១២
១ អ្នកណាដែលចូលចិត្តចំពោះសេចក្តីប្រៀនប្រដៅ នោះក៏ស្រឡាញ់ដំរិះ តែអ្នកណាដែលស្អប់ដល់សេចក្តីបន្ទោស នោះជាមនុស្សកំរោលវិញ។
២ មនុស្សល្អនឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា តែទ្រង់នឹងកាត់ទោស ដល់មនុស្សណាដែលគិតគូបង្កើតការអាក្រក់។
៣ គ្មានមនុស្សណាបានតាំងមាំមួនឡើង ដោយសារអំពើអាក្រក់ទេ តែឫសនៃមនុស្សសុចរិតមិនត្រូវរលើងឡើយ។
៤ ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្តី តែស្ត្រីណាដែលនាំឲ្យមានសេចក្តីខ្មាស នោះប្រៀបដូចជាសេចក្តីពុករលួយនៅក្នុងឆ្អឹងរបស់ប្តីវិញ។
៥ អស់ទាំងគំនិតរបស់មនុស្សសុចរិត នោះសុទ្ធតែទៀងត្រង់ តែគំនិតរបស់មនុស្សអាក្រក់ នោះជាសេចក្តីឆបោកវិញ។
៦ ពាក្យសំដីរបស់មនុស្សអាក្រក់ សុទ្ធតែនិយាយពីការលបចាំកំចាយឈាម តែមាត់របស់មនុស្សទៀងត្រង់នឹងជួយឲ្យគេរួចវិញ។
៧ មនុស្សអាក្រក់ត្រូវដួល ហើយមិននៅទៀតទេ តែផ្ទះរបស់មនុស្សសុចរិតបានស្ថិតស្ថេរនៅវិញ។
៨ មនុស្សនឹងបានគេសរសើរតាមប្រាជ្ញារបស់ខ្លួន តែអ្នកណាដែលមានចិត្តវៀច នោះគេនឹងស្អប់វិញ។
៩ អ្នកណាដែលគេរាប់អានតិច តែមានបាវបំរើ នោះវិសេសជាជាងមនុស្សណាដែលតំកើងខ្លួន ប៉ុន្តែខ្វះខាតអាហារវិញ។
១០ មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។
១១ អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានបាយជាបរិបូរ តែអ្នកណាដែលតាមសេចក្តីឥតប្រយោជន៍ នោះគ្មានយោបល់វិញ។
១២ ឯមនុស្សអាក្រក់ គេចង់បានរបឹបរបស់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ តែឫសរបស់មនុស្សសុចរិត នោះបង្កើតផលផ្លែវិញ។
១៣ មានអន្ទាក់អាក្រក់ នៅក្នុងអំពើរំលងរបស់បបូរមាត់ តែមនុស្សសុចរិតនឹងចេញរួចពីសេចក្តីលំបាក។
១៤ មនុស្សនឹងបានស្កប់ចិត្តនឹងសេចក្តីល្អ ដោយសារផលដែលកើតពីមាត់ខ្លួន ហើយកិច្ចការដែលដៃមនុស្សធ្វើនោះនឹងបានសងដល់អ្នកនោះវិញ។
១៥ មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្តីដំបូន្មានវិញ។
១៦ សេចក្តីគ្នាន់ក្នាញ់ក្នុងចិត្តមនុស្សល្ងីល្ងើ នោះបានសំដែងមកឲ្យឃើញភ្លាម តែមនុស្សឆ្លៀវឆ្លាតគេតែងគ្របបាំងសេចក្តីខ្មាសវិញ។
១៧ អ្នកណាដែលពោលពាក្យពិត នោះរមែងសំដែងចេញនូវសេចក្តីសុចរិត តែសាក្សីក្លែងក្លាយ នោះសំដែងសេចក្តីកំភូតវិញ។
១៨ មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ។
១៩ បបូរមាត់ដែលបញ្ចេញសេចក្តីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្តាតភូតភរ នោះនៅតែ១ភ្លែតទេ។
២០ ការឆបោករមែងនៅក្នុងចិត្តនៃមនុស្សដែលគិតគូរបង្កើតការអាក្រក់ តែមានសេចក្តីអំណរសំរាប់មនុស្សដែលប្រឹក្សាឲ្យមានសេចក្តីសុខ។
២១ មនុស្សសុចរិតនឹងមិនត្រូវកើតមានសេចក្តីភិតភ័យអន្តរាយឡើយ តែមនុស្សដែលប្រព្រឹត្តអាក្រក់នឹងបានឆ្អែតដោយការអាក្រក់។
២២ បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។
២៣ មនុស្សដែលមានគំនិត គេគ្របបាំងចំណេះរបស់ខ្លួន តែចិត្តរបស់មនុស្សល្ងីល្ងើ តែងតែប្រកាសពីសេចក្តីល្ងង់វិញ។
២៤ ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូសនឹងត្រូវទទួលការបំរើវិញ។
២៥ ការទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយឡើង។
២៦ មនុស្សសុចរិតជាអ្នកចាំផ្លូវដល់អ្នកជិតខាង តែផ្លូវរបស់មនុស្សអាក្រក់រមែងនាំឲ្យវង្វេងវិញ។
២៧ មនុស្សខ្ជិលច្រអូស គេមិនអាំងសាច់របស់សត្វដែលខ្លួនចាប់បានទេ តែអ្វីៗដែលមនុស្សឧស្សាហ៍មាននោះក៏រាប់ជាវិសេសវិញ។
២៨ ជីវិតស្ថិតនៅក្នុងផ្លូវនៃសេចក្តីសុចរិត ហើយក្នុងផ្លូវច្រកនោះគ្មានសេចក្តីស្លាប់ឡើយ។