២
ប្រាជ្ញាការពារមនុស្សពីអំពើអាក្រក់
១ កូនអើយ បើឯងនឹងទទួលពាក្យអញ ហើយនឹងប្រមូលពាក្យបណ្តាំរបស់អញ ទុកនៅជាប់នឹងឯង ២ ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់ ៣ អើ បើឯងស្រែកហៅរកដំរិះ ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់ ៤ បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ ៥ នោះឯងនឹងបានយល់សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្តីស្គាល់ដល់ព្រះអង្គ ៦ ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក ៧ ទ្រង់បំរុងទុកសេចក្តីដែលមានប្រយោជន៍ សំរាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្តីទៀងត្រង់ ៨ ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រកនៃសេចក្តីយុត្តិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ទ្រង់ ៩ យ៉ាងនោះឯងនឹងបានយល់សេចក្តីសុចរិត សេចក្តីយុត្តិធម៌ និងសេចក្តីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ ១០ ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង ១១ គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង ១២ ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្សដែលតែងតែនិយាយពាក្យវៀច ១៣ ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ ១៤ ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀចរបស់មនុស្សអាក្រក់ ១៥ ផ្លូវគេសុទ្ធតែក្ងិចក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ ១៦ ហើយដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវាសែ គឺឲ្យរួចពីមនុស្សស្រីដទៃ ដែលនិយាយប្រលោមដោយពាក្យផ្អែមល្ហែម ១៧ ជាអ្នកដែលលះចោលគូសំឡាញ់ ដែលបានគ្នាពីក្រមុំកំឡោះ ក៏ភ្លេចសេចក្តីសញ្ញានៃព្រះរបស់ខ្លួន ១៨ ដ្បិតផ្ទះរបស់ស្ត្រីនោះ ទ្រេតទៅខាងសេចក្តីស្លាប់ ហើយផ្លូវច្រករបស់វា នាំទៅឯពួកមនុស្សស្លាប់ ១៩ ឯពួកអ្នកដែលដែលទៅវា នោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ ២០ ហើយមានប្រយោជន៍ឲ្យឯងបានដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត ២១ ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ ២២ តែមនុស្សអាក្រក់នឹងត្រូវកត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ។