១២០
បទ​ចំរៀង​សំរាប់​ឡើង​ទៅ​ព្រះវិហារ។
ទំនុក​ច្រៀង​តាម​ថ្នាក់។
១ កាល​ខ្ញុំ​មាន​សេចក្តី​វេទនា
នោះ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា
ហើយ​ទ្រង់​បាន​តប​មក​ខ្ញុំ
២ ឱ​ព្រះយេហូវ៉ា​អើយ សូម​ជួយ​ព្រលឹង​ទូលបង្គំ
ឲ្យ​រួច​ពី​បបូរ​មាត់​ដ៏​កំភូត
ហើយ​ពី​អណ្តាត​ដែល​បញ្ឆោត
៣ ឱ​អណ្តាត​ដែល​បញ្ឆោត​អើយ តើ​ត្រូវ​ឲ្យ​អ្វី​ដល់​ឯង
តើ​ត្រូវ​ធ្វើ​អ្វី​ទៀត​ដល់​ឯង
៤ គឺ​ព្រួញ​មុត​របស់​មនុស្ស​ខ្លាំង​ពូកែ
និង​រងើក​ភ្លើង​ឈើ​ដង្កោ​ផង
៥ វេទនា​ដល់​ខ្ញុំ ព្រោះ​អាស្រ័យ​នៅ​ស្រុក​មែសេក
គឺ​ដែល​ខ្ញុំ​នៅ​កណ្តាល​ត្រសាល​នៃ​សាសន៍​កេដារ
៦ ជា​យូរ​មក​ហើយ ព្រលឹង​នៃ​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ពួក​អ្នក
ដែល​ស្អប់​សេចក្តី​សុខ
៧ ខ្ញុំ​ចូល​ចិត្ត​ខាង​សេចក្តី​សុខ តែ​កាល​ណា​ខ្ញុំ​ថា​ទៅ
នោះ​គេ​ចូល​ចិត្ត​តែ​ចង់​ច្បាំង​វិញ។