៥
ក្រាំងដែលមានបិទត្រាប្រាំពីរ និងកូនចៀមរបស់ព្រះ
១ ឯនៅព្រះហស្តស្តាំនៃព្រះអង្គ ដែលគង់លើបល្ល័ង្ក នោះខ្ញុំឃើញមានក្រំាង ដែលសរសេរទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងមានបិទត្រា៧ផង ២ រួចឃើញទេវតា១ដ៏ខ្លាំងពូកែ ប្រកាសសួរដោយសំឡេងយ៉ាងខ្លាំងថា តើអ្នកណាគួរនឹងបកត្រា ហើយបើកក្រាំងនោះ ៣ តែគ្មានអ្នកណានៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដី ដែលអាចនឹងបើកក្រាំងនោះបានឡើយ សូម្បីតែក្រឡេកមើលក៏ពុំបានផង ៤ នោះខ្ញុំយំជាខ្លាំង ដោយព្រោះគ្មានអ្នកណាគួរនឹងបើក ឬក្រឡេកមើលក្រាំងនោះទេ ៥ រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា កុំយំថ្វី មើលន៏ សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧ បើកក្រាំងនោះបាន។
៦ ខ្ញុំក្រឡេកទៅឃើញមានកូនចៀម១ ដែលមើលទៅដូចជាបានសំឡាប់ហើយ មានទាំងស្នែង៧ និងភ្នែក៧ កំពុងតែឈរនៅកណ្តាលបល្ល័ង្ក និងតួមានជីវិតទាំង៤ ហើយនៅកណ្តាលពួកចាស់ទុំទាំងប៉ុន្មាន ឯភ្នែកទាំងនោះ គឺជាវិញ្ញាណទាំង៧របស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី ៧ កូនចៀមនោះក៏មកយកក្រាំង ពីព្រះហស្តស្តាំរបស់ព្រះអង្គ ដែលគង់លើបល្ល័ង្កទៅ ៨ លុះបានយកក្រាំងទៅហើយ នោះតួមានជីវិតទាំង៤ និងពួកចាស់ទុំ២៤នាក់ ក៏ទំលាក់ខ្លួនក្រាបចុះនៅមុខកូនចៀម ទាំងកាន់ស៊ុង និងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូប នោះជាសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ ៩ ពួកទាំងនោះក៏ច្រៀងទំនុក១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ ១០ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី។
១១ នោះខ្ញុំឃើញ ហើយក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ព្រមទាំងតួមានជីវិត និងពួកចាស់ទុំផង ឯចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ហើយទាំងពាន់រាប់ជាពាន់ ១២ គ្រប់គ្នាក៏បន្លឺសំឡេងថា កូនចៀមដែលគេបានសំឡាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ ១៣ នោះខ្ញុំក៏ឮគ្រប់ទាំងអស់ ដែលមានជីវិត នៅស្ថានសួគ៌នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ ១៤ រួចតួមានជីវិតទាំង៤ក៏ទទួលថា អាម៉ែន ហើយពួកចាស់ទុំក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំ។