១៤
ការឃុបឃិតចាប់ព្រះយេស៊ូវ
(ម៉ាថាយ ២៦.១-៥ លូកា ២២.១-២ យ៉ូហាន ១១.៤៥-៥៣)
១ ក្រោយ២ថ្ងៃមក នោះជាបុណ្យរំលង និងបុណ្យនំបុ័ងឥតដំបែ ឯពួកសង្គ្រាជ និងពួកអាចារ្យ គេរកឱកាសនឹងចាប់ទ្រង់ ដោយឧបាយកល ដើម្បីនឹងសំឡាប់ទ្រង់ចោល ២ តែគេថា កុំឲ្យធ្វើក្នុងរវាងបុណ្យឡើយ ក្រែងបណ្តាជនកើតកោលាហល។
៣ កំពុងដែលទ្រង់គង់នៅតុ ក្នុងផ្ទះស៊ីម៉ូន ជាមនុស្សឃ្លង់ នៅភូមិបេថានី នោះមានស្ត្រីម្នាក់កាន់ដបថ្មកែវ ដាក់ប្រេងទេព្វិរូសុទ្ធ មានដំឡៃណាស់ យកមកបំបែកដបនោះ ចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ ៤ មានអ្នកខ្លះនឹកតូចចិត្ត ហើយថា តើមានប្រយោជន៍អ្វីនឹងធ្វើបង្ខាតប្រេងនេះដូច្នេះ ៥ ដ្បិតប្រេងនេះនឹងលក់បានជាង៦០រៀល ដើម្បីចែកទានដល់ពួកអ្នកទ័លក្រវិញ គេក៏រទូរទាំនឹងនាង ៦ ប៉ុន្តែទ្រង់មានព្រះបន្ទូលថា កុំធ្វើនាង ហេតុអ្វីបានជានាំបង្អាក់ចិត្តនាងដូច្នេះ នាងបានធ្វើការនេះ ជាការល្អដល់ខ្ញុំណាស់ ៧ ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប ហើយកាលណាអ្នករាល់គ្នាចង់ធ្វើគុណនឹងគេ នោះចេះតែធ្វើបាន តែចំណែកខ្ញុំ មិននៅជាមួយជាដរាបទេ ៨ នាងបានធ្វើការអ្វីដែលនាងធ្វើបាន គឺបានមកមុនពេលកំណត់ និងលាបខ្លួនខ្ញុំ ជាការសំរាប់កប់ខ្មោចខ្ញុំ ៩ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទួទៅ គ្រប់ក្នុងលោកីយ៍ទាំងមូល នោះគេតែងនឹងដំណាលពីការដែលនាងបានធ្វើហើយនេះ ទុកសំរាប់ជាកេរ្តិ៍នាងតទៅ។
យូដាស-អ៊ីស្ការីយ៉ុតក្បត់ព្រះយេស៊ូវ
(ម៉ាថាយ២៦.១៤-១៦ លូកា២២.៣-៦)
១០ ឯយូដាស-អ៊ីស្ការីយ៉ុត ជាអ្នក១ក្នុងពួក១២ វាក៏ទៅឯពួកសង្គ្រាជ ដើម្បីនឹងបញ្ជូនទ្រង់ទៅគេ ១១ កាលគេបានឮ នោះក៏មានសេចក្តីត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់វា រួចវាខំស្វែងរកឱកាសនឹងបញ្ជូនទ្រង់ទៅដោយស្រួល។
ព្រះយេស៊ូវធ្វើពិធីបុណ្យរំលងជាមួយពួកសិស្ស
(ម៉ាថាយ២៦.១៧-២៥ លូកា២២.៧-១៤, ២១-២៣ យ៉ូហាន១៣.២១-៣០)
១២ នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែនោះ កាលគេត្រូវសំឡាប់កូនចៀម ធ្វើបុណ្យរំលង នោះពួកសិស្សទូលទ្រង់ថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបចំបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា ១៣ ទ្រង់ក៏ចាត់សិស្ស២នាក់ឲ្យទៅ ដោយព្រះបន្ទូលថា ចូរទៅក្នុងទីក្រុង នោះនឹងមានមនុស្សម្នាក់លីក្អមទឹកមកជួបនឹងអ្នក ចូរឲ្យដើរតាមអ្នកនោះទៅ ១៤ នៅកន្លែងណាដែលគាត់ចូល ចូរអ្នកនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា តើបន្ទប់ណាដែលលោកនឹងបរិភោគបុណ្យរំលង ជាមួយនឹងពួកសិស្សរបស់លោក ១៥ នោះគាត់នឹងបង្ហាញបន្ទប់១ធំខាងលើដែលរៀបជាស្រេច ចូររៀបចំនៅទីនោះចុះ ១៦ សិស្សទ្រង់២នាក់នោះក៏ចេញទៅ ដល់ទីក្រុងហើយ នោះក៏ឃើញដូចជាទ្រង់បានមានព្រះបន្ទូល រួចគេរៀបចំធ្វើបុណ្យរំលង។
១៧ ដល់ពេលល្ងាចហើយ ទ្រង់យាងមក ព្រមទាំងពួក១២នាក់ ១៨ កាលកំពុងតែអង្គុយបរិភោគ នោះព្រះយេស៊ូវមានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា ដែលបរិភោគជាមួយនឹងខ្ញុំនេះ នោះមានម្នាក់នឹងបញ្ជូនខ្ញុំ ១៩ គេក៏តាំងព្រួយចិត្ត ហើយទូលទ្រង់ម្តងម្នាក់ៗថា តើទូលបង្គំឬអី រួចម្នាក់ទៀតថា តើទូលបង្គំឬអី ២០ ព្រះយេស៊ូវឆ្លើយថា គឺជាម្នាក់ក្នុងពួក១២ ដែលលូកដៃក្នុងចានជាមួយនឹងខ្ញុំ ២១ កូនមនុស្សត្រូវទៅពិត ដូចជាមានសេចក្តីចែងទុកពីលោកស្រាប់ តែវេទនាដល់មនុស្សនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង។
ពិធីជប់លៀងចុងក្រោយបំផុត
(មថ២៦.២៦-៣០ លក២២.១៥-២០ ១ករ១១.២៣-២៥)
២២ កាលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ងប្រទានពរឲ្យ រួចកាច់ប្រទានដល់គេ ដោយព្រះបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ ២៣ នោះទ្រង់យកពែងមកអរព្រះគុណ រួចប្រទានដល់គេ ហើយគេក៏ផឹកគ្រប់គ្នា ២៤ ទ្រង់មានព្រះបន្ទូលថា នេះហើយជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលត្រូវច្រួចសំរាប់មនុស្សជាច្រើន ២៥ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណា ដែលខ្ញុំនឹងផឹកជាថ្មី នៅក្នុងនគរព្រះ។
២៦ រួចកាលបានច្រៀងទំនុក១ហើយ នោះក៏ចេញទៅឯភ្នំដើមអូលីវ។
ព្រះយេស៊ូវមានព្រះបន្ទូលអំពីលោកពេត្រុសបដិសេធមិនទទួលស្គាល់ព្រះអង្គ
(មថ២៦.៣១-៣៥ លក២២.៣១-៣៤ យហ១៣.៣៦-៣៨)
២៧ ព្រះយេស៊ូវមានព្រះបន្ទូលថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ» ២៨ ប៉ុន្តែកាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នា ២៩ តែពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ ៣០ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅក្នុងពេលយប់នេះឯង មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែកគ្រប់៣ដងថា មិនស្គាល់ខ្ញុំ ៣១ តែគាត់ប្រកែកយ៉ាងខ្លាំងលើសទៅទៀតថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក្តី គង់តែមិនព្រមថា មិនស្គាល់ទ្រង់ដូច្នេះនោះឡើយ ហើយទាំងអស់ក៏ថាដូចគ្នា។
ព្រះយេស៊ូវអធិស្ឋាននៅក្នុងសួនគែតសេម៉ានី
(ម៉ាថាយ២៦.៣៦-៤៦ លូកា២២.៣៩-៤៦)
៣២ នោះក៏មកដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន ៣៣ ទ្រង់ក៏យកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយដែរ ទ្រង់ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ៣៤ ក៏មានព្រះបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់ ចូរនៅទីនេះចាំយាមចុះ ៣៥ រួចកាលទ្រង់បានយាងទៅមុខបន្តិច នោះទ្រង់ទំលាក់ព្រះអង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋាន សូមឲ្យពេលវេលានេះបានកន្លងហួសពីទ្រង់ទៅ បើសិនជាបាន ៣៦ ទ្រង់មានព្រះបន្ទូលថា ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត សូមយកពែងនេះចេញពីទូលបង្គំផង ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមសំរេចតាមព្រះហឫទ័យទ្រង់វិញ ៣៧ ទ្រង់ត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេកលក់ ក៏មានព្រះបន្ទូលទៅពេត្រុសថា អ្នកដេកលក់ឬអី តើនឹងនៅចាំយាម តែ១ម៉ោងមិនបានឬ ៣៨ ចូរឲ្យចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យកើតមានសេចក្តីល្បួងនាំចិត្តឡើយ វិញ្ញាណប្រុងស្រេចមែន តែសាច់ឈាមខ្សោយទេ ៣៩ រួចទ្រង់ចេញទៅអធិស្ឋានម្តងទៀត ដោយព្រះបន្ទូលជាសេចក្តីដដែល ៤០ កាលទ្រង់បានយាងត្រឡប់មកវិញ នោះក៏ឃើញគេកំពុងដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ គេមិនដឹងខ្លួនជាទូលឆ្លើយនឹងទ្រង់ថាដូចម្តេចទេ ៤១ ទ្រង់បានយាងមកជាគំរប់៣ដង មានព្រះបន្ទូលថា ឥឡូវនេះ នៅតែដេកលក់ ហើយសំរាកកំឡាំងទៀតឬ ប៉ុណ្ណឹងចុះ កំណត់ដល់ហើយ មើល កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ៤២ ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំ វាជិតមកដល់ហើយ។
គេចាប់ព្រះយេស៊ូវ
(ម៉ាថាយ២៦.៤៧-៥៦ លូកា២២.៤៧-៥៣ យ៉ូហាន១៨.៣-១២)
៤៣ កំពុងដែលទ្រង់មានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាម្នាក់ក្នុងពួក១២ ក៏មកដល់ភ្លាម នាំទាំងហ្វូងមនុស្សដ៏ធំ ពីពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំ មកជាមួយផង ព្រមទាំងកាន់ដាវ កាន់ដំបង ៤៤ អ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វានាំទៅដោយប្រយ័ត្នប្រយែងចុះ ៤៥ កាលគេបានមកដល់ នោះវាចូលទៅឯទ្រង់ភ្លាម ដោយទូលថា លោកគ្រូៗអើយ ហើយក៏ថើបទ្រង់ ៤៦ នោះគេលូកដៃទៅចាប់ទ្រង់ ៤៧ តែមានម្នាក់ឈរជិតខាង គាត់ហូតដាវកាត់ដាច់ស្លឹកត្រចៀករបស់បាវសំដេចសង្ឃម្នាក់ ៤៨ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬអី ៤៩ ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ព្រមទាំងបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃផង តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំសោះ ប៉ុន្តែនេះដើម្បីនឹងធ្វើឲ្យសំរេចតាមបទគម្ពីរទេ ៥០ នោះពួកសិស្សក៏រត់ចោលទ្រង់ទាំងអស់គ្នាទៅ ៥១ មានមនុស្សកំឡោះម្នាក់ដែលដើរតាមទ្រង់ មានតែសំពត់ទេសឯកព័ទ្ធនឹងខ្លួន ៥២ គេក៏ចាប់គាត់ តែគាត់រត់រួចចោលសំពត់នោះ នៅតែខ្លួនទទេ។
ព្រះយេស៊ូវនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
(ម៉ាថាយ២៦.៥៧-៦៨ លូកា២២.៥៤-៥៥,៦៣-៧១ យ៉ូហាន១៨.១៣-១៤,១៩-២០)
៥៣ គេក៏នាំព្រះយេស៊ូវទៅដល់សំដេចសង្ឃ ឯពួកសង្គ្រាជ ពួកចាស់ទុំ ហើយពួកអាចារ្យទាំងអស់គ្នា ក៏ប្រជុំគ្នាឯលោក ៥៤ ចំណែកពេត្រុស គាត់តាមទ្រង់ទៅពីចំងាយ រហូតដល់ខាងក្នុងព្រះលានសំដេចសង្ឃ ក៏អង្គុយអាំងភ្លើងជាមួយពួកអាជ្ញា។
