២០
ប្រភពទឹកនៅមេរីបា
(ជគ.១៧.១-៧)
១ រីឯពួកកូនចៅអ៊ីស្រាអែល គឺជាពួកជំនុំទាំងអស់គ្នា ក៏មកដល់ទីរហោស្ថានស៊ីន នៅខែចេត្រ ហើយអាស្រ័យនៅត្រង់កាដេស ឯម៉ារាមនាងក៏ស្លាប់ ហើយគេបញ្ចុះសពនាងនៅទីនោះទៅ។
២ កន្លែងនោះគ្មានទឹកឲ្យពួកជំនុំផឹកសោះ ដូច្នេះគេក៏មូលគ្នាមកទាស់ និងម៉ូសេ ហើយនឹងអើរ៉ុន ៣ គេរករឿងឈ្លោះនឹងម៉ូសេថា ស៊ូឲ្យយើងរាល់គ្នាបានស្លាប់ ក្នុងកាលដែលបងប្អូនយើងស្លាប់ នៅចំពោះព្រះយេហូវ៉ានោះចុះ ៤ ហេតុអ្វីបានជាលោកនាំពួកជំនុំផងព្រះយេហូវ៉ាមកក្នុងទីរហោស្ថាន ឲ្យយើងត្រូវស្លាប់នៅទីនេះ ព្រមទាំងហ្វូងសត្វរបស់យើងផងដូច្នេះ ៥ ម្តេចក៏លោកបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ក្នុងទីហិនហោចនេះធ្វើអី ទីនេះមិនមែនជាកន្លែង ដែលនឹងសាបព្រោះទៅបាន ឬដែលមានល្វា មានទំពាំងបាយជូរ ឬទទឹមទេ សូម្បីតែទឹកផឹកក៏គ្មានផង ៦ ឯម៉ូសេ និងអើរ៉ុន ក៏ចេញពីពួកជំនុំទៅឯមាត់ទ្វារត្រសាលជំនុំ ទំលាក់ខ្លួនក្រាបផ្កាប់មុខចុះ នោះសិរីល្អនៃព្រះយេហូវ៉ាលេចមកឲ្យឃើញ ៧ ហើយទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ៨ ចូរយកដំបងរបស់ឯង ហើយប្រជុំពួកជំនុំទៅ គឺឯង និងអើរ៉ុនជាបងឯងផង រួចបង្គាប់ដល់ថ្មដានៅមុខគេ ឲ្យមានទឹកចេញមកចុះ នោះឯងនឹងបាននាំទឹក ឲ្យចេញពីថ្មមកឲ្យគេហើយ ដូច្នេះ ឯងនឹងឲ្យពួកជំនុំ ព្រមទាំងហ្វូងសត្វគេផឹកបាន ៩ ម៉ូសេក៏យកដំបងពីចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក ១០ រួចលោក និងអើរ៉ុន ក៏ប្រមូលពួកជំនុំមកនៅមុខថ្មដា ដោយពាក្យថា ចូរស្តាប់ចុះ ពួកបះបោរអើយ តើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីថ្មដានេះ សំរាប់អ្នករាល់គ្នាឬអី ១១ រួចម៉ូសេលើកដៃឡើងវាយថ្មនោះ ដោយដំបងអស់២ដង នោះក៏មានទឹកហូរចេញមកជាបរិបូរ ឯពួកជំនុំ និងហ្វូងសត្វគេ ក៏នាំគ្នាផឹកទៅ។
១២ តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា ពីព្រោះឯងមិនបានជឿអញ ដើម្បីនឹងលើកអញជាបរិសុទ្ធ ចំពោះភ្នែកនៃពួកកូនចៅអ៊ីស្រាអែលដូច្នេះ បានជាឯងនឹងនាំពួកជំនុំនេះចូលទៅក្នុងស្រុក ដែលអញឲ្យដល់គេពុំបានឡើយ ១៣ ទឹកនោះជាទឹកមេរីបា ពីព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងនឹងព្រះយេហូវ៉ា ហើយទ្រង់បានសំដែងសេចក្តីបរិសុទ្ធរបស់ទ្រង់ ដោយសារទឹកនោះឯង។
ស្តេចស្រុកអេដំមមិនព្រមឲ្យអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់គេ
