១០
ត្រែធ្វើអំពីប្រាក់
១ ព្រះយេហូវ៉ាទ្រង់បង្គាប់ទ្រង់ដល់ម៉ូសេថា ២ ចូរយកប្រាក់មកផែ ធ្វើជាត្រែ២សំរាប់ឯង ត្រូវប្រើត្រែនោះសំរាប់នឹងផ្លុំហៅពួកជំនុំ ឲ្យមូលគ្នា ហើយនឹងសំរាប់ឲ្យបណ្តាជនធ្វើដំណើរទៅ ៣ កាលណាគេផ្លុំឡើង នោះពួកជំនុំទាំងអស់គ្នា ត្រូវប្រជុំមកឯឯង ត្រង់មាត់ទ្វារត្រសាលជំនុំ ៤ បើផ្លុំតែម្តង នោះពួកដែលជាកំពូល គឺជាពួកមេលើសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ត្រូវប្រជុំគ្នាមកឯឯង ៥ កាលណាផ្លុំដោយសំឡេងរន្ថាន់១ដង នោះពួកដែលដំឡើងត្រសាលខាងកើត ត្រូវចេញដំណើរទៅ ៦ ហើយកាលណាផ្លុំដោយសំឡេងរន្ថាន់ម្តងទៀត នោះពួកដែលដំឡើងត្រសាលនៅខាងត្បូង ត្រូវចេញដំណើរទៅ ត្រូវផ្លុំឲ្យមានសំឡេងរន្ថាន់ ដើម្បីឲ្យគេធ្វើដំណើរទៅដូច្នេះ ៧ តែកាលណាត្រូវប្រជុំពួកជំនុំ នោះត្រូវផ្លុំដែរ តែឥតមានសំឡេងរន្ថាន់ទេ ៨ ត្រូវឲ្យពួកកូនចៅអើរ៉ុន ដ៏ជាពួកសង្ឃផ្លុំត្រែនោះ ហើយត្រែនោះឯង ជាបញ្ញត្តច្បាប់ដល់ឯងរាល់គ្នា នៅអស់កល្បជានិច្ច គ្រប់ទាំងដំណតទៅ ៩ បើកាលណាឯងរាល់គ្នាចេញទៅច្បាំង នឹងពួកខ្មាំងសត្រូវ ដែលមកសង្កត់សង្កិនក្នុងស្រុករបស់ឯង នោះត្រូវផ្លុំត្រែឲ្យមានសំឡេងស្លន់ ទើបនឹងមានសេចក្តីនឹករឭកពីឯងរាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ហើយនឹងមានសេចក្តីសង្គ្រោះ ឲ្យឯងរាល់គ្នារួចពីខ្មាំងសត្រូវចេញ ១០ រីឯនៅថ្ងៃអំណរ និងនៅថ្ងៃបុណ្យដ៏មុតមាំ របស់ឯងរាល់គ្នា ហើយនៅថ្ងៃចូលខែ នោះឯងត្រូវផ្លុំត្រែពីលើដង្វាយដុត និងយញ្ញបូជា នៃដង្វាយមេត្រីរបស់ឯង នោះនឹងមានសេចក្តីរំឭកដល់ឯងរាល់គ្នា នៅចំពោះនៃព្រះឯង អញនេះហើយ គឺយេហូវ៉ា ជាព្រះនៃឯង។
កូនចៅអ៊ីស្រាអែលធ្វើដំណើរពីវាលរហោស្ថានស៊ីណាយ ឆ្ពោះទៅព្រំប្រទល់ស្រុកម៉ូអាប់
ការចេញដំណើរពីដំណើរពីវាលរហោស្ថានស៊ីណាយ
១១ ដល់ថ្ងៃ២០ ខែពិសាខ ក្នុងឆ្នាំទី២ នោះពពកក៏ឡើងផុតពីរោងឧបោសថផងសេចក្តីបន្ទាល់ ១២ រួចពួកកូនចៅអ៊ីស្រាអែល ក៏ធ្វើដំណើរចេញពីទីរហោស្ថានស៊ីណាយ ដើរទៅតាមរបៀបដែលគេដើរមុនក្រោយ ហើយពពកក៏ឈប់នៅទីរហោស្ថានប៉ារ៉ាន ១៣ នៅជាន់មុនដំបូងនោះ គេចេញដំណើរទៅតាមបង្គាប់ព្រះយេហូវ៉ាដោយសារម៉ូសេ ១៤ ឯទី១ នោះមានទង់ជ័យនៃទីដំឡើងត្រសាល របស់ពួកកូនចៅយូដា នាំគ្នាចេញទៅតាមពួកកងគេ មានណាសូនជាកូនអ័មីន៉ាដាប់ ត្រួតលើពួកកងគេ ១៥ ហើយនេថានេលជាកូនស៊ូហារ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅអ៊ីសាខារ ១៦ និងអេលាប ជាកូនហេល៉ូន ត្រួតលើពួកកងនៃពូជអំបូរកូនចៅសាប់យូល៉ូន ១៧ នោះបានរុះរោងឧបោសថ ហើយពួកកូនចៅគើសុន និងពួកកូនចៅម្រ៉ារី ក៏ចេញទៅទាំងលីសែងរោងនោះ ១៨ បន្ទាប់មក មានទង់ជ័យរបស់ទីដំឡើងត្រសាល នៃពួកកូនចៅរូបេន នាំគ្នាចេញទៅតាមពួកកងគេ មានអេលីស៊ើរ ជាកូនសេដេអ៊ើរ ត្រួតលើពួកកងគេ ១៩ ហើយស៊្លូមាលជាកូនស៊ូរីសាដាយ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅស៊ីម្មាន ២០ និងអេលាសាប់ ជាកូនដេហ៊ូអែល ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅកាឌ់ ២១ រួចមក ពួកកេហាត់ក៏ចេញទៅទាំងលីសែងទីបរិសុទ្ធ ហើយពួកមុននោះក៏ដំឡើងរោងឧបោសថ ឲ្យទាន់គេមកដល់ ២២ រួចមានទង់ជ័យទីដំឡើងត្រសាល នៃពួកកូនចៅអេប្រាអិម នាំគ្នាចេញទៅ តាមពួកកងគេ មានអេលីសាម៉ា ជាកូនអាំមីហ៊ូត ត្រួតលើពួកកងគេ ២៣ ហើយកាម៉ាលាល ជាកូនផ្តាស៊ើរ ត្រួតលើពួកកងរបស់ពូជអំបូរកូនចៅម៉ាន៉ាសេ ២៤ និងអ័ប៊ីដានជាកូនគីដាហូនី ត្រួតលើពួកកង របស់ពូជអំបូរកូនចៅបេនយ៉ាមីន ២៥ រួចមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកកូនចៅដាន់ នាំគ្នាចេញទៅតាមពួកកងគេ មានអ័ហ៊ីយេស៊ើរជាកូនអាំមីសាដាយ ត្រួតលើពួកកងគេជាខាងក្រោយបង្អស់ ២៦ ហើយប៉ាគីហ៊ាល ជាកូនអុក្រានត្រួតលើពួកកងរបស់ពូជអំបូរកូនចៅអេស៊ើរ ២៧ និងអ័ហ៊ីរ៉ាជាកូនអេណាន់ ត្រួតលើពួកកង របស់ពូជអំបូរកូនចៅណែបថាលី ២៨ គឺយ៉ាងនេះហើយដែលពួកកូនចៅអ៊ីស្រាអែលតែងធ្វើដំណើរទៅ គេចេញដើរទៅតាមពួកកងគេរៀងខ្លួន។
២៩ រីឯម៉ូសេលោកជំរាបហូបាប់ កូនរេហួល សាសន៍ម៉ាឌាន ដែលជាឪពុកក្មេកលោកថា យើងខ្ញុំធ្វើដំណើរទៅឯកន្លែង ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ឯងរាល់គ្នា ដូច្នេះ សូមអញ្ជើញទៅជាមួយនឹងយើងខ្ញុំចុះ នោះនឹងមានប្រយោជន៍ដល់លោកឪពុក ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលសេចក្តីយ៉ាងល្អ ពីដំណើរសាសន៍អ៊ីស្រាអែល ៣០ តែលោកឆ្លើយថា អញមិនទៅទេ អញ និងត្រឡប់ទៅឯស្រុកអញវិញ ដើម្បីនៅជាមួយនឹងញាតិសន្តានរបស់អញ ៣១ តែម៉ូសេអង្វរថា សូមកុំឲ្យលោកឪពុកចោលយើងខ្ញុំឡើយ ដ្បិតលោកជាអ្នកស្គាល់អស់ទាំងទីកន្លែង ដែលយើងខ្ញុំត្រូវដំឡើងត្រសាល នៅក្នុងទីរហោស្ថាននេះ ដូច្នេះលោកនឹងបានដូចជាភ្នែកដល់យើងខ្ញុំ ៣២ បើសិនលោកអញ្ជើញទៅជាមួយនឹងយើងខ្ញុំ នោះការល្អអ្វីដែលព្រះយេហូវ៉ានឹងប្រោសដល់យើងខ្ញុំយ៉ាងណា នោះយើងខ្ញុំក៏ផ្តល់ជូនលោកយ៉ាងនោះដែរ។
៣៣ គេក៏ចេញពីភ្នំនៃព្រះយេហូវ៉ា ធ្វើដំណើរទៅអស់៣ថ្ងៃ ហើយហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា ក៏ទៅមុខគេទាំង៣ថ្ងៃនោះ ដើម្បីនឹងរកទីកន្លែងឲ្យគេឈប់សំរាក ៣៤ ក៏មានពពកនៃព្រះយេហូវ៉ានៅពីលើគេ នៅពេលថ្ងៃ ចាប់តាំងពីពេលដែលគេចេញដំណើរពីទីដំឡើងត្រសាលនោះទៅ ៣៥ រីឯវេលាណាដែលហិបចេញទៅ នោះម៉ូសេតែងទូលថា ឱព្រះយេហូវ៉ាអើយ សូមក្រោកឈរឡើង ឲ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅ ហើយឲ្យពួកអ្នកដែលស្អប់ទ្រង់ ត្រូវរត់នៅចំពោះទ្រង់ ៣៦ លុះវេលាដែលហិបឈប់វិញ នោះលោកទូលថា ឱព្រះយេហូវ៉ាអើយ សូមត្រឡប់មកឯពួកអ៊ីស្រាអែលទាំងសល់សែនវិញ។