ប្រស្នា​អំពី​ពូជ​ស្រូវ
(ម៉ាថាយ​១៣.១-៩ លូកា​៨.៤-៨)
១ ខណៈ​នោះ ទ្រង់​តាំង​បង្រៀន នៅ​ត្រង់​មាត់​សមុទ្រ​ម្តង​ទៀត ហើយ​មាន​មនុស្ស​ទាំង​ហ្វូង​មូល​គ្នា មក​ឯ​ទ្រង់ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក នៅ​សមុទ្រ​វិញ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​គោក តាម​មាត់​ច្រាំង ២ ទ្រង់​បង្រៀន​សេចក្តី​ជា​ច្រើន​ដល់​គេ ដោយ​ពាក្យ​ប្រៀបធៀប ក៏​មាន​ព្រះបន្ទូល​ក្នុង​ន័យ​ដែល​ទ្រង់​បង្រៀន​ថា ៣ ចូរ​ស្តាប់​ចុះ​មើល មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ ៤ កំពុង​ដែល​ព្រោះ មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ចឹក​ស៊ី ៥ ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មិនសូវ​មាន​ដី​ប៉ុន្មាន ហើយ​ក៏​ដុះ​ឡើង​ភ្លាម ពី​ព្រោះ​គ្មាន​ដី​ជ្រៅ ៦ តែ​កាល​ថ្ងៃ​រះ​ឡើង នោះ​ក្រៀម​ខ្លោច​ទៅ​វិញ ពី​ព្រោះ​គ្មាន​ឫស ៧ ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​បន្លា បន្លា​ក៏​ដុះ​ឡើង​ខ្ទប់ ហើយ​គ្រាប់​នោះ​មិន​កើត​ផល​សោះ ៨ តែ​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ក៏​កើត​ផល​ចំរើន​កាន់​តែ​ច្រើន​ឡើង គ្រាប់​១​បង្កើត​បាន​៣០ មួយ​បាន​៦០ ហើយ​មួយ​បាន​១​រយ ៩ រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។
១០ កាល​ទ្រង់​គង់​នៅ​ដោយឡែក នោះ​ពួក​អ្នក​ដែល​នៅ​ជុំវិញ​ទ្រង់ ព្រម​ទាំង​ពួក​១២​នាក់ គេ​ទូល​សួរ​ពី​ពាក្យ​ប្រៀប ប្រដូច​នោះ ១១ ទ្រង់​មាន​ព្រះបន្ទូល​ថា ពី​ព្រោះ​បាន​ប្រទាន​មក ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​អាថ៌កំបាំង​របស់​នគរ​ព្រះ ប៉ុន្តែ​ឯ​មនុស្ស​ក្រៅ ការ​ទាំង​អស់​បាន​ធ្វើ​បែប​ប្រៀប​ប្រដូច​វិញ ១២ ដើម្បី​កាល​ណា​គេ​ឃើញ នោះ​ឲ្យ​គេ​ឃើញ​មែន តែ​ឥត​យល់​ទេ ហើយ​កាល​ណា​ឮ នោះ​ឲ្យ​គេ​ឮ​មែន តែ​ស្តាប់​មិន​បាន​សោះ ក្រែង​គេ​ប្រែ​ចិត្ត ហើយ​បាប​គេ​បាន​អត់​ទោស​ឲ្យ ១៣ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ប្រៀប​នេះ​ទេ​ឬ​អី ចុះ​ធ្វើ​ដូច​ម្តេច ឲ្យ​អ្នក​រាល់​គ្នា​យល់​គ្រប់​ទាំង​ពាក្យ​ប្រៀប​ប្រដូច​បាន ១៤ ឯ​អ្នក​ព្រោះ​ពូជ គឺ​ព្រោះ​ព្រះបន្ទូល ១៥ ឯ​អ្នក​តាម​ផ្លូវ គឺ​ជា​កន្លែង​ដែល​បាន​ព្រោះ​ព្រះបន្ទូល​ចុះ កាល​គេ​ឮ នោះ​អារក្សសាតាំង​ក៏​មក​លួច​ឆក់​យក​ព្រះបន្ទូល ដែល​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភ្លាម ១៦ ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម ក៏​ដូច​គ្នា​ដែរ កាល​ណា​គេ​ឮ​ព្រះបន្ទូល នោះ​គេ​ទទួល​ភ្លាម ដោយ​អំណរ ១៧ តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​សោះ ហើយ​ក៏​នៅ​ជាប់​តែ​បន្តិច​ទេ បើ​កាល​ណា​កើត​មាន​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​បៀតបៀន ដោយ​ព្រោះ​ព្រះបន្ទូល នោះ​គេ​រវាត​ចិត្ត​ចេញ​ភ្លាម ១៨ ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ហើយ ១៩ តែ​សេចក្តី​ខ្វល់ខ្វាយ​នៅ​ជីវិត​នេះ សេចក្តី​ឆបោក​របស់​ទ្រព្យសម្បត្តិ និង​សេចក្តី​ប៉ងប្រាថ្នា​ខាង​ឯ​សេចក្តី​ផ្សេងៗ​ឯ​ទៀត ក៏​ចូល​មក​ខ្ទប់​ព្រះបន្ទូល​ជិត រួច​ព្រះបន្ទូល​មិន​អាច​នឹង​បង្កើត​ផល​បាន ២០ ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល ហើយ​ទទួល រួច​បង្កើត​ផល ម្នាក់​បាន​៣០ ម្នាក់​បាន​៦០ ម្នាក់​ទៀត​បាន​១​រយ។
ប្រស្នា​អំពី​ចង្កៀង
(ម៉ាថាយ​៥.១៥ លូកា​៨.១៦-១៨)
២១ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា តើ​គេ​យក​ចង្កៀង​មក ដើម្បី​នឹង​ដាក់​នៅ​ក្រោម​ថាំង ឬ​ក្រោម​គ្រែ​ឬ​អី គេ​យក​មក​ដាក់​លើ​ជើង​ចង្កៀង​វិញ​ទេ​តើ ២២ ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ​ឡើយ ក៏​គ្មាន​អ្វី​ជា​សំងាត់​ដែល​មិន​ត្រូវ​ដាក់​នៅ​ពន្លឺ​ដែរ ២៣ បើ​អ្នក​ណា​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ ២៤ ទ្រង់​មាន​ព្រះបន្ទូល​ទៀត​ថា ចូរ​ប្រយ័ត្ន​ពី​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ស្តាប់​ចុះ ឯ​រង្វាល់​ណា​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ នោះ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​នោះ​វិញ ហើយ​និង​ឲ្យ​ជា​លើស​ទៅ​ទៀត ដល់​អ្នក​រាល់​គ្នា​ដែល​ស្តាប់​ផង ២៥ ដ្បិត​អ្នក​ណា​ដែល​មាន នោះ​គេ​នឹង​ឲ្យ​ដល់​អ្នក​នោះ ប៉ុន្តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​ចេញ ទាំង​របស់​ដែល​អ្នក​នោះ​មាន​ផង។
ប្រស្នា​អំពី​គ្រាប់​ពូជ​ដុះ
២៦ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា នគរ​ព្រះ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ព្រោះ​ពូជ​នៅ​ដី ២៧ អ្នក​នោះ​ក៏​ដេក​រាល់​យប់​ក្រោក​ឡើង​រាល់​ថ្ងៃ តែ​មិន​ដឹង​ហេតុ​ដែល​ពូជ​ពន្លក​ដុះ​ឡើង​ជា​យ៉ាង​ណា​ទេ ២៨ ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង មុន​ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ ក្រោយ​ទៀត​ចេញ​ជា​គ្រាប់ ២៩ លុះ​ដល់​កាល​ណា​ផ្លែ​ទុំ​ហើយ ក៏​ស្រាប់​តែ​គេ​យក​កណ្តៀវ​ទៅ​ច្រូត​តែ​ម្តង ព្រោះ​ដល់​រដូវ​ច្រូត​ហើយ។
ប្រស្នា​អំពី​គ្រាប់​ពូជ​ល្អិត
(ម៉ាថាយ ១៣.៣១-៣២, ៣៤ លូកា ១៣.១៨-១៩)
៣០ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា តើ​យើង​នឹង​ធៀប​នគរ​ព្រះ​ជា​អ្វី ឬ​ត្រូវ​យក​ពាក្យ​ប្រៀប​អ្វី​មក​ប្រដូច​នឹង​នគរ​នោះ ៣១ គឺ​ដូច​ជា​គ្រាប់​ពូជ​១ ដែល​កាល​ណា​គេ​ព្រោះ​នៅ​ដី ជា​ពូជ​យ៉ាង​ល្អិត​ជាង​គ្រាប់​ទាំង​អស់​នៅ​ផែនដី ៣២ តែ​កាល​ណា​គេ​ព្រោះ​ចុះ​ទៅ នោះ​ក៏​ដុះ​ឡើង​ត្រឡប់​ជា​ធំ លើស​ជាង​តិណជាតិ​ទាំង​អស់​វិញ ទាំង​បែក​មែក​ជា​ធំ​ផង ដល់​ម៉្លេះ​បាន​ជា​សត្វ​ហើរ​នៅ​លើ​អាកាស មក​ទំ​នៅ​ក្រោម​ម្លប់​បាន ៣៣ ទ្រង់​អធិប្បាយ​ព្រះបន្ទូល​ឲ្យ​គេ​ស្តាប់​ដោយ​ពាក្យ​ប្រៀប​ប្រដូច​យ៉ាង​ដូច្នេះ​ជា​ច្រើន តាម​ដែល​គេ​ស្តាប់​បាន ៣៤ ទ្រង់​មិន​បាន​មាន​ព្រះបន្ទូល​ទៅ​គេ ដោយ​ឥត​ពាក្យ​ប្រៀបធៀប​ទេ តែ​កាល​ណា​នៅ​ដោយឡែក នោះ​ទ្រង់​ពន្យល់​ទាំង​អស់​ដល់​ពួក​សិស្ស​វិញ។
ព្រះយេស៊ូវ​ធ្វើ​ឲ្យ​រលក​ស្ងប់
(ម៉ាថាយ​៨.២៣-២៧ លូកា​៨.២២-២៥)
៣៥ លុះ​ពេល​ល្ងាច​ថ្ងៃ​នោះ​ឯង ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង ៣៦ កាល​បាន​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ​ហើយ នោះ​ពួក​សិស្ស​ក៏​ទទួល​ទ្រង់​តាម​ភាព​ដដែល​នៅ​ក្នុង​ទូក ហើយ​មាន​ទូក​តូចៗ​ខ្លះ​ទៀត​ទៅ​ជា​មួយ​ដែរ ៣៧ នោះ​កើត​មាន​ខ្យល់​ព្យុះ​ជា​ខ្លាំង ហើយ​រលក​បោក​ចូល​ក្នុង​ទូក ដល់​ម៉្លេះ​បាន​ជា​ទូក​ពេញ​ហើយ ៣៨ តែ​ទ្រង់​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ដាស់​ទ្រង់​ឡើង​ទូល​ថា លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬ​អី ៣៩ កាល​តើន​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ ៤០ រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ដល់​ម៉្លេះ ម្តេច​ក៏​គ្មាន​សេចក្តី​ជំនឿ ៤១ នោះ​គេ​មាន​សេចក្តី​ស្ញែង​ខ្លាច​ជា​ខ្លាំង ទាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ដូច្នេះ តើ​លោក​នេះ​ជា​អ្វី បាន​ជា​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ។