៥៨
ព្រះជាចៅក្រមនៅលើផែនដី
ពាក្យកាព្យរបស់ស្តេចដាវីឌ ដែលទ្រង់លើកតាមបទ «សូមកុំបំផ្លាញ» សំរាប់មេភ្លេង។
១ តើពិតជាអ្នករាល់គ្នាពោលសេចក្តីសុចរិត
ដោយនូវតែស្ងៀមដូច្នេះឬ
នែ មនុស្សជាតិអើយ តើអ្នករាល់គ្នាវិនិច្ឆ័យ
ដោយទៀងត្រង់ពិតឬ
២ មិនមែនទេ គឺនៅក្នុងចិត្តអ្នករាល់គ្នាប្រព្រឹត្តតែ
សេចក្តីអាក្រក់ទទេ
ហើយនៅក្នុងស្រុក នោះក៏ថ្លឹងឲ្យមានការច្រឡោត
ដែលដៃអ្នករាល់គ្នាធ្វើវិញ
៣ ឯពួកមនុស្សអាក្រក់ គេជាអ្នកដទៃ
តាំងតែពីពោះម្តាយមក
គេវង្វេង ហើយពោលសេចក្តីកំភូត
តាំងតែពីកើតមក
៤ ពិសរបស់គេ ដូចជាពិសនៃពស់
ដូចជាពស់វែកដំឡង់ ដែលបិទត្រចៀក
៥ ដែលមិនព្រមស្តាប់សំឡេងរបស់គ្រូអាយលម្ពាយ
ទោះបើចេះសូត្ររបៀនប្រសប់យ៉ាងណាក៏ដោយ
៦ ឱព្រះអង្គអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេ
ឱព្រះយេហូវ៉ាអើយ
សូមបំបាក់ចង្កូមនៃពួកសិង្ហស្ទាវ
៧ សូមឲ្យគេរលាយហូរទៅដូចជាទឹក
កាលណាគេដំរង់ព្រួញគេ
នោះសូមឲ្យព្រួញទាំងនោះ
បានដូចជាបាក់វិញ
៨ សូមឲ្យគេបានដូចជាខ្យងដែលរលាយបាត់ទៅ
ដូចជាកូនរលូតដែលមិនឃើញពន្លឺថ្ងៃឡើយ
៩ ឯមុនដែលរំកាច់ឧសបានប៉ះនឹងឆ្នាំង
នោះខ្យល់កួចនឹងផាត់យកទៅ ដោយទាំងឧសស្រស់
និងឧសដែលឆេះផង
១០ ឯមនុស្សសុចរិត គេនឹងមានសេចក្តីអំណរ
ដោយឃើញសេចក្តីសងសឹក
គេនឹងលាងជើងក្នុងឈាមនៃមនុស្សអាក្រក់
១១ បានជាមនុស្សនឹងថា ពិតប្រាកដជាមានរង្វាន់
ដល់មនុស្សសុចរិត
ពិតប្រាកដជាមានព្រះ១អង្គ
ដែលវិនិច្ឆ័យនៅផែនដីដែរ។