៥៥ ពួកសង្គ្រាជ និងពួកក្រុមជំនុំទាំងអស់គ្នា គេប្រឹងរកទីបន្ទាល់ទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់បង់ តែរកមិនបានសោះ ៥៦ ក៏មានមនុស្សជាច្រើន មកធ្វើបន្ទាល់ក្លែងទាស់នឹងទ្រង់ដែរ តែសេចក្តីបន្ទាល់របស់គេមិនត្រូវគ្នាសោះ ៥៧ នោះមានខ្លះឈរឡើង ធ្វើបន្ទាល់ក្លែងទាស់នឹងទ្រង់ថា ៥៨ យើងខ្ញុំបានឮវាថា ខ្ញុំនឹងបំផ្លាញព្រះវិហារនេះ ដែលបានធ្វើដោយដៃមនុស្ស ហើយក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់១ទៀត ដែលមិនមែនធ្វើដោយដៃមនុស្សទេ ៥៩ យ៉ាងនោះ គង់តែសេចក្តីបន្ទាល់របស់គេមិនត្រូវគ្នាទៀត ៦០ ឯសំដេចសង្ឃ ក៏ឈរឡើងនៅកណ្តាលជំនុំ ដណ្តឹងសួរព្រះយេស៊ូវថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្តីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច ៦១ តែទ្រង់នៅស្ងៀម មិនបានឆ្លើយអ្វីសោះ រួចសំដេចសង្ឃពិចារណាសួរទ្រង់ទៀតថា តើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានពរឬអី ៦២ ព្រះយេស៊ូវមានព្រះបន្ទូលថា គឺខ្ញុំនេះហើយ មួយទៀត អ្នករាល់គ្នានឹងឃើញកូនមនុស្ស អង្គុយនៅខាងស្តាំនៃព្រះចេស្តា ហើយទាំងមកក្នុងពពកនៅលើមេឃផង ៦៣ នោះសំដេចសង្ឃក៏ហែកព្រះពស្ត្រលោក ដោយពាក្យថា តើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាទៀត ៦៤ អ្នករាល់គ្នាបានឮពាក្យប្រមាថនេះហើយ ចុះតើគិតដូចម្តេច អ្នកទាំងអស់គ្នាក៏កាត់ទោសទ្រង់ថា គួរស្លាប់ហើយ ៦៥ អ្នកខ្លះចាប់តាំងស្តោះដាក់ទ្រង់ ក៏ខ្ទប់ព្រះភក្ត្រ ហើយវាយទ្រង់ រួចទូលប្រាប់ថា ចូរទាយចុះ ឯពួកអាជ្ញា ក៏ទះទ្រង់ដែរ។
លោកពេត្រុសបដិសេធថាមិនស្គាល់ព្រះយេស៊ូវ
(ម៉ាថាយ២៦.៦៩-៧៥ លូកា២២.៥៦-៦២ យ៉ូហាន១៨.១៥-១៨, ២៥-២៧)
៦៦ រីឯពេត្រុស គាត់នៅក្នុងព្រះលានឰដ៏ខាងក្រោម ហើយមានបាវស្រីរបស់សំដេចសង្ឃម្នាក់មក ៦៧ ឃើញពេត្រុសកំពុងតែអាំងភ្លើង ក៏សំឡឹងមើលគាត់ ហើយនិយាយថា អ្នកបាននៅជាមួយនឹងយេស៊ូវ ពីណាសារ៉ែតនេះដែរ ៦៨ តែគាត់ប្រកែកថា ខ្ញុំមិនដឹង មិនយល់ជាអ្នកនិយាយអ្វីទេ រួចគាត់ចេញទៅឯទីធ្លាខាងក្រៅ នោះមាន់តាំងរងាវឡើង ៦៩ បាវស្រីនោះក៏ឃើញគាត់ម្តងទៀត ហើយចាប់តាំងប្រាប់ដល់ពួកអ្នក ដែលឈរនៅទីនោះថា អ្នកនេះជាពួកគេដែរ ៧០ គាត់ប្រកែកម្តងទៀត រួចក្រោយបន្តិចមក ពួកអ្នកឈរនៅទីនោះនិយាយទៅពេត្រុសថា ឯងប្រាកដជាពួកគេដែរ ដ្បិតឯងជាអ្នកស្រុកកាលីឡេ ៧១ តែគាត់តាំងប្រមាថ ហើយស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះដែលអ្នករាល់គ្នានិយាយទេ ៧២ នោះមាន់ក៏រងាវឡើងជាគំរប់២ដង ពេត្រុសក៏នឹកឃើញពីព្រះបន្ទូល ដែលព្រះយេស៊ូវបានប្រាប់គាត់ថា មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ កាលគាត់បានគិតពីសេចក្តីនោះហើយ នោះក៏យំ។