១៤ ម៉ូសេក៏ចាត់សារពីកាដេសទៅឯស្តេចស្រុកអេដំមទូលថា អ៊ីស្រាអែលជាប្អូនទ្រង់មានវាចាដូច្នេះថា ទ្រង់ជ្រាបចំពោះការនឿយហត់ ដែលកើតមកដល់យើងខ្ញុំរាល់គ្នាហើយ ១៥ គឺដែលពួកឰយុកោយើងខ្ញុំបានចុះទៅនៅស្រុកអេស៊ីព្ទ ហើយយើងខ្ញុំក៏បាននៅស្រុកនោះជាយូរឆ្នាំដែរ ឯពួកសាសន៍អេស៊ីព្ទគេបានធ្វើបាបដល់យើងខ្ញុំ និងពួកឰយុកោយើងខ្ញុំផង ១៦ តែកាលយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏ឮសំឡេងយើងខ្ញុំ ហើយទ្រង់ចាត់ទេវតា១មក នាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទមក ឥឡូវនេះ មើល យើងខ្ញុំនៅត្រង់កាដេស ជាទីក្រុងនៅចុងព្រំស្រុករបស់ទ្រង់ ១៧ ដូច្នេះសូមអនុញ្ញាត ឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ទ្រង់ផង យើងខ្ញុំនឹងមិនដើរកាត់ស្រែ ឬចំការទេ ក៏មិនផឹកទឹកអណ្តូងដែរ គឺយើងខ្ញុំ និងដើរតាមតែផ្លូវថ្នល់របស់ស្តេចវិញ ឥតមានបែរទៅខាងស្តាំឬខាងឆ្វេងឡើយ ទាល់តែបានឆ្លងហួសពីព្រំដែនទ្រង់ទៅ ១៨ តែស្តេចស្រុកអេដំមមានព្រះបន្ទូលតបថា មិនត្រូវឲ្យឯងដើរកាត់ស្រុករបស់យើងឡើយ បើធ្វើដូច្នោះ នោះយើងនឹងយកដាវចេញមកច្បាំងនឹងឯងហើយ ១៩ ពួកកូនចៅអ៊ីស្រាអែលគេអង្វរថា យើងខ្ញុំរាល់គ្នានឹងគ្រាន់តែដើរតាមថ្នល់ធំទេ បើសិនជាយើងខ្ញុំ ឬហ្វូងសត្វយើងខ្ញុំផឹកទឹករបស់ទ្រង់ នោះយើងខ្ញុំនឹងចេញថ្លៃសងថ្វាយទ្រង់ សូមតែឲ្យយើងខ្ញុំបានដើរកាត់ស្រុកទ្រង់ប៉ុណ្ណោះចុះ ២០ តែស្តេចនោះមានព្រះបន្ទូលថា មិនត្រូវឲ្យឯងទៅទេ ហើយស្តេចអេដំមក៏ចេញមកទាស់នឹងគេ ព្រមទាំងនាំយកមនុស្សជាច្រើនមក មានអំណាចជាខ្លាំង ២១ ដូច្នេះ ស្តេចអេដំមមិនព្រមបើកឲ្យពួកអ៊ីស្រាអែលដើរកាត់ស្រុកទ្រង់ទេ បានជាពួកអ៊ីស្រាអែលគេបែរចេញពីទ្រង់ទៅ។
អើរ៉ុនទទួលមរណភាព
២២ ពួកកូនចៅអ៊ីស្រាអែល គឺពួកជំនុំទាំងមូលក៏ធ្វើដំណើរចេញពីស្រុកកាដេសមកដល់ភ្នំហោរ ២៣ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុននៅភ្នំហោរនោះ ត្រង់ព្រំដែនស្រុកអេដំមថា ២៤ អើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកឰយុកោហើយ ដ្បិតមិនត្រូវចូលទៅក្នុងស្រុក ដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែលទេ ពីព្រោះឯងទាំង២នាក់បានចចេសនឹងបង្គាប់អញ នៅត្រង់ទឹកមេរីបា ២៥ ដូច្នេះ ឲ្យយកអើរ៉ុន និងអេលាសារ ជាកូនលោក នាំឡើងទៅលើភ្នំហោរទៅ ២៦ រួចដោះសំលៀកបំពាក់ ពីអើរ៉ុន យកទៅបំពាក់ឲ្យអេលាសារជាកូនវិញ នោះអើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកឰយុកោ គឺត្រូវស្លាប់នៅទីនោះ ២៧ ម៉ូសេក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក គេនាំគ្នាឡើងទៅលើភ្នំហោរ នៅចំពោះភ្នែកនៃពួកជំនុំទាំងអស់គ្នា ២៨ នោះម៉ូសេក៏ដោះសំលៀកបំពាក់ពីអើរ៉ុន យកទៅបំពាក់ឲ្យអេលាសារជាកូនវិញ រួចអើរ៉ុនស្លាប់នៅលើកំពូលភ្នំនោះទៅ ឯម៉ូសេ និងអេលាសារក៏ចុះពីលើភ្នំមកវិញ ២៩ កាលពួកជំនុំទាំងប៉ុន្មានបានឃើញថា អើរ៉ុនស្លាប់ហើយ នោះពូជពង្សអ៊ីស្រាអែលទាំងអស់គ្នា ក៏កាន់ទុក្ខនឹងលោកអស់៣០ថ្ងៃ។