២២
បាឡាម និងស្តេចបាឡាក
១ ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅទៀត រួចដំឡើងត្រសាលនៅត្រង់វាលនៃស្រុកម៉ូអាប់ នៅត្រើយទន្លេយ័រដាន់ខាងនេះ ទល់មុខ និងយេរីខូរ។
២ រីឯបាឡាកជាបុត្រាស៊ីបព័រ ទ្រង់ក៏ឃើញអស់ទាំងការ ដែលពួកអ៊ីស្រាអែលបានធ្វើ ដល់សាសន៍អាម៉ូរី ៣ ដូច្នេះ សាសន៍ម៉ូអាប់ក៏ភ័យខ្លាចជាខ្លាំង ហើយមានចិត្តស្រយុតរន្ធត់ នៅមុខពួកកូនចៅអ៊ីស្រាអែល ដោយព្រោះគេមានគ្នាច្រើន ៤ នោះពួកម៉ូអាប់ក៏និយាយទៅពួកចាស់ទុំនៃសាសន៍ម៉ាឌានថា ឥឡូវពួកនេះនឹងស៊ីរំលីងរបស់ទាំងអស់នៅជុំវិញយើងរាល់គ្នាហើយ ដូចជាគោស៊ីរំលីងស្មៅខ្ចីនៅវាលដែរ រីឯគ្រានោះ បាឡាកជាបុត្រាស៊ីបព័រ ទ្រង់ធ្វើជាស្តេចលើសាសន៍ម៉ូអាប់ ៥ ទ្រង់ក៏ចាត់សារទៅឯបាឡាមជាកូនបេអ៊រ នៅក្រុងពេថោរ ដែលនៅមាត់ទន្លេ ក្នុងស្រុករបស់ពួកកូនចៅសាសន៍ទ្រង់ ដើម្បីនឹងហៅមកដោយពាក្យថា មើល មានសាសន៍១ចេញពីស្រុកអេស៊ីព្ទមក គេនៅដេរដាសពេញលើផែនដី ត្រង់ទល់មុខ និងអញ ៦ ដូច្នេះ ចូរឯងមកឥឡូវ ដើម្បីនឹងដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ ដ្បិតគេខ្លាំងពូកែជាងអញណាស់ ប្រហែលជាអញនឹងឈ្នះគេបាន ហើយនឹងវាយបណ្តេញគេចេញពីស្រុកទៅ ដ្បិតអញដឹងថា អ្នកណាដែលឯងឲ្យពរ នោះបានពរមែន ហើយអ្នកណាដែលឯងដាក់បណ្តាសា នោះក៏ត្រូវបណ្តាសាពិត។
៧ លំដាប់នោះ ពួកចាស់ទុំនៃសាសន៍ម៉ូអាប់ និងពួកចាស់ទុំនៃសាសន៍ម៉ាឌាន គេនាំយករង្វាន់ នៃការទំនាយចេញទៅ ក៏មកដល់បាឡាម ហើយរ៉ាយរ៉ាប់ប្រាប់តាមពាក្យរបស់បាឡាក ៨ រួចគាត់ឆ្លើយថា សូមដេកនៅទីនេះ១យប់សិន នោះខ្ញុំនឹងឆ្លើយប្រាប់ដល់អ្នករាល់គ្នា តាមដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ ដូច្នេះពួកមេនៃសាសន៍ម៉ូអាប់ ក៏ស្នាក់នៅជាមួយនឹងបាឡាម ៩ នោះព្រះទ្រង់យាងមកឯបាឡាមសួរថា តើមនុស្សណានេះ ដែលនៅជាមួយនឹងឯង ១០ បាឡាមទូលឆ្លើយថា បាឡាកជាបុត្រាស៊ីបព័រ ដែលជាស្តេចសាសន៍ម៉ូអាប់ បានចាត់គេមកហៅទូលបង្គំថា ១១ មើល សាសន៍នេះដែលចេញពីស្រុកអេស៊ីព្ទមក គេនៅដេរដាសពេញលើផែនដី ឥឡូវចូរឲ្យឯងមកដាក់បណ្តាសាគេឲ្យអញ ប្រហែលជាអញនឹងអាចច្បាំងជាមួយនឹងគេ ហើយបណ្តេញគេចេញទៅបាន ១២ តែព្រះទ្រង់តបទៅបាឡាមវិញថា មិនត្រូវឲ្យឯងទៅមួយនឹងគេឡើយ ក៏មិនត្រូវដាក់បណ្តាសា ដល់សាសន៍នេះផង ដ្បិតគេជាអ្នកមានពរហើយ ១៣ បាឡាមក៏ក្រោកឡើងពីព្រលឹម ប្រាប់ដល់ពួកមេ ដែលមកពីបាឡាកថា ចូរអ្នករាល់គ្នាត្រឡប់ទៅស្រុកវិញចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មិនព្រមបើកឲ្យខ្ញុំទៅជាមួយទេ ១៤ ពួកមេសាសន៍ម៉ូអាប់ក៏ក្រោកវិលត្រឡប់ទៅឯបាឡាកវិញ ទូលថា បាឡាមមិនព្រមមកជាមួយនឹងយើងខ្ញុំទេ។
១៥ នោះបាឡាកក៏ចាត់ពួកមេជាច្រើនជាង ជាអ្នកមានសក្តិយសខ្ពស់ជាងអ្នកទាំងនោះ ឲ្យទៅទៀត ១៦ គេក៏មកដល់បាឡាមប្រាប់ថា បាឡាកជាបុត្រាស៊ីបព័រ ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យមានអ្វីឃាត់ឃាំងឯងមិនឲ្យទៅឯអញនោះឡើយ ១៧ ដ្បិតអញនឹងលើកឯងជាធំ ហើយការអ្វីៗដែលឯងប្រាប់ដល់អញ នោះអញនឹងធ្វើសំរេចតាម ដូច្នេះ ចូរទៅដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ ១៨ តែបាឡាមប្រកែកទៅពួកមហាតលិក របស់បាឡាកថា បើសិនជាព្រះរាជានឹងប្រទានមាស ហើយនឹងប្រាក់ពេញដំណាក់ទ្រង់មកខ្ញុំ នោះគង់តែខ្ញុំពុំអាចនឹងរំលងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ និងធ្វើការតិចឬច្រើនទៅបានឡើយ ១៩ ដូច្នេះសូមឲ្យអ្នករាល់គ្នាដេកនៅទីនេះ១យប់សិនចុះ ដើម្បីឲ្យខ្ញុំបានដឹងថាព្រះយេហូវ៉ានឹងមានព្រះបន្ទូលមកខ្ញុំដូចម្តេចទៀត ២០ នៅវេលាយប់នោះ ព្រះទ្រង់ក៏មកឯបាឡាមមានព្រះបន្ទូលថា បើគេបានមកហៅឯង នោះឲ្យឯងក្រោកឡើង ទៅជាមួយនឹងគេចុះ ប៉ុន្តែត្រូវឲ្យឯងធ្វើសំរេចតាមបង្គាប់អញតែប៉ុណ្ណោះ។
២១ បាឡាមក៏ក្រោកឡើងពីព្រលឹម បំពាក់កែបលើលារបស់ខ្លួន ចេញទៅជាមួយនឹងពួកមេនៃសាសន៍ម៉ូអាប់ ២២ នោះសេចក្តីខ្ញាល់របស់ព្រះក៏កាត់ឡើង ដោយព្រោះគាត់ចេញទៅដូច្នោះ ហើយទេវតានៃព្រះយេហូវ៉ាក៏មកឈរក្នុងផ្លូវ ដើម្បីទាស់ទទឹងនឹងគាត់ ឯងគាត់ៗជិះនៅលើលា មានទាំងអ្នកបំរើ២នាក់ទៅជាមួយផង ២៣ លាក៏ឃើញទេវតានៃព្រះយេហូវ៉ាឈរនៅត្រង់ផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត នោះលាក៏បែរចេញពីផ្លូវទៅតាមវាលទៅ ឯបាឡាមគាត់វាយលា ដើម្បីនឹងទាញញាក់មកក្នុងផ្លូវវិញ ២៤ នោះទេវតានៃព្រះយេហូវ៉ាក៏ឈរនៅត្រង់ផ្លូវច្រក នាកណ្តាលចំការទំពាំងបាយជូរ មានកំផែងថ្មនៅជាសងខាង ២៥ លាក៏ឃើញទេវតានៃព្រះយេហូវ៉ាទៀត រួចវាចូលទៅអែបត្បៀតខ្លួននឹងកំផែង គាបជើងបាឡាមនឹងថ្ម នោះគាត់វាយវាម្តងទៀត ២៦ រួចទេវតានៃព្រះយេហូវ៉ាក៏ទៅឈរ នៅត្រង់កន្លែងចង្អៀត១ទៀត ដែលឥតមានផ្លូវណា នឹងងាកបែរទៅ ខាងឆ្វេង ឬខាងស្តាំបានឡើយ ២៧ លាក៏ឃើញទេវតានៃព្រះយេហូវ៉ា រួចវាលុតជង្គង់ក្រាបចុះទាំងបាឡាមនៅលើខ្នង នោះបាឡាមក៏ខឹងក្តៅឡើង ហើយវាយវានឹងឈើច្រត់ ២៨ រួចព្រះយេហូវ៉ាទ្រង់បើកមាត់លា