២
លិខិតផ្ញើជូនពួកជំនុំនៅក្រុងអេភេសូរ
១ ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្តាំ ហើយយាងនៅកណ្តាលជើងចង្កៀងមាសទាំង៧នោះ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា ២ អញស្គាល់អស់ទាំងការដែលឯងធ្វើ និងសេចក្តីនឿយហត់ ហើយសេចក្តីអត់ធ្មត់របស់ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវ័ក តែមិនមែនជាសាវ័កទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ ៣ ឯងបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ ៤ តែអញប្រកាន់សេចក្តីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្តីស្រឡាញ់ដើមចេញ ៥ ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ ពុំនោះសោត អញនឹងមកឯឯង ហើយនិងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ ៦ ប៉ុន្តែ ឯងមានសេចក្តី១នេះ គឺថា ឯងស្អប់ការរបស់ពួកនីកូឡាស ដែលអញក៏ស្អប់ដែរ ៧ អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអស់អ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ។
លិខិតផ្ញើជូនពួកជំនុំនៅក្រុងស្មឺន៉ាថា
៨ ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងស្មឺន៉ាថា ព្រះដ៏ជាដើម ហើយជាចុង ដែលបានសុគត រួចមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា ៩ អញស្គាល់សេចក្តីទុក្ខលំបាក និងសេចក្តីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ ក៏ស្គាល់សេចក្តីប្រមាថរបស់ពួកអ្នក ដែលហៅខ្លួនជាសាសន៍យូដាដែរ តែគេមិនមែនសាសន៍យូដាទេ គឺជាពួកជំនុំរបស់អារក្សសាតាំងវិញ ១០ កុំឲ្យឯងខ្លាចសេចក្តីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនាអស់១០ថ្ងៃ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង ១១ អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តីដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះសេចក្តីស្លាប់ទី២នឹងធ្វើទុក្ខដល់អ្នកនោះមិនបានឡើយ។
លិខិតផ្ញើជូនពួកជំនុំនៅក្រុងពើកាម៉ុស
១២ ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងពើកាម៉ុសថា ព្រះដែលមានដាវមុខ២ដ៏មុត ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា ១៣ អញស្គាល់ទីលំនៅរបស់ឯងហើយ គឺជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំងនោះ តែឯងកាន់ខ្ជាប់តាមឈ្មោះអញ ហើយមិនបានលះចោលសេចក្តីជំនឿដល់អញចេញឡើយ ទោះក្នុងគ្រាដែលគេបានសំឡាប់អាន់ទីប៉ាស ជាស្មរបន្ទាល់ស្មោះត្រង់របស់អញ នៅកណ្តាលពួកឯងរាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះផង ១៤ ប៉ុន្តែ អញប្រកាន់សេចក្តីខ្លះនេះនឹងឯង ពីព្រោះនៅទីនោះ ឯងមានអ្នកខ្លះ ដែលកាន់តាមសេចក្តីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខពួកជនជាតិអ៊ីស្រាអែល ដើម្បីនឹងនាំឲ្យគេបរិភោគដង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសេចក្តីកំផិតផង ១៥ ឯងក៏មានអ្នកខ្លះ ដែលកាន់តាមសេចក្តីបង្រៀនរបស់ពួកនីកូឡាសដែរ ១៦ ដូច្នេះ ចូរប្រែចិត្តចុះ ពុំនោះសោត អញនឹងមកឯឯងជាឆាប់ នោះអញនឹងយកដាវ ដែលនៅមាត់អញ ច្បាំងនឹងគេ ១៧ អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង ហើយនិងឲ្យគ្រួសស១ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ។
លិខិតផ្ញើជូនពួកជំនុំនៅក្រុងធាទេរ៉ា
១៨ ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងធាទេរ៉ាថា ព្រះរាជបុត្រានៃព្រះ ដែលមានព្រះនេត្រដូចជាអណ្តាតភ្លើង ហើយព្រះបាទដូចជាលង្ហិនរលីង ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា ១៩ អញស្គាល់ការដែលឯងធ្វើហើយ ព្រមទាំងសេចក្តីស្រឡាញ់ សេចក្តីជំនួយ សេចក្តីជំនឿ សេចក្តីអត់ធ្មត់របស់ឯងដែរ ហើយថា ការដែលឯងធ្វើជាន់ក្រោយ បានច្រើនលើសជាងជាន់មុនទៅទៀត ២០ តែអញប្រកាន់សេចក្តីខ្លះនឹងឯង ដ្បិតឯងបណ្តោយឲ្យស្ត្រី ឈ្មោះយេសិបិល ដែលហៅខ្លួនជាហោរា បានទៅបង្ហាត់បង្រៀន ហើយនាំពួកបាវបំរើរបស់អញ ឲ្យវង្វេងទៅប្រព្រឹត្តសេចក្តីកំផិត ហើយបរិភោគដង្វាយដែលថ្វាយទៅរូបព្រះផង ២១ អញបានឲ្យវាមានឱកាសនឹងប្រែចិត្ត ចេញពីការកំផិតរបស់វាដែរ តែវាមិនព្រម? សោះ ២២ មើលអញនឹងបោះវាទៅលើគ្រែ ហើយបោះពួកអ្នក ដែលប្រព្រឹត្តសេចក្តីកំផិតជាមួយនឹងវា ឲ្យទៅក្នុងសេចក្តីវេទនាជាខ្លាំង លើកតែគេប្រែចិត្តលះបង់ការ ដែលគេប្រព្រឹត្តនោះចេញ ២៣ ហើយអញនឹងសំឡាប់កូនចៅវាចោល នោះគ្រប់ទាំងពួកជំនុំនឹងដឹងថា គឺអញនេះហើយ ដែលស្ទង់មើលចិត្តនឹងថ្លើម រួចអញនឹងសងការដល់ឯងរាល់គ្នា តាមការដែលគ្រប់គ្នាបានប្រព្រឹត្ត ២៤ តែអញប្រាប់ដល់ឯងរាល់គ្នា ហើយដល់ពួកអ្នកឯទៀត នៅក្រុងធាទេរ៉ាដែរ គឺដល់ពួកអ្នកដែលមិនកាន់តាមសេចក្តីបង្រៀននោះ ក៏មិនស្គាល់សេចក្តីជំរៅរបស់អារក្សសាតាំង ដូចជាពាក្យដែលគេថានោះឡើយ តែអញៗ មិនផ្ទុកបន្ទុកអ្វីទៀតលើឯងរាល់គ្នាទេ ២៥ ប៉ុន្តែ សេចក្តីដែលឯងមាន នោះឲ្យកាន់ខ្ជាប់ ដរាបដល់អញមកចុះ ២៦ ឯអ្នកណាដែលឈ្នះ ហើយកាន់តាមការអញ ដរាបដល់ចុងបំផុត នោះអញនឹងឲ្យមានអំណាចលើពួកសាសន៍ដទៃ ២៧ អ្នកនោះនឹងឃ្វាលគេ ដោយដំបងដែក ដូចជាគេបំបែកភាជនៈដីឲ្យខ្ទេចខ្ទី តាមអំណាចដែលអញបានទទួលពីព្រះវរបិតាមក ២៨ អញនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ ២៩ អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ។