៣
ការបែងចែកសំណង់ក្រុងយេរូសាឡិម
១ គ្រានោះ អេលីយ៉ាស៊ីប ជាសំដេចសង្ឃ និងពួកសង្ឃ ជាបងប្អូនលោក ក៏នាំគ្នាសង់ទ្វារចៀមឡើង គេក៏ធ្វើពិធីឆ្លងទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារឡើង គេក៏ធ្វើពិធីឆ្លងនោះ រហូតដល់ប៉មហាមេអា ហើយដល់ប៉មហាណានាលផង ២ បន្ទាប់នឹងគេមានពួកក្រុងយេរីខូរបានសង់ ហើយបន្ទាប់ពីនោះ មានសាគើរ ជាកូនអ៊ីមរីបានសង់។
៣ ឯទ្វារត្រីនោះ ពួកកូនចៅសេណាអាក៏សង់ គេបានដាក់ធ្នឹមឡើង ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ ហើយនឹងរនុកផង ៤ បន្ទាប់ពីពួកនោះ ម្រេម៉ូត ជាកូនអ៊ូរីយ៉ា ដែលជាកូនហាកូស គាត់ក៏ជួសជុល ហើយបន្ទាប់នឹងគាត់មានមស៊ូឡាម ជាកូនបេរេគា ដែលជាកូនមសេសាបេល គាត់ជួសជុល ហើយបន្ទាប់ពីគាត់មានសាដុក ជាកូនប្អាណាបានជួសជុល ៥ បន្ទាប់ពីនោះទៅមានពួកត្កូអាបានជួសជុល តែពួកអ្នកមានត្រកូលខ្ពស់ក្នុងពួកគេ ឥតបានជួយធ្វើការរបស់ព្រះអម្ចាស់នៃគេឡើយ។
៦ យ៉ូយ៉ាដា ជាកូនផាសេហា និងមស៊ូឡាម ជាកូនបេសូឌាបានជួសជុលទ្វារចាស់ គេដាក់ធ្នឹម និងផ្ទាំងសន្លឹកទ្វារ ទាំងគន្លឹះ ហើយនឹងរនុកឡើង ៧ បន្ទាប់នឹងគេមានមេឡាទា ជាអ្នកក្រុងគីបៀន និងយ៉ាដោន ជាអ្នកក្រុងមេរ៉ុន ពួកក្រុងគីបៀន និងពួកក្រុងមីសប៉ា ជាស្រុកដែលនៅក្រោមអំណាចរបស់ចៅហ្វាយខេត្ត នៅខាងនាយទន្លេ គេបានជួសជុល ៨ បន្ទាប់ពីនោះ មានអ៊ូស៊ាល ជាកូនហារហាយ៉ា ជាពួកជាងទងបានជួសជុល ហើយបន្ទាប់នឹងគាត់ មានហាណានា ជាម្នាក់ក្នុងពួកលាយគ្រឿងក្រអូប គាត់បានជួសជុល គេធ្វើឲ្យក្រុងយេរូសាឡិមបានមាំមួនរហូតដល់កំផែងធំ ៩ បន្ទាប់នឹងគេ មានរេផាយ៉ា ជាកូនហ៊ើរ ដែលជានាយដំរួតលើស្រុកយេរូសាឡិម១ចំហៀង គាត់បានជួសជុល ១០ បន្ទាប់ពីគាត់មាន យេដាយ៉ា ជាកូនហារូម៉ាប គាត់ជួសជុលប្រទល់មុខនឹងផ្ទះគាត់ ហើយបន្ទាប់នឹងគាត់ នោះមានហាធូស ជាកូនហាសាបនា បានជួសជុល ១១ ម៉ាលគា ជាកូនហារីម និងហាស៊ូម ជាកូនផាហាត-ម៉ូអាប់ គេបានជួសជុលមួយដុំទៀត ព្រមទាំងប៉មត្រង់គុកភ្លើង ១២ បន្ទាប់ពីនោះ សាលូម ជាកូនរបស់ហាឡូហេស ជានាយដំរួតលើស្រុកយេរូសាឡិម១ចំហៀង គឺគាត់ និងពួកកូនស្រីរបស់គាត់បានជួសជុល។
១៣ ឯទ្វារច្រកភ្នំ គឺហានូន និងពួកស្រុកសាណូអាបានជួសជុល គេបានសង់ទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកឡើង ក៏ធ្វើកំផែង១ពាន់ហត្ថ រហូតដល់ទ្វារសំរាមទៀត។
១៤ ឯទ្វារសំរាមនោះ គឺម៉ាលគា កូនរេកាប ជានាយដំរួតឃុំបេត-ហាកេរែមបានជួសជុល គាត់បានសង់ទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកឡើង។
