១៣៥
ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះ​ជា​ព្រះ​ដ៏​ឧត្តុង្គឧត្តម
១ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា
ចូរ​សរសើរ​ដល់​ព្រះនាម​ព្រះយេហូវ៉ា
ឱ​ពួក​អ្នក​បំរើ​របស់​ព្រះយេហូវ៉ា​អើយ ចូរ​សរសើរ​ទ្រង់​ចុះ
២ ពួក​អ្នក​រាល់​គ្នា​ដែល​ឈរ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា
គឺ​ក្នុង​ទី​ព្រះលាន​នៃ​ដំណាក់​របស់​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
៣ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា
ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ល្អ
ចូរ​ច្រៀង​សរសើរ​ដល់​ព្រះនាម​ទ្រង់ ដ្បិត​នោះ​ពីរោះ​ហើយ
៤ ព្រោះ​ព្រះយេហូវ៉ា​បាន​រើស​យ៉ាកុប ទុក​សំរាប់​ទ្រង់
គឺ​អ៊ីស្រាអែល ឲ្យ​បាន​ដាច់​ជា​របស់​ផង​ទ្រង់
៥ ពី​ព្រោះ​ខ្ញុំ​ដឹង​ថា ព្រះយេហូវ៉ា​ទ្រង់​ធំ
ហើយ​ថា ព្រះអម្ចាស់​នៃ​យើង​ខ្ញុំ
ទ្រង់​ខ្ពស់​លើស​ជាង​អស់​ទាំង​ព្រះ
៦ ការ​អ្វី​ក៏​ដោយ ដែល​ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ​ចង់​ធ្វើ
នោះ​ក៏​បាន​ធ្វើ​ទៅ ទាំង​នៅ​លើ​មេឃ នៅ​ផែនដី
នៅ​ក្នុង​សមុទ្រ
ហើយ​នៅ​ទី​ជំរៅ​ទាំង​ប៉ុន្មាន​ផង
៧ ទ្រង់​បណ្តាល​ឲ្យ​ចំហាយ​ទឹក​ឡើង​ពី​ចុង​ផែនដី​មក
ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លេកបន្ទោរ​សំរាប់​ភ្លៀង
ក៏​បញ្ចេញ​ខ្យល់​ពី​ឃ្លាំង​ទ្រង់​មក​ដែរ
៨ គឺ​ទ្រង់​ដែល​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង
របស់​សាសន៍​អេស៊ីព្ទ
ទាំង​មនុស្ស ហើយ​នឹង​សត្វ​ផង។
៩ ៙ ឱ​ស្រុក​អេស៊ីព្ទ​អើយ ទ្រង់​បាន​ចាត់​ប្រើ​ទី​សំគាល់
និង​ការ​អស្ចារ្យ ទៅ​កណ្តាល​ឯង​ហើយ
គឺ​ឲ្យ​កើត​ដល់​ផារ៉ោន និង​ពួក​មហាតលិក​ទាំង​អស់​គ្នា
១០ ទ្រង់​ក៏​បាន​ប្រហារ​សាសន៍​ដទៃ​ជា​ច្រើន
ព្រម​ទាំង​សំឡាប់​ស្តេច​ជា​ច្រើន​អង្គ
ដែល​មាន​អានុភាព​ខ្លាំង​ផង
១១ គឺ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី
និង​អុក ជា​ស្តេច​ស្រុក​បាសាន
ហើយ​អស់​ទាំង​នគរ​នៅ​ស្រុក​កាណាន​ទៀត
១២ ទ្រង់​ក៏​ប្រទាន​ស្រុក​របស់​គេ ទុក​ជា​មរដក
គឺ​ជា​មរដក​ដល់​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់។
១៣ ៙ ឱ​ព្រះយេហូវ៉ា​អើយ ព្រះនាម​ទ្រង់​ស្ថិតស្ថេរ
នៅ​ជា​ដរាប
ឱ​ព្រះយេហូវ៉ា​អើយ សេចក្តី​នឹក​ចាំ​ពី​ទ្រង់​ក៏​ស្ថិតស្ថេរ​នៅ
ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ
១៤ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​នឹង​វិនិច្ឆ័យ​រាស្ត្រ​ទ្រង់
ហើយ​នឹង​ប្រែ​ព្រះហឫទ័យ​ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់។
១៥ ៙ អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប
ធ្វើ​ពី​ប្រាក់ និង​មាស​ប៉ុណ្ណោះ
ជា​របស់​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​មក
១៦ រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ
មាន​ភ្នែក តែ​មើល​មិន​ឃើញ
១៧ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ
ក៏​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​មាត់​ផង
១៨ ពួក​ជាង​ដែល​ធ្វើ​រូប​ទាំង​នោះ​ក៏​ដូច​ជា​រូប​នោះ​ឯង
ព្រម​ទាំង​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​នោះ​ផង។
១៩ ៙ ឱ​ពូជពង្ស​អ៊ីស្រាអែល​អើយ ចូរ​សូម​ឲ្យ​ព្រះយេហូវ៉ា
បាន​ប្រកប​ដោយ​ព្រះពរ
ឱ​វង្ស​អើរ៉ុន​អើយ ចូរ​សូម​ឲ្យ​ព្រះយេហូវ៉ា
បាន​ប្រកប​ដោយ​ព្រះពរ
២០ ឱ​វង្ស​លេវី​អើយ ចូរ​សូម​ឲ្យ​ព្រះយេហូវ៉ា
បាន​ប្រកប​ដោយ​ព្រះពរ
ហើយ​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​អើយ
ចូរ​សូម​ឲ្យ​ព្រះយេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះពរ​ចុះ
២១ សូម​ឲ្យ​ព្រះយេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះពរ
ពី​ក្រុង​ស៊ីយ៉ូន​មក
ជា​ព្រះ​ដែល​ទ្រង់​គង់​នៅ​ក្រុង​យេរូសាឡិម
ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ។