៨៥
ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ សូមពង្រឹងយើងខ្ញុំឡើងវិញ
ទំនុករបស់កូនចៅកូរេ ដែលលើកសំរាប់មេភ្លេង។
១ ឱព្រះយេហូវ៉ាអើយ
ទ្រង់បានមេត្តាប្រោសដល់ស្រុកទ្រង់
ហើយបាននាំពួកយ៉ាកុបដែលជាឈ្លើយមកវិញ
២ ទ្រង់បានអត់ទោសចំពោះការទុច្ចរិតរបស់រាស្ត្រទ្រង់
ក៏បានគ្របបាំងអស់ទាំងបាបរបស់គេហើយ។ បង្អង់
៣ ៙ ទ្រង់បានដកសេចក្តីក្រោធនៃទ្រង់ចេញអស់ហើយ
ទ្រង់បានបែរចេញពីសេចក្តីខ្ញាល់ដ៏សហ័សរបស់ទ្រង់
៤ ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ
សូមបង្វិលយើងខ្ញុំមកវិញ
សូមទ្រង់លែងមានសេចក្តីគ្នាន់ក្នាញ់ចំពោះយើងខ្ញុំផង
៥ តើទ្រង់នឹងខ្ញាល់ចំពោះយើងខ្ញុំជាដរាបឬ
តើនឹងបន្លាយសេចក្តីខ្ញាល់ទ្រង់
ដរាបដល់គ្រប់ទាំងដំណតទៅឬអី
៦ តើទ្រង់មិនប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ
ដើម្បីឲ្យរាស្ត្ររបស់ទ្រង់បានរីករាយក្នុងទ្រង់ទេឬអី
៧ ឱព្រះយេហូវ៉ាអើយ សូមសំដែងសេចក្តីសប្បុរសរបស់
ទ្រង់ឲ្យយើងខ្ញុំឃើញ
ហើយប្រោសសេចក្តីសង្គ្រោះនៃទ្រង់ដល់យើងខ្ញុំផង។
៨ ៙ ខ្ញុំនឹងស្តាប់សេចក្តីដែលព្រះយេហូវ៉ាដ៏ជាព្រះ
ទ្រង់នឹងមានព្រះបន្ទូលមក
ដ្បិតទ្រង់នឹងមានព្រះបន្ទូលពីសេចក្តីសុខដល់រាស្ត្រទ្រង់
និងពួកអ្នកបរិសុទ្ធរបស់ទ្រង់
កុំឲ្យតែគេវិលត្រឡប់ទៅឯសេចក្តីចំកួតទៀតឡើយ
៩ ពិតប្រាកដជាសេចក្តីសង្គ្រោះរបស់ទ្រង់
នៅជិតនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់
ដើម្បីឲ្យមានសេចក្តីរុងរឿងនៅក្នុងស្រុករបស់យើង
១០ សេចក្តីសប្បុរស និងសេចក្តីពិតត្រង់ បានជួបគ្នា
សេចក្តីសុចរិត និងសេចក្តីមេត្រី បានថើបគ្នា
១១ សេចក្តីពិតត្រង់ពន្លកចេញពីដីមក
ហើយសេចក្តីសុចរិតក៏មើលពីលើស្ថានសួគ៌ដែរ
១២ អើ ព្រះយេហូវ៉ាទ្រង់នឹងប្រោសប្រទានសេចក្តីដ៏ល្អ
ហើយស្រុកយើងនឹងបង្កើតផលចំរើន
១៣ សេចក្តីសុចរិតនឹងដើរនៅចំពោះទ្រង់
ហើយនឹងដាក់យើងនៅក្នុងផ្លូវ តាមដានព្រះបាទទ្រង់