១៥ ឯទ្វារក្បាលទឹក គឺសាលូន កូនកុល-ហូសេ ជានាយដំរួតឃុំមីសប៉ាបានជួសជុល គាត់បានសង់ ហើយប្រក់ដំបូលទ្វារនោះ ក៏ដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកឡើង រួចគាត់ធ្វើកំផែងត្រង់ស្រះស៊ីឡោម ដែលនៅក្បែរសួនច្បារស្តេច រហូតដល់ជណ្តើរ ដែលចុះពីទីក្រុងដាវីឌ ១៦ បន្ទាប់នឹងគាត់មាននេហេមា កូនអាសប៊ូកជានាយដំរួតឃុំបេត-ស៊ើរមួយចំហៀង គេបានជួសជុលរហូតដល់ទល់មុខនឹងផ្នូរដាវីឌ ហើយដល់ស្រះដែលគេបានជីក និងដល់ផ្ទះពួកមនុស្សខ្លាំងពូកែ ១៧ បន្ទាប់នឹងគាត់មានពួកលេវី គឺរេហ៊ូម ជាកូនរបស់បានីបានជួសជុល ហើយបន្ទាប់មកទៀត មានហាសាបយ៉ា ជានាយដំរួតលើឃុំកៃឡាមួយចំហៀងបានជួសជុល ជំនួសពួកអ្នកស្រុកគាត់ ១៨ បន្ទាប់នឹងគាត់មានពួកបងប្អូនរបស់គេបានជួសជុល គឺបាវ៉ាយ កូនហេណាដាឌ ជានាយដំរួតឃុំកៃឡាមួយចំហៀង ១៩ បន្ទាប់នឹងគាត់មានអេស៊ើរ កូនយេសួរ ជានាយដំរួតលើស្រុកមីសប៉ា គេបានជួសជុលមួយដុំទៀតទល់មុខនឹងផ្លូវឡើងទៅឯឃ្លាំងគ្រឿងសស្ត្រាវុធ ត្រង់រំពត់កំផែង ២០ បន្ទាប់នឹងគាត់ មានបារូក ជាកូនសាប់បាយ បានខ្នះខ្នែងធ្វើមួយដុំទៀត ចាប់តាំងពីរំពត់កំផែង រួចដល់ទ្វារផ្ទះអេលីយ៉ាស៊ីប ជាសំដេចសង្ឃ ២១ បន្ទាប់ពីគាត់ មានម្រេម៉ូត កូនអ៊ូរីយ៉ា ដែលជាកូនហាកូស បានជួសជុលមួយដុំទៀត គឺចាប់តាំងពីទ្វារផ្ទះអេលីយ៉ាស៊ីប រហូតដល់ចុងផ្ទះលោក ២២ បន្ទាប់នឹងគាត់មានពួកសង្ឃបានជួសជុល គឺជាពួកសង្ឃដែលនៅស្រុកជុំវិញ ២៣ បន្ទាប់នឹងគេ មានបេនយ៉ាមីន និងហាស៊ូបបានជួសជុល ទល់មុខនឹងផ្ទះខ្លួន ហើយបន្ទាប់នឹងគេ នោះមានអ័សារា កូនម្អាសេយ៉ា ដែលជាកូនអ័ណានាបានជួសជុលក្បែរផ្ទះខ្លួន ២៤ បន្ទាប់នឹងគាត់ មានប៊ីនុយ ជាកូនហេណាដាឌបានជួសជុលមួយដុំទៀត គឺចាប់តាំងពីផ្ទះអ័សារារហូតដល់រំពត់កំផែង ហើយទៅដល់ទីជ្រុងផង ២៥ ប៉ាឡាល ជាកូនអ៊ូសាយបានធ្វើនៅមុខរំពត់កំផែង និងប៉មដែលលយចេញពីដំណាក់ស្តេចខាងលើ ដែលនៅក្បែរទីធ្លារបស់ក្រុមរក្សាអង្គ ហើយបន្ទាប់នឹងគាត់មានពេដាយ៉ា ជាកូនប៉ារ៉ូសបានធ្វើ ២៦ រីឯពួកនេធីនិម ដែលនៅត្រង់អូផែល គេក៏ធ្វើរហូតដល់ទីទល់មុខនឹងទ្វារទឹកខាងកើត ហើយមកដល់ប៉មដែលលយចេញនោះ ២៧ បន្ទាប់នោះមានពួកត្កូអាបានជួសជុលមួយដុំទៀត ទល់មុខនឹងប៉មធំ ដែលលយចេញរហូតដល់កំផែងអូផែល។
២៨ ឯខាងលើទ្វារសេះ នោះពួកសង្ឃបានជួសជុលទល់មុខនឹងផ្ទះគេរៀងខ្លួន ២៩ បន្ទាប់នឹងគេ នោះមានសាដុក ជាកូនអ៊ីមមើរ បានជួសជុល ទល់មុខនឹងផ្ទះខ្លួន ហើយបន្ទាប់នឹងគាត់មានសេម៉ាយ៉ា កូនសេកានា ជាអ្នកឆ្មាំទ្វារទិសខាងកើត បានជួសជុល ៣០ បន្ទាប់នឹងគាត់មានហាណានា ជាកូនសេលេមា និងហានូន ជាកូនទី៦របស់សាឡាប គេបានជួសជុលមួយដុំទៀត បន្ទាប់នឹងគេនោះមានមស៊ូឡាម ជាកូនបេរេគា បានជួសជុលទល់មុខនឹងបន្ទប់របស់ខ្លួន ៣១ បន្ទាប់នឹងគាត់មានម៉ាលគា ជាម្នាក់ក្នុងពួកជាងទងបានជួសជុល រហូតដល់ផ្ទះពួកនេធីនិម និងពួកជំនួញ ទល់មុខនឹងទ្វារមីបកាឌ ហើយដល់ផ្លូវឡើងត្រង់ជ្រុងកំផែង ៣២ ហើយមួយដុំនៅកណ្តាលទីជណ្តើរឡើងត្រង់ជ្រុងកំផែង និងទ្វារចៀម នោះគឺពួកជាងទង និងពួកជំនួញបានជួសជុលឡើង។