ត្រូវ​ប្រយ័ត្ន​នឹង​ស្ត្រី​ដែល​ក្បត់​ប្តី
១ កូន​អើយ ចូរ​ផ្ចង់​ចិត្ត​ចំពោះ​ប្រាជ្ញា​របស់​អញ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​យោបល់​អញ​ដែរ ២ ដើម្បី​ឲ្យ​ឯង​បាន​បំរុង​ទុក​នូវ​គំនិត​វាងវៃ ហើយ​ឲ្យ​បបូរ​មាត់​ឯង​បាន​រក្សា​ទុក​នូវ​ដំរិះ ៣ ដ្បិត​បបូរ​មាត់​របស់​ស្ត្រី​ដទៃ រមែង​ស្រក់​ជា​ទឹក​ឃ្មុំ ហើយ​មាត់​វា​រឥល​ជាង​ប្រេង ៤ ប៉ុន្តែ​ដល់​ចុង​បំផុត​បាន​ល្វីង​ដូច​ជា​ស្លែង ហើយ​មុត​ដូច​ជា​ដាវ​មាន​មុខ​២​វិញ ៥ ជើង​វា​ដើរ​ចុះ​ទៅ​ឯ​សេចក្តី​ស្លាប់ ជំហាន​វា​ឈាន​ទៅ​ជាប់​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ៦ អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​វា តែង​តែ​ប្រែប្រួល ដើម្បី​មិន​ឲ្យ​ឯង​អាច​ស្គាល់​បាន ក្រែង​ឯង​ស្ទង់​មើល​ផ្លូវ​នៃ​ជីវិត​ឃើញ។
៧ ដូច្នេះ កូន​ទាំងឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ​ចុះ​កុំ​ឲ្យ​ងាក​បែរ​ចេញ ពី​អស់​ទាំង​ពាក្យ ដែល​មាត់​អញ​ពោល​ឡើយ ៨ ចូរ​ឯង​ញែក​ផ្លូវ​ដើរ​របស់​ឯង​ឲ្យ​ឆ្ងាយ​ពី​វា​ចេញ កុំ​ឲ្យ​ចូល​ទៅ​ជិត​ទ្វារ​ផ្ទះ​របស់​វា​ឲ្យ​សោះ ៩ ក្រែង​ឯង​ប្រគល់​កិត្តិសព្ទ​ឯង​ដល់​អ្នក​ដទៃ ហើយ​អាយុ​ឯង​ដល់​ពួក​សាហាវ ១០ ក្រែង​មនុស្ស​ដទៃ​បាន​ឆ្អែត​ដោយ​កំឡាំង​ឯង ហើយ​ការ​នឿយ​លំបាក​របស់​ឯង ត្រូវ​ធ្វើ​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ក្រៅ​វិញ ១១ រួច​ដល់​ចុង​បំផុត ឯង​នឹង​ត្រូវ​ថ្ងូរ ក្នុង​កាល​ដែល​សាច់​ឈាម ហើយ​ខ្លួន​ប្រាណ​ឯង​រោយ​ចុះ​ទៅ ១២ ហើយ​ឯង​ថា អុញ​ន៍ អញ​បាន​ស្អប់​សេចក្តី​ប្រៀនប្រដៅ​ណាស់​ហ្ន៎ ចិត្ត​អញ​ក៏​បាន​ខ្ពើម​សេចក្តី​បន្ទោស ១៣ ហើយ​អញ​មិន​បាន​ស្តាប់​តាម​សំដី​នៃ​គ្រូ​របស់​អញ ឬ​ផ្ទៀង​ត្រចៀក​ចំពោះ​ពួក​អ្នក​ដែល​រំឭក​អញ​ផង​ដែរ ១៤ អញ​ស្ទើរ​តែ​នឹង​ចូល​ទៅ​ក្នុង​អស់​ទាំង​អំពើ​អាក្រក់​ហើយ គឺ​នៅ​កណ្តាល​ចំណោម​មនុស្ស និង​ពួក​ជំនុំ​ផង។
១៥ ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អណ្តូង​របស់​ខ្លួន​ចុះ ១៦ តើ​គួរ​ឲ្យ​រន្ធ​ទឹក​ឯង​ហូរ​សាច​ចេញ​ទៅ​ក្រៅ ហើយ​គន្លង​ទឹក​ឯង​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ​អី ១៧ ត្រូវ​ឲ្យ​ទុក​សំរាប់​ខ្លួន​ឯង​តែ​១​ប៉ុណ្ណោះ មិន​មែន​សំរាប់​មនុស្ស​ដទៃ​ជា​មួយ​នឹង​ឯង​ផង​នោះ​ទេ ១៨ សូម​ឲ្យ​រន្ធ​ទឹក​ឯង​បាន​ពរ ចូរ​ឲ្យ​ឯង​បាន​រីករាយ​ចំពោះ​ប្រពន្ធ ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​ចុះ ១៩ ប្រៀប​ដូច​ជា​ក្តាន់​ញី​ដែល​គួរ​ស្រឡាញ់ និង​ប្រើស​ញី​សមសួន ត្រូវ​ឲ្យ​ដោះ​របស់​នាង​បាន​បំពេញ​ចិត្ត​ឯង​ជា​ដរាប ហើយ​ត្រូវ​ឲ្យ​ឯង​ឈ្លក់​ចិត្ត​នឹង​សេចក្តី​ស្រឡាញ់​របស់​នាង​ជានិច្ច​ផង ២០ ដ្បិត​កូន​អើយ តើ​មាន​ទំនង​ឲ្យ​ឯង​ទៅ​ឈ្លក់​ចិត្ត​ចំពោះ​ស្ត្រី​ដទៃ ហើយ​ឱប​ទ្រូង​នៃ​ស្ត្រី​ក្រៅ​ឬ​អី ២១ ពី​ព្រោះ​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់​នៅ​ចំពោះ​ព្រះនេត្រ​ព្រះយេហូវ៉ា ទ្រង់​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ ២២ អស់​ទាំង​អំពើ​ទុច្ចរិត​របស់​មនុស្ស​អាក្រក់​នឹង​ចាប់​យក​អ្នក​នោះ​ឯង ហើយ​អ្នក​នោះ​នឹង​ត្រូវ​ចង​ជាប់ ដោយ​ចំណង​នៃ​អំពើ​បាប​របស់​ខ្លួន ២៣ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ ដោយ​ឥត​មាន​អ្នក​ណា​នឹង​ប្រៀន​ប្រដៅ ក៏​នឹង​វង្វេង​ចេញ ដោយ​វក់​នឹង​ការ​ចំកួត​របស់​ខ្លួន។