៤
១ ដូច្នេះ បងប្អូន ជាពួកស្ងួនភ្ងា ហើយជាទីរឭក ជាទីត្រេកអរ ហើយជាមកុដរបស់ខ្ញុំអើយ ចូរឈរឲ្យមាំមួនក្នុងព្រះអម្ចាស់ចុះ ឱពួកស្ងួនភ្ងាអើយ។
សេចក្តីដាស់តឿនផ្សេងៗ
២ ខ្ញុំសូមទូន្មានដល់នាងអ៊ើរ៉ូឌា និងនាងស៊ុនទីចដែរ ឲ្យមូលគំនិតតែ១ក្នុងព្រះអម្ចាស់ ៣ ហើយខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំង២នោះ ដែលបានតតាំងជា១នឹងខ្ញុំ ក្នុងដំណឹងល្អផង ហើយនិងអ្នកក្លេមេន និងគូកនខ្ញុំឯទៀត ដែលគេមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ។
៤ ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្តងទៀតថា ចូរអរសប្បាយឡើង ៥ ចូរសំដែងឲ្យមនុស្សទាំងអស់ បានស្គាល់សេចក្តីសំឡូតរបស់អ្នករាល់គ្នាចុះ ព្រោះព្រះអម្ចាស់ទ្រង់ជិតដល់ហើយ ៦ កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង ៧ យ៉ាងនោះ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
៨ មួយទៀត បងប្អូនអើយ ឯសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ ៩ ហើយសេចក្តីអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ ហើយឃើញក្នុងខ្ញុំ នោះចូរឲ្យប្រព្រឹត្តតាមសេចក្តីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្តីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា។
ប៉ុលអរគុណគ្រីស្ទបរិស័ទនៅក្រុងភីលីព
១០ ខ្ញុំមានសេចក្តីអំណរជាខ្លាំងក្នុងព្រះអម្ចាស់ ដោយព្រោះឥឡូវនេះ អ្នករាល់គ្នាបាននឹកដល់ខ្ញុំឡើងវិញ អ្នករាល់គ្នាបាននឹកដល់ខ្ញុំជានិច្ចដែរ តែរកឱកាសគ្មាន ១១ ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យមានសេចក្តីសន្តោសក្នុងសណ្ឋានគ្រប់យ៉ាង ១២ ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្តីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្តីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងសារពើទាំងអស់ហើយ ១៣ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ ១៤ ប៉ុន្តែ ដែលអ្នករាល់គ្នាបានជួយដល់សេចក្តីកំសត់របស់ខ្ញុំ នោះប្រពៃហើយ។
១៥ ឱពួកក្រុងភីលីពអើយ អ្នករាល់គ្នាក៏ដឹងថា កាលចាប់ប្រារព្ធប្រកាសដំណឹងល្អ ដែលខ្ញុំទើបនឹងចេញពីស្រុកម៉ាសេដូនមក នោះគ្មានពួកជំនុំណាបានប្រកបនឹងខ្ញុំ អំពីដំណើរប្រាក់ចំណាយចំណូលឡើយ មានតែអ្នករាល់គ្នាប៉ុណ្ណោះ ១៦ ដ្បិតកាលខ្ញុំខ្វះខាតនៅថែស្សាឡូនីច នោះអ្នករាល់គ្នាបានផ្ញើទៅជួយខ្ញុំម្តងពីរដងផង ១៧ មិនមែនថា ខ្ញុំរកចង់បានទានទេ ខ្ញុំរកតែផលដែលចំរើនប្រយោជន៍ដល់អ្នករាល់គ្នាវិញ ១៨ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយ ជាគ្រឿងបូជាដែលព្រះទ្រង់ទទួល ហើយសព្វព្រះហឫទ័យដែរ ១៩ ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ ២០ សូមឲ្យព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា បានសិរីល្អនៅអស់កល្បរៀងតទៅ អាម៉ែន។
អវសានកថា
២១ សូមជំរាបសួរ មកពួកបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវផង ឯពួកបងប្អូនដែលនៅជាមួយនឹងខ្ញុំ គេសូមជំរាបសួរមកអ្នករាល់គ្នា ២២ ពួកបរិសុទ្ធទាំងអស់គ្នា មានពួកអ្នកនៅដំណាក់សេសារជាដើម ក៏សូមជំរាបសួរមកអ្នករាល់គ្នាដែរ ២៣ សូមឲ្យព្រលឹងវិញ្ញាណអ្នករាល់គ្នាបានប្រកប ដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។:៚