១៩
១ ឯមនុស្សទាល់ក្រ ដែលដើរតាមផ្លូវទៀងត្រង់នោះវិសេសជាងមនុស្សដែលមានបបូរមាត់ចចើង ហើយចិត្តល្ងីល្ងើ។
២ មួយទៀត ការដែលចិត្តឥតមានចំណេះ នោះមិនគួរគប្បីទេ ហើយអ្នកណាដែលរហ័សឈានទៅ នោះជ្រួសផ្លូវហើយ។
៣ សេចក្តីចំកួតរបស់មនុស្ស រមែងបង្ខូចផ្លូវខ្លួនទៅ ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរ។
៤ ការដែលមានទ្រព្យសម្បត្តិ នោះនាំឲ្យមានមិត្តភក្តិកើនឡើង តែមនុស្សក្រត្រូវពង្រាត់ពីពួកមិត្តភក្តិវិញ។
៥ សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហកក៏នឹងគេចមិនរួចដែរ។
៦ មនុស្សជាច្រើន នឹងខំយកចិត្តរបស់មនុស្សសទ្ធា ហើយអ្នកណាក៏ដោយ ក៏ជាមិត្រសំឡាញ់នឹងអ្នកដែលចែកអំណោយទានដែរ។
៧ អស់ទាំងបងប្អូនរបស់អ្នកទាល់ក្រ ក៏ស្អប់អ្នកនោះ ចំណងបើមិត្តភក្តិ តើនឹងឃ្លាតចេញឆ្ងាយ ពីអ្នកនោះជាជាងអម្បាលម៉ានទៅទៀត អ្នកនោះនឹងតាមទៅអង្វរ តែគេគេចបាត់ទៅ។
៨ អ្នកណាដែលបានប្រាជ្ញា នោះជាអ្នកស្រឡាញ់ដល់ព្រលឹងខ្លួន អ្នកណាដែលរក្សាយោបល់ទុក នោះនឹងបានសេចក្តីល្អ។
៩ សាក្សីភូតភរនឹងមិនរួចចាកពីទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក នឹងត្រូវវិនាសទៅ។
១០ ការដែលអាស្រ័យនៅដោយរុងរឿង នោះមិនសមនឹងមនុស្សល្ងីល្ងើទេ ចំណង់បើខ្ញុំកំដរ ដែលមានអំណាចលើអ្នកធំ តើមិនសមគួរជាជាងអម្បាលម៉ានទៅ។
១១ សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ។
១២ សេចក្តីក្រោធនៃស្តេច ធៀបដូចជាសូរគ្រហឹមនៃសិង្ហ តែព្រះគុណទ្រង់ ដូចជាទឹកសន្សើមនៅលើស្មៅវិញ។
១៣ កូនល្ងីល្ងើជាទីអន្តរាយដល់ឪពុក ហើយការឌុកដាន់របស់ប្រពន្ធ ក៏ដូចជាទឹកស្រក់តក់ៗមកជានិច្ច។
១៤ ផ្ទះសំបែង និងទ្រព្យសម្បត្តិ ជាមរដកមកពីឪពុកតែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។
១៥ សេចក្តីខ្ជិលច្រអូស រមែងធ្វើឲ្យមនុស្សលក់ស្និទ្ធទៅ ហើយអ្នកណាដែលទទេៗ នោះនឹងត្រូវអត់ឃ្លាន។
១៦ អ្នកណាដែលកាន់តាមក្រឹត្យវិន័យ នោះឈ្មោះថារក្សាព្រលឹងខ្លួន តែអ្នកណាដែលមិនប្រយ័ត្ននឹងផ្លូវប្រព្រឹត្តរបស់ខ្លួន នោះនឹងត្រូវស្លាប់វិញ។
១៧ អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ទ្រង់នឹងតបស្នងសងគុណអ្នកនោះវិញ។
១៨ ចូរវាយផ្ចាលកូន ក្នុងកាលដែលនៅមានសង្ឃឹមឲ្យវារាងចាលនៅឡើយ មិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេ។
១៩ អ្នកណាដែលមានចិត្តក្រោធជាខ្លាំង នោះនឹងត្រូវរងទោស ដ្បិតបើឯងជួយវាឲ្យរួច នោះនឹងត្រូវជួយតទៅទៀត។
២០ ចូរស្តាប់សេចក្តីដំបូន្មាន ហើយទទួលសេចក្តីប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ។
២១ នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
២២ សេចក្តីដែលនាំឲ្យគេរកពឹងដល់មនុស្សណា នោះគឺជាសេចក្តីសប្បុរសរបស់អ្នកនោះឯង ហើយមនុស្សទាល់ក្ររមែងវិសេសជាងមនុស្សភូតភរ។
២៣ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះប្រោសឲ្យមានជីវិត ហើយអ្នកណាដែលមានសេចក្តីនោះនឹងនៅតែមានចិត្តស្កប់ស្កល់ជានិច្ច ឥតមានសេចក្តីអាក្រក់ណាមកលើខ្លួនឡើយ។
២៤ មនុស្សខ្ជិលច្រអូសគេលូកដៃទៅក្នុងចាន ហើយមិនដកមក សូម្បីតែនឹងបញ្ចុកមាត់ខ្លួនផង។
២៥ ចូរវាយមនុស្សចំអកមើលងាយ នោះមនុស្សខ្លៅល្ងង់នឹងចេះប្រយ័ត្នឡើង ចូរបន្ទោសដល់អ្នកណាដែលមានយោបល់ អ្នកនោះនឹងស្តាប់បានតាមលំអាន។
២៦ អ្នកណាដែលបំផ្លាញឪពុកខ្លួន ហើយបណ្តេញម្តាយចេញ នោះជាកូនដែលនាំឲ្យមានសេចក្តីខ្មាស និងសេចក្តីដំនៀល។
២៧ កូនអើយ ចូរលែងស្តាប់តាមសេចក្តីដំបូន្មានដែលនាំឲ្យវង្វេងពីផ្លូវនៃដំរិះចេញ។
២៨ សាក្សីកោងកាចគេចំអកមើលងាយចំពោះសេចក្តីយុត្តិធម៌ ហើយមាត់របស់មនុស្សអាក្រក់ក៏ត្របាក់លេបអំពើទុច្ចរិតដែរ។
២៩ សេចក្តីវិនិច្ឆ័យបានបំរុងជាស្រេច សំរាប់មនុស្សចំអក ហើយការវាយដោយរំពាត់ក៏សំរាប់ខ្នងនៃមនុស្សល្ងីល្ងើ។