៨២
ព្រះ​ជា​ចៅក្រម​ដ៏​ខ្ពង់ខ្ពស់​បំផុត
ទំនុក​របស់​អេសាភ។
១ ព្រះ​ទ្រង់​ឈរ​នៅ​ក្នុង​ពួក​ជំនុំ​ដ៏​ខ្លាំង​ពូកែ
គឺ​ទ្រង់​ដែល​វិនិច្ឆ័យ
នៅ​កណ្តាល​ពួក​អ្នក​មាន​អំណាច
២ តើ​ឯង​រាល់​គ្នា​នឹង​ជំនុំជំរះ​ដោយ​ទុច្ចរិត
ហើយ​យល់​មុខ​មនុស្ស​អាក្រក់​ដល់​កាល​ណា។ –បង្អង់
៣ ៙ ចូរ​ការពារ​ដល់​មនុស្ស​ក្រីក្រ និង​មនុស្ស​កំព្រា
ហើយ​កាត់​ក្តី​ដល់​មនុស្ស​វេទនា និង​មនុស្ស​កំសត់
ដោយ​យុត្តិធម៌​ចុះ
៤ ចូរ​ជួយ​សង្គ្រោះ​មនុស្ស​ក្រីក្រ និង​មនុស្ស​កំសត់​ទុគ៌ត​ដែរ
ត្រូវ​ជួយ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់
៥ គេ​មិន​ដឹង ក៏​មិន​យល់​សោះ
គេ​តែង​ដើរ​ទៅ​មក​ក្នុង​សេចក្តី​ងងឹត
អស់​ទាំង​ឫស​ផែនដី​ក៏​ត្រូវ​កក្រើក​រំពើក
៦ អញ​បាន​ពោល​ថា ឯង​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​មាន​អំណាច
ហើយ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុតទាំង​អស់​គ្នា
៧ ប៉ុន្តែ​ឯង​នឹង​ស្លាប់​ទៅ ដូច​ជា​មនុស្ស​ធម្មតា​ដែរ
គឺ​នឹង​ត្រូវ​ដួល​ដូច​ជា​មេ​ណា​មួយ
៨ ឱ​ព្រះអង្គ​អើយ សូម​ទ្រង់​ឈរ​ឡើង​ជំនុំជំរះ​ផែនដី​ចុះ
ដ្បិត​ទ្រង់​នឹង​បាន​អស់​ទាំង​នគរ​ទុក​ជា​មរដក។