកពួកសង្គ្រាជ និងពួកចាស់ទុំ ហើយក្រុមជំនុំទាំងអស់គ្នា គេស្វែងរកសេចក្តីបន្ទាល់ក្លែងទាស់នឹងព្រះយេស៊ូវ ប្រយោជន៍ឲ្យបានសំឡាប់ទ្រង់ ៦០ តែទោះបើមានស្មរបន្ទាល់ក្លែងក្លាយមកជាច្រើននាក់ក៏ដោយ គង់តែរកមិនបានសោះ ៦១ តែក្រោយបង្អស់ មានស្មរបន្ទាល់២នាក់មកចោទថា អានេះបាននិយាយថា ខ្ញុំអាចនឹងបំផ្លាញព្រះវិហារចេញ ហើយនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃបាន ៦២ នោះសំដេចសង្ឃក៏ក្រោកឡើងដណ្តឹងសួរទ្រង់ថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្តីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច ៦៣ ឯព្រះយេស៊ូវទ្រង់នៅតែស្ងៀម រួចសំដេចសង្ឃបង្គាប់ទ្រង់ថា ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ចុះ បើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះមែន នោះចូរប្រាប់យើងមក ៦៤ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ ១ទៀតខ្ញុំប្រាប់អ្នករាល់គ្នាថា អំណឹះទៅមុខ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយ នៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយទាំងមកលើពពកនៅលើមេឃផង ៦៥ នោះសំដេចសង្ឃក៏ហែកអាវខ្លួន ហើយនិយាយឡើងថា វាបានពោលពាក្យប្រមាថដល់ព្រះ ដូច្នេះ តើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាថែមទៀត មើល អ្នករាល់គ្នាទើបនឹងឮពាក្យ ដែលវាប្រមាថនោះស្រាប់ហើយ ៦៦ តើគិតយ៉ាងដូចម្តេច អ្នកទាំងនោះឆ្លើយឡើងថា វាគួរស្លាប់ហើយ ៦៧ គេក៏ស្តោះដាក់ព្រះភក្ត្រ ហើយដាល់តប់ទ្រង់ មានអ្នកខ្លះទះទ្រង់ ទាំងទូលថា ៦៨ ចូរទាយប្រាប់យើងចុះ ព្រះគ្រីស្ទអើយ តើអ្នកណាបានវាយឯង។
លោកពេត្រុសបដិសេធមិនស្គាល់ព្រះយេស៊ូវ
(ម៉ាកុស ១៤.៦៦-៧២ លូកា ២២.៥៦-៦២ យ៉ូហាន ១៨.១២-១៨, ២៥-២៧)
៦៩ ឯពេត្រុស គាត់អង្គុយនៅក្នុងព្រះលានឰដ៏ខាងក្រៅ នោះមានបាវស្រីម្នាក់មកឯគាត់និយាយថា អ្នកឯងបាននៅជាមួយនឹងយេស៊ូវ ជាអ្នកស្រុកកាលីឡេនេះដែរ ៧០ តែគាត់ប្រកែកនៅមុខអ្នកទាំងអស់ថា ខ្ញុំមិនដឹងជាអ្នកថាអ្វីទេ ៧១ កាលគាត់បានចេញទៅដល់មាត់ទ្វារហើយ នោះបាវស្រីម្នាក់ទៀតឃើញគាត់ ក៏ប្រាប់ដល់ពួកអ្នកនៅទីនោះថា អ្នកនេះបាននៅជាមួយនឹងយេស៊ូវ ជាអ្នកស្រុកណាសារ៉ែតដែរ ៧២ គាត់ក៏ប្រកែកម្តងទៀត ទាំងស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះទេ ៧៣ ក្រោយបន្តិចមក ពួកអ្នកដែលនៅទីនោះ គេមកឯពេត្រុសចោទថា ឯងប្រាកដជាពួកមនុស្សនោះដែរ ដ្បិតសំដីឯងសពីខ្លួនឯងឲ្យដឹងហើយ ៧៤ នោះគាត់ចាប់តាំងប្រមាថ ហើយស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះទេ ស្រាប់តែមាន់ក៏រងាវឡើង ៧៥ ពេត្រុសនឹកឃើញពីព្រះបន្ទូលនៃព្រះយេស៊ូវ ដែលទ្រង់ប្រាប់គាត់ថា មុនដែលមាន់រងាវ នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ រួចគាត់ក៏ចេញទៅដោយយំក្តួល។