៩
១ ទេវតាទី៥ក៏ផ្លុំឡើង នោះខ្ញុំឃើញផ្កាយ១ធ្លាក់ចុះពីលើមេឃមកលើផែនដី មានគេឲ្យកូនសោទីជំរៅនៃជង្ហុកធំដល់ផ្កាយនោះ ២ ផ្កាយនោះក៏បើកទីជំរៅនៃជង្ហុកធំ រួចមានផ្សែងហុយឡើងពីទីនោះ ដូចជាផ្សែងពីគុកភ្លើងយ៉ាងធំ ហើយព្រះអាទិត្យ និងអាកាសក៏ងងឹត ដោយព្រោះផ្សែងដែលហុយពីទីនោះមក ៣ ក៏មានកណ្តូបជាច្រើនចេញពីផ្សែងមកលើផែនដី វាបានទទួលអំណាច ដូចអំណាចខ្យាដំរីដែលនៅផែនដី ៤ ហើយមានគេបង្គាប់ដល់វាថា កុំឲ្យបំផ្លាញស្មៅនៅផែនដី ឬរបស់ណាខ្ចី ឬដើមឈើណាឡើយ ត្រូវធ្វើទុក្ខដល់តែមនុស្សណា ដែលគ្មានត្រារបស់ព្រះនៅថ្ងាសវិញប៉ុណ្ណោះ ៥ ដែលវាបានទទួលអំណាចនោះ មិនមែននឹងសំឡាប់មនុស្សទេ គឺឲ្យបានគ្រាន់តែធ្វើទុក្ខក្នុងរវាង៥ខែវិញប៉ុណ្ណោះ ហើយដែលវាធ្វើទុក្ខនោះសោត ក៏បែបដូចជាខ្យាដំរីធ្វើទុក្ខ ក្នុងកាលដែលវាទិចមនុស្សដែរ ៦ នៅគ្រានោះ មនុស្សនឹងរកចង់បានសេចក្តីស្លាប់ ប៉ុន្តែមិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្តីស្លាប់នឹងរត់ចេញពីគេទៅ ៧ កណ្តូបទាំងនោះមើលទៅដូចជាសេះ ដែលរៀបនឹងចូលទៅច្បាំង នៅលើក្បាលវាមានដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមានមុខវាដូចជាមុខមនុស្ស ៨ ឯសក់វា នោះដូចជាសក់របស់ស្រីៗ ហើយធ្មេញវាដូចជាធ្មេញរបស់សត្វសិង្ហ ៩ វាពាក់អាវសឹក ដូចជាអាវសឹកដែក ហើយសូរស្លាបវា ឮដូចជាសូររទេះចំបាំង ដែលទឹមដោយសេះជាច្រើន បរជំរត់ទៅច្បាំង ១០ វាក៏មានកន្ទុយ ហើយនិងទ្រនិចដូចជាខ្យាដំរី ឯអំណាចវា ក៏នៅក្នុងកន្ទុយនោះ សំរាប់នឹងធ្វើទុក្ខដល់មនុស្ស អស់រវាង៥ខែ ១១ វាមានស្តេចត្រួតលើវាដែរ គឺជាទេវតានៃជង្ហុកធំ ដែលតាមភាសាហេព្រើរមានឈ្មោះហៅថា «អាបាដូន» តែតាមភាសាក្រេកហៅថា «អាប៉ុលីយ៉ូន»វិញ ១២ សេចក្តីវេទនាទី១បានកន្លងទៅហើយ មើល មានសេចក្តីវេទនា២យ៉ាង មកតាមក្រោយទៀត។
១៣ ទេវតាទី៦ក៏ផ្លុំឡើង នោះខ្ញុំឮសំឡេង១ ចេញពីស្នែងទាំង៤របស់អាសនាមាស ដែលនៅចំពោះព្រះ ១៤ ក៏និយាយទៅទេវតាទី៦ ដែលកាន់ត្រែថា ចូរស្រាយទេវតាទាំង៤ ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ជាធំទៅ ១៥ នោះក៏ស្រាយទេវតាទាំង៤ ដែលប្រុងប្រៀបសំរាប់ពេលកំណត់ថ្ងៃ ខែ និងឆ្នាំ ដើម្បីនឹងសំឡាប់មនុស្ស១ភាគក្នុង៣ចោល ១៦ ឯចំនួនពលសេះ នោះមាន២០កោដិ ខ្ញុំក៏ឮចំនួនពលទ័ពទាំងនោះ ១៧ ហើយក្នុងការជាក់ស្តែងនេះ ខ្ញុំឃើញសេះទាំងនោះ និងអ្នកដែលជិះដែរ គេមានពាក់អាវសឹកសម្បុរភ្លើង ស្វាយខ្ចី និងស្ពាន់ធ័រ ឯក្បាលសេះនោះដូចជាក្បាលសិង្ហ មានភ្លើង ផ្សែង ហើយស្ពាន់ធ័រដែលចេញពីមាត់វាមក ១៨ មនុស្សលោក១ភាគក្នុង៣បានស្លាប់ ដោយសេចក្តីទេវនាទាំង៣មុខនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រ ដែលចេញពីមាត់វាមកនោះឯង ១៩ ពីព្រោះអំណាចរបស់សេះទាំងនោះ គឺមាននៅក្នុងមាត់ និងក្នុងកន្ទុយវា ដ្បិតកន្ទុយវាដូចជាពស់ ដែលមានក្បាល ហើយវាក៏ធ្វើទុក្ខដោយសារកន្ទុយនោះ ២០ រីឯសំណល់មនុស្សដែលមិនបានស្លាប់ ដោយសារសេចក្តីវេទនាទាំងនោះ ក៏នៅតែមិនព្រមប្រែចិត្ត ចេញពីការដែលស្នាដៃគេធ្វើ ដើម្បីនឹងលះចោលការគោរពដល់អារក្ស និងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើក្តី ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះឡើយ ២១ ក៏មិនបានប្រែចិត្តចោលការកាប់សំឡាប់ មន្តអាគម កំផិត និងការលួចប្លន់ ដែលគេប្រព្រឹត្តផងដែរ។