១៥
ទេវតាប្រាំពីររូប និងគ្រោះកាចចុងក្រោយ
១ ខ្ញុំក៏ឃើញទីសំគាល់១ទៀត ដែលធំហើយអស្ចារ្យ នៅលើមេឃ គឺមានទេវតា៧ ដែលកាន់សេចក្តីវេទនាទាំង៧ក្រោយបង្អស់ ដ្បិតសេចក្តីឃោរឃៅរបស់ព្រះបានសំរេច ដោយសេចក្តីវេទនាទាំងនោះ។
២ រួចខ្ញុំមើលទៅឃើញដូចជាសមុទ្រកែវ លាយនឹងភ្លើង ហើយពួកអ្នកដែលបានឈ្នះសត្វនោះ និងរូបវា ហើយលេខឈ្មោះវាផង គេឈរលើសមុទ្រនោះ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា ៣ គេច្រៀងទំនុករបស់លោកម៉ូសេ ជាបាវបំរើនៃព្រះ និងទំនុករបស់កូនចៀមថា ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ ឱស្តេចនៃសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ ៤ ឱព្រះអម្ចាស់អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់ ដ្បិតមានតែទ្រង់១ដែលបរិសុទ្ធ គ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតការសុចរិតរបស់ទ្រង់ បានសំដែងមកឲ្យឃើញហើយ។ ៥ ក្រោយនោះ ខ្ញុំក្រឡេកទៅឃើញថា ទ្វារទីបរិសុទ្ធរបស់រោងឧបោសថនៃសេចក្តីបន្ទាល់នៅស្ថានសួគ៌ ក៏នៅចំហ ៦ ហើយទេវតា៧ដែលកាន់សេចក្តីវេទនាទាំង៧ ក៏ចេញពីព្រះវិហារមក ទាំងស្លៀកពាក់ជាសំពត់ទេសយ៉ាងស្អាត ហើយភ្លឺ មានទាំងខ្សែមាសរឹតនៅដើមទ្រូងផង ៧ តួមានជីវិត១ ក៏ឲ្យចានកន្ទោងមាស៧ទៅទេវតាទាំង៧ ដែលចានទាំងនោះពេញចានទៅដោយសេចក្តីឃោរឃៅរបស់ព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ៨ នោះព្រះវិហារមានពេញដោយផ្សែងពីសិរីល្អ ហើយពីព្រះចេស្តានៃព្រះ គ្មានអ្នកណាអាចនឹងចូលទៅក្នុងព្រះវិហារបានទេ ទាល់តែសេចក្តីវេទនាទាំង៧ របស់ទេវតា៧នោះបានសំរេចស្រេច។