សន្តិភាព​ជា​មួយ​ព្រះជាម្ចាស់
១ ដូច្នេះ ដែល​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ការ​ជឿ នោះ​ឈ្មោះ​ថា​យើង​បាន​មេត្រី​នឹង​ព្រះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ២ ក៏​ដោយសារ​ទ្រង់ យើង​មាន​ផ្លូវ​ចូល​ក្នុង​ព្រះគុណនេះ ជា​ទី​ដែល​យើង​កំពុង​ឈរ​នៅ​ដោយ​សេចក្តី​ជំនឿ ហើយ​យើង​អួត​ពី​សេចក្តី​សង្ឃឹម​ដល់​សិរីល្អ​នៃ​ព្រះ​ផង ៣ មិន​តែ​ប៉ុណ្ណោះ​សោត យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ ៤ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម ៥ ឯ​សេចក្តី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្តី​ខ្មាស​ឡើយ ពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ ៦ ដ្បិត​កាល​យើង​នៅ​ខ្សោយ​នៅ​ឡើយ លុះ​ដល់​កំណត់​ហើយ នោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​ទមិល​ល្មើស ៧ កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង ៨ តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង ៩ ដូច្នេះ ដែល​បាន​រាប់​ជា​សុចរិត ដោយសារ​ព្រះលោហិត​ទ្រង់ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​រួច​ចេញ​ពី​សេចក្តី​ក្រោធ ដោយសារ​ទ្រង់​ជា​មិន​ខាន​លើស​ទៅ​ទៀត ១០ ដ្បិត​កាល​យើង​ជា​ខ្មាំងសត្រូវ បើ​យើង​បាន​ជា​មេត្រី​នឹង​ព្រះ​វិញ​ទៅ​ហើយ ដោយ​ព្រះរាជបុត្រា​ទ្រង់​សុគត ដូចេ្នះ ដែល​យើង​បាន ជា​មេត្រី​ហើយ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​សង្គ្រោះ​ជា​មិន​ខាន​លើស​ទៅ​ទៀត ដោយ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ១១ ហើយ​មិន​តែ​ប៉ុណ្ណោះ​សោត យើង​ក៏​មាន​សេចក្តី​រីករាយ​ចំពោះ​ព្រះ​ផង ដោយ​នូវ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ដែល​ឥឡូវ​នេះ យើង​បាន​ជា​មេត្រី​ដោយសារ​ទ្រង់​ហើយ។
លោក​អ័ដាម និង​ព្រះគ្រីស្ទ
១២ ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ ដោយសារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្តី​ស្លាប់​ចូល​មក​ដែរ ដោយសារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​បាន​ឆ្លង​រាលដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ ១៣ (ព្រោះ​រមែង​មាន​បាប​នៅ​ក្នុង​លោកីយ៍ ដរាប​ដល់​ក្រឹត្យវិន័យ តែ​កាល​មិន​ទាន់​មាន​ក្រឹត្យវិន័យ​នៅ​ឡើយ នោះ​មិន​បាន​រាប់​ជា​ទោស​ដល់​គេ​ទេ ១៤ ប៉ុន្តែ​ចាប់​តាំង​ពី​លោក​អ័ដាម ដរាប​ដល់​លោក​ម៉ូសេ នោះ​សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ លើ​ទាំង​ពួក​អ្នក​ដែល​ធ្វើ​បាប មិន​មែន​ដូច​ជា​អំពើ​រំលង​របស់​លោក​អ័ដាម​ផង ដែល​លោក​ជា​គំរូ​ពី​ព្រះអង្គ​ដែល​ត្រូវ​យាង​មក ១៥ ប៉ុន្តែ ព្រះគុណ​មិន​មែន​ដូច​ជា​អំពើ​រំលង​នោះ​ទេ ដ្បិត​បើ​សិន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​តែ​ម្នាក់ នោះ​ប្រាកដ​ជា​ព្រះគុណ​នៃ​ព្រះ ហើយ​និង​អំណោយ​ទាន​នៃ​ព្រះគុណ​នោះ ដែល​មក​ដោយសារ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះយេស៊ូវគ្រីស្ទ នឹង​បាន​ចំរើន​លើស​ទៅ​ទៀត ដល់​មនុស្ស​ជា​ច្រើន​ដែរ ១៦ ហើយ​អំណោយ​ទាន​នោះ ក៏​មិន​មែន​ដូច​ជា​អំពើ​បាប ដែល​មនុស្ស​តែ​ម្នាក់​បាន​ធ្វើ​នោះ​ទៀត ដ្បិត​សេចក្តី​ជំនុំជំរះ ដែល​កើត​មក ដោយ​ព្រោះ​ម្នាក់​នោះ​ឯង នោះ​បាន​កាត់​ទោស​ហើយ តែ​ព្រះគុណ ដែល​កើត​មក​ដោយ​ព្រោះ​ការ​រំលង​ជា​ច្រើន នោះ​បាន​រាប់​យើង​ទុក​ជា​សុចរិត​វិញ ១៧ ដ្បិត បើ​សិន​ជា​សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ ដោយសារ​មនុស្ស​តែ​ម្នាក់ ដោយ​ព្រោះ​ម្នាក់​នោះ​ឯង​បាន​ប្រព្រឹត្ត​សេចក្តី​រំលង ដូច្នេះ ប្រាកដ​ជា​ពួក​អ្នក​ដែល​ទទួល​ព្រះគុណ​ដ៏​បរិបូរ និង​អំណោយ​ទាន​ជា​សេចក្តី​សុចរិត នោះ​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិតលើស​ទៅ​ទៀត ដោយសារ​តែ​ម្នាក់​ដែរ គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ) ១៨ ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោស ដោយ​ព្រោះ​អំពើ​រំលង​តែ​១ នោះ​មនុស្ស​ទាំង​អស់​ក៏​បាន​រាប់​ជា​សុចរិត​ឲ្យ​បាន​ជីវិត​វិញ ដោយសារ​អំពើ​សុចរិត​តែ​១​បែប​ដូច្នោះ​ដែរ ១៩ ដ្បិត​ដូច​ជា​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​មាន​បាប ដោយសារ​មនុស្ស​តែ​ម្នាក់ មិន​បាន​ស្តាប់​បង្គាប់​ជា​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយសារ​ម្នាក់​បាន​ស្តាប់​បង្គាប់​វិញ​យ៉ាង​នោះ​ដែរ ២០ តែ​ក្រឹត្យវិន័យ​បាន​ចូល​មក​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្តី​រំលង​នោះ​បាន​រឹត​តែ​ធ្ងន់​ឡើង ប៉ុន្តែ កន្លែង​ណា​ដែល​មាន​បាប​ចំរើន​ជា​បរិបូរ​ឡើង នោះ​ព្រះគុណ​ក៏​ចំរើន​ជា​បរិបូរ​លើស​ទៅ​ទៀត ២១ ដើម្បី​ឲ្យ​ព្រះគុណ​បាន​សោយ​រាជ្យ ដោយសារ​សេចក្តី​សុចរិត សំរាប់​ជា​ជីវិត​អស់​កល្ប​ជានិច្ច ដោយ​នូវ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ដូច​ជា​បាប​បាន​សោយ​រាជ្យ ឲ្យ​ត្រូវ​ស្លាប់​ពី​ដើម​នោះ​ដែរ។