៦៩
ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់
ទំនុកស្តេចដាវីឌ ដែលទ្រង់លើក សំរាប់ឲ្យមេភ្លេងលេងតាមបទ «ផ្កាឈូក»។
១ ឱព្រះអង្គអើយ សូមជួយសង្គ្រោះទូលបង្គំ
ដ្បិតទឹកបានហូរចូល
ដល់ព្រលឹងនៃទូលបង្គំហើយ
២ ទូលបង្គំផុងចុះក្នុងល្បាប់ដ៏ជ្រៅ
ជាកន្លែងដែលគ្មានទីឈរសោះ
ទូលបង្គំបានមកដល់ក្នុងទីទឹកជ្រៅ
ហើយរលកក៏បោកគ្របលើទូលបង្គំ
៣ ទូលបង្គំល្វើយ ដោយការអំពាវនាវរបស់ទូលបង្គំ
បំពង់កនៃទូលបង្គំខះហើយ
ភ្នែកទូលបង្គំស្រវាំងទៅ
ដោយរង់ចាំមើលផ្លូវព្រះនៃទូលបង្គំ។
៤ ៙ ពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ
នោះមានច្រើនជាងសក់ក្បាលនៃទូលបង្គំទៅទៀត
អស់អ្នកដែលចង់បំផ្លាញទូលបង្គំ គឺជាពួកខ្មាំងសត្រូវ
នឹងទូលបង្គំដោយឥតរឿង គេមានកំឡាំងណាស់
គេចាប់ឲ្យទូលបង្គំសងរបស់ដែលទូលបង្គំ
មិនបានយកសោះ
៥ ឱព្រះអង្គអើយ ទ្រង់ជ្រាបសេចក្តីចំកួតរបស់ទូលបង្គំ
ឯអំពើបាបនៃទូលបង្គំក៏មិនបិទបាំងនឹងទ្រង់ដែរ។
៦ ៙ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃពួកពលបរិវារអើយ
សូមកុំឲ្យពួកអ្នកដែលពឹងពាក់ដល់ទ្រង់ត្រូវខ្មាស
ដោយព្រោះទូលបង្គំឡើយ
ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ
សូមកុំឲ្យពួកអ្នកដែលស្វែងរកទ្រង់បានត្រូវអាប់យស
ដោយព្រោះទូលបង្គំឲ្យសោះ
៧ ដ្បិតគឺដោយយល់ដល់ទ្រង់ហើយ
បានជាទូលបង្គំធន់ទ្រាំនឹងសេចក្តីត្មះតិះដៀល
ហើយសេចក្តីអៀនខ្មាសបានគ្របមុខទូលបង្គំផង
៨ ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃចំពោះបងប្អូនទូលបង្គំ
គឺដូចជាសាសន៍ក្រៅដល់ពួកអ្នកពោះ១នឹងទូលបង្គំ។
៩ ៙ ដ្បិតសេចក្តីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិន
ទូលបង្គំ
ឯសេចក្តីត្មះតិះដៀលទាំងប៉ុន្មានដែលគេដៀលដល់ទ្រង់
នោះបានធ្លាក់មកលើទូលបង្គំវិញ
១០ កាលទូលបង្គំបានយំ ហើយបញ្ឈឺចិត្ត ដោយតមអត់
នោះហើយជាហេតុឲ្យគេត្មះតិះដៀលដល់ទូលបង្គំ
១១ កាលណាទូលបង្គំយកសំពត់ធ្មៃទុកជាសំលៀកបំពាក់
នោះក៏ត្រឡប់ជាពាក្យប្រៀបផ្ទឹមរបស់គេវិញ
១២ ពួកអ្នកដែលអង្គុយនៅទីទ្វារក្រុង
គេនិយាយដើមពីទូលបង្គំ
ហើយទូលបង្គំជាទំនុកច្រៀងដល់ពួកប្រមឹកស្រា។
១៣ ៙ ប៉ុន្តែឯទូលបង្គំ ឱព្រះយេហូវ៉ាអើយ
សេចក្តីអធិស្ឋានរបស់ទូលបង្គំដំរង់ទៅឯទ្រង់
ក្នុងវេលាដែលទ្រង់សព្វព្រះហឫទ័យ
ឱព្រះអង្គអើយ សូមឆ្លើយតបមកទូលបង្គំ
ដោយសេចក្តីសង្គ្រោះដ៏ពិតរបស់ទ្រង់
តាមសេចក្តីសប្បុរសដ៏បរិបូររបស់ទ្រង់
១៤ សូមស្រង់ទូលបង្គំចេញពីល្បាប់
កុំឲ្យទូលបង្គំផុងចុះទៅឡើយ
សូមប្រោសឲ្យទូលបង្គំបានរួចពីពួកដែលស្អប់ទូលបង្គំ
ហើយពីទឹកជ្រៅផង
១៥ សូមកុំឲ្យទឹកជន់មកពន្លិចទូលបង្គំ
ឬឲ្យទីជំរៅលេបទូលបង្គំបាត់
ឬឲ្យរណ្តៅបិទមាត់ពីលើទូលបង្គំឡើយ។
១៦ ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំផង
ដ្បិតសេចក្តីសប្បុរសរបស់ទ្រង់ល្អណាស់ហើយ
សូមបែរមកឯទូលបង្គំ តាមសេចក្តីមេត្តាករុណា
ដ៏បរិបូររបស់ទ្រង់
១៧ សូមកុំលាក់ព្រះភក្ត្រនឹងអ្នកបំរើរបស់ទ្រង់ឡើយ
សូមឆ្លើយមកទូលបង្គំជាប្រញាប់ផង
ដ្បិតទូលបង្គំមានសេចក្តីវេទនាហើយ។
១៨ ៙ សូមទ្រង់ចូលមកជិត លោះព្រលឹងនៃទូលបង្គំ
សូមដោះទូលបង្គំឲ្យរួច ដោយព្រោះពួកខ្មាំងសត្រូវ
១៩ ទ្រង់ជ្រាបសេចក្តីដំនៀល សេចក្តីខ្មាស
និងសេចក្តីអាប់យសរបស់ទូលបង្គំហើយ
ពួកអ្នកដែលតតាំងនឹងទូលបង្គំសុទ្ធតែនៅចំពោះទ្រង់
គ្រប់ទាំងអស់
២០ សេចក្តីត្មះតិះដៀលបានញាំញីចិត្តទូលបង្គំ
ក៏មានសេចក្តីទំងន់សង្កត់នៅពេញក្នុងខ្លួនហើយ
ទូលបង្គំបានគន់រកអ្នកណាដែលនឹងអាណិតមេត្តា
តែឥតមាន១សោះ
ក៏ស្វែងរកអ្នកណាដែលនឹងកំសាន្តចិត្ត តែមិនឃើញ១ទេ
២១ គេបានឲ្យថ្នាំស្ពឹកមកទូលបង្គំសំរាប់ជាអាហារ
ហើយកាលទូលបង្គំស្រេក នោះគេយកទឹកខ្មេះមកឲ្យផឹក
២២ ៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេ
ហើយកាលណាគេមានសេចក្តីសុខ
នោះសូមឲ្យប្រែជាអង្គប់ដល់គេវិញ
២៣ សូមឲ្យភ្នែកគេងងឹតទៅ រហូតដល់មើលមិនឃើញ
ហើយឲ្យចង្កេះគេញ័រជានិច្ច
២៤ សូមចាក់សេចក្តីក្តៅក្រហាយរបស់ទ្រង់ទៅលើគេ
ហើយឲ្យសេចក្តីក្រោធដ៏សហ័សនៃទ្រង់តាមគេទាន់
២៥ សូមឲ្យលំនៅរបស់គេត្រូវចោលស្ងាត់
ឥតមានអ្នកណាអាស្រ័យនៅក្នុងត្រសាលគេឡើយ
២៦ ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នកដែលទ្រង់បានវាយហើយ
ក៏ថ្លែងពីសេចក្តីឈឺចាប់របស់ពួកអ្នកដែលទ្រង់បាន
ធ្វើឲ្យមានរបួសផង
២៧ សូមបន្ថែមទោសទៅលើទោសរបស់គេ
ហើយកុំឲ្យគេចូលមកក្នុងសេចក្តីសុចរិតរបស់ទ្រង់ឡើយ
២៨ សូមឲ្យគេបានលុបចេញពីបញ្ជីជីវិតទៅ
កុំឲ្យកត់នៅជាមួយនឹងពួកមនុស្សសុចរិតឡើយ។
២៩ ៙ ចំណែកទូលបង្គំមានសេចក្តីវេទនា ហើយឈឺចាប់
ឱព្រះអង្គអើយ សូមឲ្យសេចក្តីសង្គ្រោះរបស់ទ្រង់
មកលើទូលបង្គំឡើង ដាក់នៅទីខ្ពស់វិញ។
៣០ ៙ ទូលបង្គំនឹងច្រៀងទំនុកសរសើរ
ដល់ព្រះនាមរបស់ព្រះ
ហើយនឹងលើកដំកើងទ្រង់ដោយអរព្រះគុណ
៣១ យ៉ាងនោះ នឹងបានជាទីសព្វព្រះហឫទ័យ
ដល់ព្រះយេហូវ៉ា ជាជាងថ្វាយគោឈ្មោល១
គឺជាជាងគោឈ្មោលដែលថ្វាយទាំងស្នែង និងក្រចកផង
៣២ ពួកមនុស្សមានចិត្តរាបទាបបានឃើញ
ហើយក៏មានសេចក្តីអំណរ
អ្នករាល់គ្នាដែលស្វែងរកព្រះអើយ
ចូរឲ្យចិត្តអ្នករាល់គ្នាបានភ្ងារឡើង
៣៣ ពីព្រោះព្រះយេហូវ៉ាទ្រង់ប្រោសស្តាប់មនុស្សកំសត់ទុគ៌ត
ហើយមិនដែលមើលងាយដល់ពួកអ្នករបស់ទ្រង់
ដែលត្រូវគេចាប់ចងឡើយ។
៣៤ ចូរឲ្យផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ
ហើយសត្វទាំងប៉ុន្មាន ដែលរវើកនៅក្នុងនោះ
បានសរសើរដល់ទ្រង់ចុះ
៣៥ ពីព្រោះ ព្រះទ្រង់នឹងជួយសង្គ្រោះក្រុងស៊ីយ៉ូន
ហើយនឹងសង់អស់ទាំងទីក្រុងស្រុកយូដាឡើង
ដូច្នេះ គេនឹងអាស្រ័យនៅស្រុកនោះ
ហើយនឹងបានទុកជាកេរអាកររបស់គេ
៣៦ ពូជពង្សនៃពួកអ្នកបំរើទ្រង់ នឹងគ្រងបានទុកជាមរដក
ហើយអស់អ្នកដែលស្រឡាញ់ដល់ព្រះនាមទ្រង់
នឹងបានអាស្រ័យនៅក្នុងស្រុកនោះ។