ប្រជារាស្ត្រ​របស់​ព្រះ
១ ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​៤​រូប ឈរ​នៅ​ជ្រុង​ផែនដី​ទាំង​៤ ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​៤​ទិស មិន​ឲ្យ​បក់​មក​លើ​ផែនដី ឬ​សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ ២ រួច​ខ្ញុំ​ឃើញ​ទេវតា​១​ទៀត ដែល​ឡើង​មក​ពី​ទិស​ថ្ងៃ​រះ មាន​ទាំង​ត្រា​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ទេវតា​នោះ​ក៏​បន្លឺ​សំឡេង​ទៅ​ទេវតា​ទាំង​៤​នោះ ដែល​មាន​អំណាច​នឹង​ធ្វើ​ទុក្ខ​ផែនដី ហើយ​និង​សមុទ្រ​ថា ៣ កុំ​ឲ្យ​ធ្វើ​ទុក្ខ​ផែនដី ឬ​សមុទ្រ ឬ​ដើម​ឈើ​ណា​ក្តី ទាល់​តែ​បោះ​ត្រា​នៅ​ត្រង់​ថ្ងាស​នៃ​ពួក​បាវ​បំរើ​របស់​ព្រះ​នៃ​យើង​សិន ៤ ខ្ញុំ​ក៏​ឮ​ចំនួន​ពួក​អ្នក​ដែល​បាន​បោះ​ត្រា​នោះ​ថា មាន​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​មក​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​ជនជាតិ​អ៊ីស្រាអែល ៥ គឺ​ពី​ពូជ​អំបូរ​យូដា បាន​បោះ​ត្រា​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​រូបេន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​អំបូរ​កាឌ់ មាន​១​ម៉ឺន​២​ពាន់​នាក់ ៦ ពី​ពូជ​អំបូរ​អេស៊ើរ មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​ណែបថាលី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​ម៉ាន៉ាសេ មាន​១​ម៉ឺន​២​ពាន់​នាក់ ៧ ពី​ពូជ​អំបូរ​ស៊ីម្មាន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​លេវី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​អ៊ីសាខារ មាន​១​ម៉ឺន​២​ពាន់​នាក់ ៨ ពី​ពូជ​អំបូរ​សាប់យូល៉ូន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​យ៉ូសែប មាន​១​ម៉ឺន​២​ពាន់​នាក់ ហើយ​ពី​ពូជ​អំបូរ​បេនយ៉ាមីន មាន​១​ម៉ឺន​២​ពាន់​នាក់ ដែល​បាន​បោះ​ត្រា។
ប្រជាជន​ដ៏​ច្រើន​កុះករ​នៅ​មុខ​បល្ល័ង្ក
៩ ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក និង​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​កាន់​ធាង​ចាក​នៅ​ដៃ ១០ គេ​បន្លឺ​សំឡេង​ថា សេចក្តី​សង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង ១១ រួច​អស់​ទាំង​ទេវតា​ដែល​ឈរ​នៅ​ជុំវិញ​បល្ល័ង្ក ព្រម​ទាំង​ពួក​ចាស់ទុំ និង​តួ​មាន​ជីវិត​ទាំង​៤ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​បល្ល័ង្ក ថ្វាយ​បង្គំ​ដល់​ព្រះ ១២ ទាំង​ទូល​ថា អាម៉ែន សូម​ថ្វាយ​ព្រះពរ សិរីល្អ បា្រជ្ញា ពាក្យ​អរ​ព្រះគុណ កិត្តិនាម ព្រះចេស្តា និង​ឥទ្ធិឫទ្ធិ ដល់​ព្រះ​នៃ​យើង​រាល់​គ្នា នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។
១៣ នោះ​ពួក​ចាស់ទុំ​ម្នាក់​សួរ​មក​ខ្ញុំ​ថា តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​នោះ​ជា​ពួក​ណា ហើយ​មក​ពី​ណា ១៤ ខ្ញុំ​ក៏​ឆ្លើយ​ទៅ​ថា លោក​ម្ចាស់​អើយ លោក​ជ្រាប​ហើយ រួច​អ្នក​នោះ​និយាយ​មក​ខ្ញុំ​ថា អ្នក​ទាំង​នោះ​ជា​ពួក​អ្នក ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក គេ​បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម ១៥ ហេតុ​នោះ​បាន​ជា​គេ​ស្ថិត​នៅ​ចំពោះ​បល្ល័ង្ក​ព្រះ ព្រម​ទាំង​បំរើ​ទ្រង់ នៅ​ក្នុង​ព្រះវិហារ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ ទ្រង់​នឹង​ធ្វើ​ជា​ត្រសាល​បាំង​ឲ្យ​គេ ១៦ គេ​នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​មក​លើ​គេ ឬ​ចំហាយ​ណា​ទៀត​ឡើយ ១៧ ពី​ព្រោះ​កូន​ចៀម​ដែល​នៅ​កណ្តាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ។