១៣៧
យើង​ស្រណោះ​ក្រុង​ស៊ីយ៉ូន
១ យើង​បាន​អង្គុយ​ចុះ
នៅ​មាត់​ទន្លេ​ស្រុក​បាប៊ីឡូន
អើ យើង​បាន​យំ ដោយ​នឹក​រឭក​ដល់​ក្រុង​ស៊ីយ៉ូន
២ យើង​បាន​ពាក់​ព្យួរ​ស៊ុង​របស់​យើង​នៅ​ដើម​ចាក
នា​កណ្តាល​ស្រុក​នោះ
៣ ដ្បិត​នៅ​ទី​នោះ ពួក​អ្នក​ដែល​នាំ​យើង​ទៅ​ជា​ឈ្លើយ
គេ​បង្ខំ​ឲ្យ​យើង​ច្រៀង​បទ
គឺ​ពួក​អ្នក​ដែល​បំផ្លាញ​យើង
គេ​ឲ្យ​យើង​លេង ឲ្យ​គេ​បាន​បាន​អរ​សប្បាយ
ដោយ​ពាក្យ​ថា ចូរ​ច្រៀង​បទ​១​របស់​ក្រុង​ស៊ីយ៉ូន​មក
ឲ្យ​យើង​ស្តាប់​មើល
៤ តែ​យើង​នឹង​ច្រៀង​បទ​នៃ​ព្រះយេហូវ៉ា
នៅ​ក្នុង​ប្រទេស​ដទៃ​ដូច​ម្តេច​បាន
៥ ឱ​ក្រុង​យេរូសាឡិម​អើយ បើ​សិន​ជា​ខ្ញុំ​ភ្លេច​ឯង
នោះ​សូម​ឲ្យ​ដៃ​ស្តាំ​ខ្ញុំ​ភ្លេច​ថ្វីដៃ​ទៅ​ផង
៦ បើ​សិន​ជា​ខ្ញុំ​មិន​រឭក​ដល់​ឯង
គឺ​បើ​ខ្ញុំ​មិន​ចូល​ចិត្ត​នឹង​ក្រុង​យេរូសាឡិម
ជា​ជាង​សេចក្តី​អំណរ​យ៉ាង​សំខាន់​របស់​ខ្ញុំ
នោះ​សូម​ឲ្យ​អណ្តាត​ខ្ញុំ​ជាប់​នៅ​ក្រអូមមាត់​ចុះ
៧ ឱ​ព្រះយេហូវ៉ា​អើយ
សូម​ទ្រង់​នឹក​ចាំ​ពី​ពួក​ជនជាតិ​អេដំម​ថា
នៅ​ថ្ងៃ​លំបាក​នៃ​ក្រុង​យេរូសាឡិម នោះ​គេ​បាន​ស្រែក​ថា
ចូរ​រំលំ​វា ចូរ​រំលំ​វា​ទៅ រហូត​ដល់​ឫស​ជញ្ជាំង​ផង
៨ ឱ​កូន​ស្រី​នៃ​បាប៊ីឡូន​អើយ ឯង​នឹង​ត្រូវ​បំផ្លាញ​ហើយ
សប្បាយ​ហើយ អ្នក​ណា​ដែល​សង​ដល់​ឯង
តាម​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​នឹង​យើង
៩ សប្បាយ​ហើយ អ្នក​ណា​ដែល​នឹង​ចាប់​កូន​តូច​របស់​ឯង
ទៅ​បោក​នឹង​ថ្ម​ផង។