ណាហ៊ុម
១ នេះ​ជា​សេចក្តី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ក្រុង​នីនីវេ គឺ​ជា​សៀវភៅ​សំដែង​ចេញ​ជា​ការ​ជាក់ស្តែង​របស់​ណាហ៊ុម​ជា​អ្នក​ស្រុក​អែលកូស។
ព្រះបន្ទូល​ស្តី​អំពី​ការ​ដាក់​ទោស​ក្រុង​នីនីវេ
២ ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ប្រចណ្ឌ ទ្រង់​ក៏​សងសឹក​ដែរ ព្រះយេហូវ៉ា​ទ្រង់​សងសឹក ហើយ​ក៏​មាន​ពេញ​ដោយ​សេចក្តី​ក្រោធ ព្រះយេហូវ៉ា​ទ្រង់​សងសឹក ដល់​ពួក​អ្នក​តតាំង​នឹង​ទ្រង់ ហើយ​ទ្រង់​រក្សា​ទុក​នូវ​សេចក្តី​ក្រោធ សំរាប់​ពួក​ខ្មាំងសត្រូវ ៣ ព្រះយេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះចេស្តា​យ៉ាង​ធំ ទ្រង់​មិន​លះលែង​ទោស​របស់​មនុស្ស​ឡើយ ឯ​ផ្លូវ​របស់​ព្រះយេហូវ៉ា នោះ​នៅ​ក្នុង​ខ្យល់កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពក​ទាំងឡាយ​ជា​ធូលី​ហុយ​ពី​ព្រះបាទ​ទ្រង់ ៤ ទ្រង់​ស្តី​បន្ទោស​ដល់​សមុទ្រ ក៏​ធ្វើ​ឲ្យ​គោក​ទៅ ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ ចំណែក​ឯ​ស្រុក​បាសាន ក៏​រោយរៀវ​ចុះ ព្រម​ទាំង​ស្រុក​កើមែល​ផង ឯ​ផ្កា​របស់​ព្រៃ​ល្បាណូន​ក៏​ស្រពោន​ដែរ។ ៥ ភ្នំ​ធំ​ទាំងឡាយ​កក្រើក​នៅ​ចំពោះ​ទ្រង់ ហើយ​អស់​ទាំង​ភ្នំ​តូច​ក៏​រលាយ​ទៅ ដ៏​រំពើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះភក្ត្រ​ទ្រង់ អើ ទាំង​លោកីយ៍ និង​ទាំង​អស់​ដែល​អាស្រ័យ​នៅ​ក្នុង​លោក​ដែរ ៦ តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ឈរ​នៅ​មុខ​សេចក្តី​គ្នាន់ក្នាញ់​របស់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន ក្នុង​ពេល​ដែល​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ឆួល​ឡើង ឯ​សេចក្តី​ក្រោធ​របស់​ទ្រង់​នោះ​ក៏​ចាក់​ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​សញ្ជែក​ដោយសារ​ទ្រង់ ៧ ព្រះយេហូវ៉ា​ទ្រង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំមួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ទ្រង់​ជា​ទី​ពឹង​ផ្អែក ៨ តែ​ទ្រង់​នឹង​រំលីង​ទី​កន្លែង​របស់​ពួក​តតាំង​ដោយ​ទឹក​ជន់​ហូរ​លិច ហើយ​នឹង​ដេញ​ពួក​ខ្មាំងសត្រូវ​ទ្រង់​ទៅ​ក្នុង​ទី​ងងឹត។។
៩ ឯង​រាល់​គ្នា​គិត​បង្កើត​អ្វី ទាស់​នឹង​ព្រះយេហូវ៉ា​នោះ ឯ​ទ្រង់ នឹង​ធ្វើ​ឲ្យ​ផុត​ទៅ​អស់​រលីង សេចក្តី​ទុក្ខ​វេទនា​នឹង​មិន​កើត​ឡើង​ដល់​ទៅ​២​ដង​ទេ ១០ ដ្បិត​គេ​នឹង​ត្រូវ​ឆេះ​អស់​រលីង​ទៅ ដូច​ជា​ជញ្ជ្រាំង​ស្ងួត ដោយ​គេ​ស្រេះ​ប្រទាក់​គ្នា​ដូច​ជា​បន្លា ក៏​ស្រវឹង​ដូច​ជា​បាន​ផឹក​ស្រា​ហើយ ១១ មាន​ម្នាក់​ចេញ​ពី​ឯង​មក ដែល​គិតគូរ​ការ​អាក្រក់​ទាស់​នឹង​ព្រះយេហូវ៉ា គឺ​ជា​អ្នក​ដែល​ប្រឹក្សា​សុទ្ធ​តែ​អំពើ​អាក្រក់ ១២ ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ទោះ​បើ​គេ​មាន​ពេញ​កំឡាំង ហើយ​មាន​គ្នា​ច្រើន​ផង​ក៏​ដោយ គង់​តែ​គេ​នឹង​ត្រូវ​កាត់​ចុះ ហើយ​កន្លង​បាត់​ទៅ អញ​បាន​ធ្វើ​ទុក្ខ​ឯង​ម្តង​ហើយ ដើម្បី​មិន​ឲ្យ​ត្រូវ​ធ្វើ​ទៀត​ឡើយ ១៣ ឥឡូវ​នេះ អញ​នឹង​បំបាក់​នឹម​របស់​គេ​ចេញ​ពី​ឯង ហើយ​បណ្តាច់​ចំណង​ឯង​ផង។
១៤ ព្រះយេហូវ៉ា​ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​ឯង​ថា ឯង​នឹង​មិន​មាន​ពូជ​បន្ត​ឈ្មោះ​ទៀត​ឡើយ អញ​នឹង​កាត់​អស់​ទាំង​រូប​ឆ្លាក់ និង​រូប​សិត​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​នៃ​ឯង​ចេញ ហើយ​នឹង​រៀបចំ​ផ្នូរ​ឯង ដ្បិត​ឯង​គំរក់​ណាស់។
១៥ មើល​ន៍ នៅ​លើ​ភ្នំ​ទាំងឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្តី​សុខ ឱ​យូដា​អើយ ចូរ​រក្សា​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង ចូរ​លា​បំណន់​ឯង​ចុះ ដ្បិត​មនុស្ស​អាក្រក់​នឹង​មិន​ដែល​ដើរ​កាត់​ឯង​ទៀត​ឡើយ គេ​ត្រូវ​កាត់​ចេញ​អស់​រលីង​ហើយ។