១៥
មនុស្ស​ដែល​ព្រះ​សព្វ​ព្រះហឫទ័យ
ទំនុក​នៃ​ស្តេច​ដាវីឌ។
១ ឱ​ព្រះយេហូវ៉ា​អើយ តើ​អ្នក​ណា​នឹង​នៅ​ក្នុង
រោង​ឧបោសថ​របស់​ទ្រង់
តើ​អ្នក​ណា​នឹង​នៅ​លើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់​បាន
២ គឺ​ជា​អ្នក​ណា​ដែល​ដើរ​ដោយ​ទៀង​ត្រង់
ហើយ​ប្រព្រឹត្ត​សេចក្តី​សុចរិត
ព្រម​ទាំង​ពោល​សេចក្តី​ពិត​ពី​ក្នុង​ចិត្ត​ផង
៣ ជា​អ្នក​ដែល​មិន​ពោល​បង្កាច់​ដោយ​អណ្តាត
ឬ​ធ្វើ​អាក្រក់​ដល់​មិត្រ​សំឡាញ់
ឬ​យក​រឿង​បក​កេរ្តិ៍​ពី​អ្នក​ជិត​ខាង​ខ្លួន​ឡើយ
៤ ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល
ដោយ​សេចក្តី​ស្អប់​ខ្ពើម
តែ​លើក​មុខ​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​វិញ
ជា​អ្នក​ដែល​ហ៊ាន​ទាំង​ស្បថ​ដល់​បង់​ប្រយោជន៍​ខ្លួន​ផង
ឥត​ប្រែប្រួល​ឡើយ ៥ ជា​អ្នក​ដែល​មិន​បញ្ចេញ​ប្រាក់​ខ្លួន ដើម្បី​យក​ការ​សោះ
ក៏​មិន​ទទួល​សំណូក ទាស់​នឹង​មនុស្ស​ឥត​មាន​ទោស
អ្នក​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ
អ្នក​នោះ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។