៧
គ្រីស្ទបរិស័ទរួចផុតពីអំណាចរបស់ក្រឹត្យវិន័យ
១ ឱបងប្អូនអើយ តើអ្នករាល់គ្នាមិនដឹងទេឬអី ដ្បិតខ្ញុំនិយាយនឹងអ្នករាល់គ្នា ដែលស្គាល់ក្រឹត្យវិន័យហើយ ថាក្រឹត្យវិន័យមានអំណាចលើមនុស្ស ដរាបដល់អស់មួយជីវិត ២ ពីព្រោះស្ត្រីណាដែលមានប្តីនៅរស់ នោះជាប់នឹងប្តីដោយសារក្រឹត្យវិន័យ ប៉ុន្តែ បើកាលណាប្តីស្លាប់ទៅ នោះបានរួចពីច្បាប់របស់ប្តីហើយ ៣ ដូច្នេះ កាលប្តីកំពុងរស់នៅឡើយ បើស្ត្រីនោះទៅយកប្តី១ទៀត នោះគេសន្មតហៅថាជាស្រីកំផិត តែបើប្តីស្លាប់ទៅ នោះនាងបានរួចពីច្បាប់នោះហើយ បានជាទោះបើនាងយកប្តី១ទៀត ក៏មិនបានហៅថាជាស្រីកំផិតឡើយ ៤ យ៉ាងដូច្នោះ បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រឹត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ ៥ ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្តីរំជួលរបស់អំពើបាប ដែលកើតដោយនូវក្រឹត្យវិន័យ បានបណ្តាលឲ្យអស់ទាំងអវយវៈ ក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្តីស្លាប់ ៦ តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ។
ក្រឹត្យវិន័យពុំអាចរំដោះមនុស្សឲ្យរួចពីបាបឡើយ
៧ ដូច្នេះ យើងនឹងថាដូចម្តេច តើក្រឹត្យវិន័យជាតួបាបឬអី ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រឹត្យវិន័យចេញ ដ្បិតបើសិនជាក្រឹត្យវិន័យមិនបានថា «កុំឲ្យលោភ» នោះខ្ញុំឥតបានដឹងថា មានសេចក្តីលោភផងឡើយ ៨ តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្តីលោភ នៅក្នុងខ្លួនខ្ញុំវិញ ដ្បិតក្រៅពីក្រឹត្យវិន័យ អំពើបាបបានសាបសូន្យ ៩ តែពីដើម ក្រៅពីក្រឹត្យវិន័យ នោះខ្ញុំបានរស់នៅ លុះសេចក្តីបញ្ញត្តបានកើតមក នោះបាបក៏រស់ឡើង ឯខ្ញុំក៏ត្រូវស្លាប់វិញ ១០ ហើយខ្ញុំឃើញថា បញ្ញត្តនោះ ដែលសំរាប់ឲ្យមានជីវិត នោះបានឲ្យខ្ញុំត្រូវស្លាប់វិញ ១១ ដ្បិតដែលបាបបានឱកាស ដោយសារសេចក្តីបញ្ញត្ត នោះក៏មកបញ្ឆោតខ្ញុំ ព្រមទាំងសំឡាប់ខ្ញុំផង ដោយសារបញ្ញត្តនោះឯង ១២ ដូច្នេះ ក្រឹត្យវិន័យជាបរិសុទ្ធទេ ហើយសេចក្តីបញ្ញត្តក៏បរិសុទ្ធ សុចរិត ល្អដែរ ១៣ ចុះសេចក្តីល្អនេះ បានប្រែទៅជាឲ្យខ្ញុំស្លាប់ឬអី ទេ មិនមែនឡើយ គឺជាបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់ ដោយសារសេចក្តីល្អនោះ ដើម្បីឲ្យបាបបានសំដែងចេញមកថាជាបាបមែន ហើយឲ្យបាបបានត្រឡប់ទៅជាធ្ងន់ក្រៃលែង ដោយសារសេចក្តីបញ្ញត្តនោះផង។
មនុស្សដែលស្ថិតនៅក្រោមអំណាចរបស់បាប
១៤ ដ្បិតយើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំនៅខាងសាច់ឈាមវិញ ដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាប ១៥ ពីព្រោះខ្ញុំមិនដឹងការដែលខ្ញុំប្រព្រឹត្តទេ ដ្បិតខ្ញុំមិនធ្វើការដែលខ្ញុំចង់ធ្វើសោះ គឺតែងតែប្រព្រឹត្តការដែលខ្ញុំស្អប់វិញ ១៦ បើសិនជាខ្ញុំតែងតែប្រព្រឹត្តការ ដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រឹត្យវិន័យល្អមែន ១៧ ដូច្នេះ មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ ១៨ ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ ១៩ ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ ២០ ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ ២១ យ៉ាងនោះខ្ញុំឃើញច្បាប់១នេះថា ឯខ្ញុំ ដែលចង់ប្រព្រឹត្តតែសេចក្តីល្អ នោះចេះតែមានសេចក្តីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច ២២ ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រឹត្យវិន័យរបស់ព្រះ ២៣ តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង ២៤ វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន ២៥ អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ។