២៥
សុភាសិត​ផ្សេងៗ
១ នេះ​ក៏​ជា​សុភាសិត​របស់​ស្តេច​សាឡូម៉ូន​ដែរ ជា​សេចក្តី​ដែល​ពួក​ស្មៀន​របស់​ហេសេគា ស្តេច​សាសន៍​យូដា បាន​ចំឡង​ទុក។
២ ការ​ដែល​លាក់​បំបាំង​ន័យ​សេចក្តី នោះ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ តែ​ពួក​ស្តេច​វិញ ទ្រង់​សព្វ​ព្រះទ័យ​នឹង​ស្វែង​រក​ឲ្យ​យល់ ៣ ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ហើយ​ផែនដី​ជ្រៅ​យ៉ាង​ណា ព្រះទ័យ​នៃ​ស្តេច​ក៏​ស្ទង់​មើល​ដល់​យ៉ាង​នោះ​ដែរ ៤ ចូរ​ដេញ​យក​អាចម៍​ប្រាក់​ចេញ នោះ​នឹង​មាន​គ្រឿង​ចេញ​ពី​ពុម្ព​មក​សំរាប់​ជាង​ខាត់ ៥ ក៏​ដក​យក​មនុស្ស​អាក្រក់​ចេញ​ពី​ចំពោះ​ស្តេច នោះ​រាជ្យ​ទ្រង់​នឹង​បាន​តាំង​នៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​សុចរិត។
៦ កុំ​ឲ្យ​ឯង​បញ្ចើ​ខ្លួន​នៅ​ចំពោះ​ស្តេច​ឡើយ ក៏​កុំ​ឲ្យ​ឈរ​នៅ​ទី​របស់​អ្នក​ធំ​ដែរ ៧ ដ្បិត​បើ​គេ​មក​និយាយ​នឹង​ឯង​ថា អញ្ជើញ​ឡើង​មក​ឯ​ណេះ នោះ​ល្អ​ជា​ជាង​ត្រូវ​បន្ទាប​នៅ​ចំពោះ​អ្នក​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ​ហើយ​នោះ​វិញ។
៨ កុំ​ឲ្យ​ឯង​រហ័ស​នឹង​ចេញ​ទៅ​ត​នឹង​គេ​ឡើយ ក្រែង​ដល់​ចុង​បំផុត កាល​ណា​អ្នក​ជិត​ខាង​បាន​ធ្វើ​ឲ្យ​ឯង​ខ្មាស​ហើយ នោះ​ឯង​មិន​ដឹង​អ្វី​ទៀត​ទេ ៩ ចូរ​ទៅ​ជជែក​រឿង​របស់​ឯង ចំពោះ​អ្នក​ជិត​ខាង ដោយ​មាន​តែ​គ្នា​២​នាក់​ប៉ុណ្ណោះ កុំ​ឲ្យ​បើក​ការ​សំងាត់​របស់​អ្នក​ដទៃ​ឡើយ ១០ ក្រែង​អ្នក​ដែល​ឮ គេ​ធ្វើ​ឲ្យ​ឯង​ខ្មាស​វិញ ហើយ​សេចក្តី​អាម៉ាស់​របស់​ឯង​នឹង​មិន​ចេះ​បាត់​ឡើយ។
១១ ពាក្យ​សំដី​ដែល​និយាយ​ចំ​ពេល នោះ​ធៀប​ដូច​ជា​ផ្លែ​សារី​មាស​ធ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់ ១២ អ្នក​ដែល​ចេះ​ស្តី​បន្ទោស​ដោយ​ប្រាជ្ញា នោះ​ក៏​ដូច​ជា​ក្រវិល​មាស និង​គ្រឿង​លំអ​មាស​សុទ្ធ ដល់​ត្រចៀក​ដែល​ព្រម​ស្តាប់​តាម​ដែរ ១៣ អ្នក​នាំ​សារ​ដែល​ស្មោះត្រង់ នោះ​ប្រៀប​ដូច​ជា​ត្រជាក់​នៃ​ហិមៈ​នៅ​រដូវ​ចំរូត ដល់​ពួក​អ្នក​ដែល​ចាត់​ប្រើ ដ្បិត​អ្នក​នោះ​លំហើយ​ព្រលឹង​របស់​ចៅហ្វាយ​ខ្លួន។