វាក៏និយាយទៅបាឡាមថា តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំ៣ដងហើយនេះ ២៩ បាឡាមឆ្លើយទៅលាថា គឺពីព្រោះឯងកៀចនឹងអញណាស់ បើសិនជាអញមានដាវនៅដៃឥឡូវ នោះអញនឹងសំឡាប់ឯងចោលហើយ ៣០ សត្វលាតបថា តើខ្ញុំមិនមែនជាលារបស់លោក ដែលលោកបានជិះមកតាំងពីខ្ញុំជារបស់ផងលោក ដរាបដល់សព្វថ្ងៃនេះទេឬអី តើខ្ញុំដែលធ្លាប់ធ្វើយ៉ាងដូច្នេះ ចំពោះលោកដែរឬ នោះគាត់ឆ្លើយថា ទេ។
៣១ នោះព្រះយេហូវ៉ាទ្រង់បើកបំភ្លឺភ្នែកបាឡាម ឲ្យឃើញទេវតានៃទ្រង់ ដែលឈរនៅត្រង់ផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត រួចគាត់ឱនក្បាលទំលាក់ខ្លួនក្រាបចុះផ្កាប់មុខ ៣២ ទេវតានៃព្រះយេហូវ៉ាក៏សួរគាត់ថា ហេតុអ្វីបានជាឯងវាយលាដល់ទៅ៣ដងដូច្នេះ មើលអញបានចេញមកទាស់នឹងឯង ពីព្រោះឯងមានចិត្តវៀចនៅមុខអញ ៣៣ លារបស់ឯងបានឃើញអញ ហើយបានងាកបែរចេញពីអញ៣ដងនេះហើយ បើវាមិនបានបែរចេញពីអញទេ នោះប្រាកដជាអញបានសំឡាប់ឯងហើយ តែទុកឲ្យវានៅរស់វិញ ៣៤ នោះបាឡាមក៏ទូលទៅទេវតានៃព្រះយេហូវ៉ាថា ទូលបង្គំបានធ្វើបាបហើយ ពីព្រោះទូលបង្គំមិនបានដឹងជាទ្រង់ឈរនៅត្រង់ផ្លូវ ទាស់នឹងទូលបង្គំទេ ដូច្នេះបើដំណើរនេះមិនសព្វព្រះហឫទ័យដល់ទ្រង់ នោះទូលបង្គំនឹងត្រឡប់ទៅវិញឥឡូវ ៣៥ តែទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលតបថា ចូរទៅជាមួយ នឹងគេចុះ ប៉ុន្តែត្រូវឲ្យឯងនិយាយតែពាក្យដែលអញប្រាប់ដល់ឯងប៉ុណ្ណោះ ដូច្នេះ បាឡាមក៏ទៅជាមួយនឹងពួកមេរបស់បាឡាមទៅ។
៣៦ កាលបាឡាកឮថា បាឡាមមកដល់ហើយ នោះទ្រង់ក៏ចេញទៅទទួលដល់ទីក្រុង១នៃស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ជាព្រំដែនឆ្ងាយបំផុត ៣៧ បាឡាកមានព្រះបន្ទូលទៅបាឡាមថា តើអញមិនបានចាត់គេ ឲ្យទៅហៅឯងមកទេឬអី ហេតុអ្វីបានជាឯងមិនបានមកឯអញ តើអញមិនអាចនឹងលើកឯងឲ្យបានជាធំទេឬអី ៣៨ បាឡាមក៏ទូលតបថា មើល ទូលបង្គំបានមកដល់ទ្រង់ហើយ តែឥឡូវនេះ តើទូលបង្គំមានអំណាចនឹងនិយាយអ្វីបាន ឯពាក្យណាដែលព្រះទ្រង់សំរេចនៅមាត់ទូលបង្គំ គឺពាក្យនោះដែលទូលបង្គំនឹងនិយាយវិញ ៣៩ រួចបាឡាមក៏ទៅជាមួយនឹងបាឡាក ដល់ទៅគារយ៉ាត់-ហាសូត ៤០ នោះបាឡាកទ្រង់ថ្វាយគោ និងចៀមជាយញ្ញបូជា រួចផ្ញើទៅឲ្យបាឡាម និងពួកមេដែលនៅជាមួយ និងគាត់។
បាឡាមឲ្យពរកូនចៅអ៊ីស្រាអែល
៤១ ដល់ថ្ងៃស្អែក បាឡាកទ្រង់នាំយកបាឡាមឡើងទៅលើអស់ទាំងទីខ្ពស់របស់ផងព្រះបាល ហើយពីទីនោះគាត់ក៏ឃើញចុងបំផុតនៃពួកសាសន៍អ៊ីស្រាអែល។