១៤ អ្នក​ណា​ដែល​អួត ដោយ​ពាក្យ​កំភូត ពី​ទាន​ដែល​ខ្លួន​ឲ្យ នោះ​ទុក​ដូច​ជា​ពពក ហើយ​នឹង​ខ្យល់​ដែល​ឥត​មាន​ភ្លៀង។
១៥ ដោយ​ការ​ខំ​អត់ធ្មត់ នោះ​ទើប​នឹង​បន្ទន់​ចិត្ត​របស់​ចៅហ្វាយ​បាន ហើយ​អណ្តាត​ស្រទន់​នឹង​អាច​បំបាក់​ឆ្អឹង​បាន​ដែរ។
១៦ តើ​ឯង​រក​បាន​ឃ្មុំ​ហើយ​ឬ ចូរ​បរិភោគ​តែ​ល្មម​សម​គួរ​ចុះ ក្រែង​បរិភោគ​ឆ្អែត​ទៅ​នឹង​ក្អួត​ចេញ​មក​វិញ។
១៧ កុំ​ឲ្យ​ជើង​ឯង​ចូល​ផ្ទះ​អ្នក​ជិត​ខាង ជា​ញឹកញយ​ពេក​ឡើយ ក្រែង​គេ​ធុញទ្រាន់ ហើយ​ស្អប់​ឯង​វិញ។
១៨ អ្នក​ណា​ដែល​ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន នោះ​ធៀប​ដូច​ជា​ញញួរ និង​ដាវ ហើយ​នឹង​ព្រួញ​យ៉ាង​មុត។
១៩ កាល​ដែល​ទុក​ចិត្ត​ពឹង​ដល់​មនុស្ស​មិន​ស្មោះ នៅ​គ្រា​លំបាក នោះ​ធៀប​ដូច​ជា​ធ្មេញ​បាក់ ហើយ​ជើង​ដែល​ថ្លស់​លាស​ចេញ។
២០ អ្នក​ណា​ដែល​ច្រៀង​ចំរៀង ជូន​ដល់​មនុស្ស​ដែល​មាន​ចិត្ត​កើត​ទុក្ខ ឲ្យ​គេ​ស្តាប់ នោះ​ធៀប​ដូច​ជា​គេ​ដោះ​អាវ​នៅ​រដូវ​ងារ ឬ​ដូច​ជា​ចាក់​ទឹកខ្មេះ​ទៅ​លើ​អំបិល​ក្បុង។
២១ បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវ​ឲ្យ​វា​ផឹក​ផង ២២ យ៉ាង​នោះ​នឹង​បាន​ដូច​ជា​បង្គរ​រងើក​ភ្លើង​នៅ​លើ​ក្បាល​វា ហើយ​ព្រះយេហូវ៉ា​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​ឯង។
២៣ ខ្យល់​ខាង​ជើង​រមែង​នាំ​ភ្លៀង​មក ហើយ​អណ្តាត​ដែល​និយាយ​ដើម​គេ ក៏​នាំ​គេ​មាន​មុខ​មួម៉ៅ​ដូច្នោះ​ដែរ។
២៤ ស៊ូ​នៅ​ក្នុង​ទី​កៀន​១​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង។
២៥ ទឹក​បាន​ត្រជាក់​ដល់​ព្រលឹង​មនុស្ស​ល្វឹងល្វើយ​ជា​យ៉ាង​ណា នោះ​ដំណឹង​ល្អ​ដែល​មក​ពី​ស្រុក​ឆ្ងាយ​ក៏​យ៉ាង​នោះ​ដែរ។
២៦ មនុស្ស​សុចរិត​ដែល​ចុះ​ចាញ់​ចំពោះ​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​រន្ធ​ទឹក​ល្អក់ ក៏​ដូច​ជា​ក្បាល​ទឹក​ដែល​ខូច​ហើយ​ដែរ។
២៧ បើ​បរិភោគ​ទឹក​ឃ្មុំ​ច្រើន​ពេក នោះ​មិន​ល្អ​ទេ មួយ​ទៀត ដែល​ស្វែង​រក​កិត្តិសព្ទ​ដល់​ខ្លួន នោះ​ជា​បន្ទុក​យ៉ាង​ធ្ងន់​ដែរ។
២៨ បើ​អ្នក​ណា​ដែល​មិន​ចេះ​គ្រប់គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូច​ជា​ទី​ក្រុង​ដែល​រលំ ហើយ​ឥត​មាន​កំផែង។